ព័ត៌មានជាតិ

ឧបករណ៍ដាំ គ្រាប់ស្រូវរបស់កម្ពុជា ទទួលបានពានរង្វាន់ កំពូលរបស់សហរដ្ឋអាមេរិក

ភ្នំពេញ៖ សហគ្រាសសង្គម កសិកម្មឈ្លាសវៃនៅក្នុងប្រទេសកម្ពុជា បានទទួលពានរង្វាន់កំពូលរបស់ រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលមានឈ្មោះថា ប៉ាតង់សម្រាប់មនុស្សជាតិ (Patents for Humanity) សម្រាប់ឧបករណ៍ ដាំគ្រាប់ស្រូវឈ្មោះ អ៊ីឡាយ ដែលអ៊ីឡាយនេះ គឺជាឧបករណ៍ ដាំគ្រាប់ស្រូវ ក្នុងការជួយដល់ កសិករកាត់បន្ថយគ្រាប់ពូជ ជួយបង្កើនទិន្នផល និងកាត់បន្ថយ កម្លាំងពលកម្ម។នេះបើយោងតាមAKP។

យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់សហគ្រាសសង្គម កសិកម្មឈ្លាសវៃ នៅប្រទេសកម្ពុជាបានឱ្យដឹងថា ពានរង្វាន់កិត្តិយសកំពូល របស់ការិយាល័យប៉ាតង់ (ប្រកាសនីយបត្រតក្កកម្ម) និងស្លាកសញ្ញារបស់ សហរដ្ឋអាមេរិកដែល ពានរង្វាន់នេះ នឹងត្រូវផ្តល់ជូន អ្នកកែច្នៃណា ដែលបានប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយភាពច្នៃប្រឌិត ក្នុងការដោះស្រាយបញ្ហា ប្រឈមនានារបស់មនុស្សជាតិ ។

ទន្ទឹមនេះ កសិកម្មឈ្លាសវៃ រួមជាមួយនឹង បេក្ខភាពចំនួនប្រាំបីផ្សេងទៀត (ដែលត្រូវបានជ្រើសចេញពីស្ថាប័នធំៗចំនួន៦៩ មកពីជុំវិញ ពិភពលោក) នឹងត្រូវទៅទទួលរង្វាន់នេះ នៅសហរដ្ឋអាមេរិក ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។សម្រាប់ឧបករណ៍ ដាំគ្រាប់ស្រូវអ៊ីឡាយនេះ ត្រូវបានភ្ជាប់ជាមួយ នឹងគោយន្ត ដៃនៅពេលដាំ ហើយឧបករណ៍នេះ ប្រើកម្លាំងខ្យល់ ដោយរុញគ្រាប់ពូជស្រូវចូល ទៅក្នុងដី ស្រែដែលមានទឹក ។

អ៊ីឡាយ ជួយកសិករក្នុងការកាត់បន្ថយ គ្រាប់ពូជស្រូវ ដោយប្រើក្នុង ចន្លោះពី៣០ ទៅ១០០គីឡូក្រាមតែប៉ុណ្ណោះ ក្នុងមួយហិកតា ខណៈតាមទម្លាប់កសិករប្រើគ្រាប់ ពូជស្រូវពី ២០០ ទៅ៣៥០គីឡូក្រាម ក្នុងមួយហិកតា។ លើសពីនេះទៀត ឧបករណ៍អ៊ីឡាយ ក៏អាចជួយបង្កើនទិន្នផល រហូតដល់២០ភាគរយ ហើយឧបករណ៍នេះ ក៏អាចជួយកាត់ បន្ថយ ការចំណាយលើជី និងថ្នាំកសិកម្មផងដែរ។ តាមរយៈការច្នៃប្រឌិត សម្រាប់ដំណាំស្រូវ ដាំដោយប្រើឧបករណ៍ អ៊ីឡាយ ដុះចេញជាជួរ អាចស្រូបយកពន្លឺព្រះអាទិត្យ បានច្រើន និងមាន ខ្យល់ចេញចូលបានល្អ ដែលអាចជួយក្នុងការ កាត់បន្ថយបញ្ហាជំងឺ និងកត្តាចង្រៃផ្សេងៗ បានផងដែរ ។

ក្រៅពីនេះ អ៊ីឡាយ ក៏ជួយដោះស្រាយបញ្ហា កង្វះកម្លាំងពលកម្មក្នុងការងារ កសិកម្ម ដោយប្រើពេលតែ៤៥នាទីប៉ុណ្ណោះ ក្នុងផ្ទៃដីស្រែមួយហិកតា រីឯការព្រួសដោយដៃ កសិករប្រើពេល ប្រហែលពីរម៉ោង និងចំណាយពេល រាប់សប្តាហ៍បើស្ទូងដោយដៃ ។

លោក សាន ប៊ុននីកា នាយកគ្រប់គ្រង កសិកម្មឈ្លាសវៃ ដែលបានស្រាវជ្រាវ និងដឹកនាំក្រុមការងារ ផលិតឧបករណ៍អ៊ីឡាយ បានលើកឡើងថា «ខ្ញុំពិតជាសប្បាយចិត្តណាស់ ពេលបានដឹងថាឧបករណ៍ អ៊ីឡាយ នេះ ទទួលបានពានរង្វាន់ ប្រកបដោយកិត្យានុភាព នេះហើយពេលខ្លះខ្ញុំសឹងតែ មិនជឿថាការទទួល ពានរង្វាន់នេះវាជារឿងពិត» ។

លោកបាន បញ្ជាក់ថា ការស្វែងរកកម្លាំងពលកម្ម ក្នុងការងារកសិកម្ម គឺជាការលំបាកមួយ រួមជាមួយនឹង តម្លៃឈ្នួលកាន់តែថ្លៃឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបានបន្ថែមទៀតថា “នេះជាភស្តុ តាងមួយបង្ហាញថា យើងជាខ្មែរក៏អាចធ្វើអ្វីៗបានដែរ ឱ្យតែមានឱកាស និងធនធាន។ ដូច្នេះ ពានរង្វាន់នេះ គឺជាសមិទ្ធផលមួយ របស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល”។ ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកម្ម កសិកម្មកម្ពុជា ហៅកាត់ថា កាវ៉ាក់ (CAVAC) បាននិងកំពុងជួយដល់កសិកម្ម ឈ្លាសវៃដើម្បី ផលិត និងផ្សព្វផ្សាយឧបករណ៍អ៊ីឡាយនេះ។ នេះគឺជាផ្នែកមួយ នៃកិច្ចខំប្រឹងប្រែង ដ៏ធំធេង របស់រដ្ឋាភិបាលអូស្រ្តាលី ដើម្បីជួយ វិស័យកសិកម្ម ប្រកបដោយភាពច្នៃប្រឌិត ផលិតភាព និងភាពធន់នឹងអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា ។

ជាមួយគ្នានេះដែរ វិទ្យាស្ថានស្រាវជ្រាវ ដំណាំស្រូវ អន្តរជាតិ ដែលហៅកាត់ថា អ៊ីរី (IRRI) នៅប្រទេសហ្វីលីពីន ក៏បាននិងកំពុងធ្វើការសាកល្បង និងបង្ហាញពីឧបករណ៍ អ៊ីឡាយ នៅក្នុងកន្លែងប្រមូលផ្តុំ បច្ចេកវិទ្យារបស់ខ្លួន នៅក្នុងប្រទេសហ្វីលីពីន។ អ៊ីរី សង្ឃឹមថា ឧបករណ៍អ៊ីឡាយនេះ នឹងទទួលបាន ការចាប់អារម្មណ៍ នៅក្នុងចំណោមបណ្តាប្រទេស នៅអាស៊ី និងបណ្តាប្រទេសផ្សេងៗទៀត ។

សូមបញ្ជាក់ថា សហគ្រាសសង្គម កសិកម្មឈ្លាសវៃ ជាផ្នែកមួយរបស់ Brooklyn Bridge to Cambodia (BB2C) ប្តេជ្ញាស្វែងរកនូវដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត សម្រាប់ជួយដល់កសិករ នៅក្នុងប្រទេសកម្ពុជា។ កសិកម្មឈ្លាសវៃ លក់ឧបករណ៍កសិកម្ម ផ្សេងៗទៀត ដែលត្រូវបានរៀបចំ រចនា និងផលិតនៅក្នុងប្រទេសកម្ពុជា រួមមាន ស្នប់បូមទឹក ប្រព័ន្ធស្រោចស្រព និងឧបករណ៍ដាំ គ្រាប់ស្រូវជាដើម ៕

Facebook Comments

To Top