ព័ត៌មានជាតិ

អតីត CNRP មានមោទកភាពដែល កីឡាករ-កីឡាការិនីខ្មែរ ទទួលមេដាយមាសជូនជាតិ

ភ្នំពេញ៖ ក្រោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា គណបក្សនយោបាយនានានឹងសម្តែងការអបអរ សាទរចំពោះជ័យលាភី ដែលបានខិតខំប្រកួត ដណ្ដើមបានមេដាយមាស លើកស្ទួយកិត្តិយសប្រទេសជាតិ លោក យែម បុញ្ញឬទ្ធិអតីតអ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ(CNRP) បានបង្ហាញពីមោទកភាពចំពោះកីឡាករ-កីឡាការិនី ឆ្នើមរបស់កម្ពុជាដែលបានទទួលជ័យលាភីមេដាយមាស លើវិញ្ញាសារកីឡាជឺជិតស៊ូ។

យោងតាមបណ្ដាញទំនាក់ទំនងហ្វេសប៊ុករបស់លោក យ៉ែម បុញ្ញឬទ្ធិ បានឲ្យដឹងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ថា“យើងជាខ្មែរមានមោទនភាព ដែលកើតមកជាខ្មែរ មានទឹកចិត្តស្រឡាញ់ជាតិមាតុភូមិ អារ្យធម៌ វប្បធម៌ខ្ពង់ខ្ពស់ឆើតឆាយ លើសកលលោក។ ភាពរុងរឿងនាសម័យមហានគរ មានជាតឹកតាងស្រាប់”។

អតីតអ្នកនាំពាក្យបន្តថា ការផ្សះផ្សាជាតិបានរៀបចំការកសាងសង្គមមួយក្រោយពីភ្លើងសង្គ្រាមហិនហោចខ្ទេចខ្ទី ដោយមហិច្ឆតាបុគ្គល ឬបរទេស រាប់ទសវត្សរ៍កន្លងមក តែកម្ពុជានឹងរឹងរឹតតែខ្លាំងថែមទៀត ដោយរួមគ្នាជ្រោងទង់ជាតិខ្មែរ ដែលគេនឹងទទួលស្គាល់ពីភាពវិជ្ជមាន តាមរយៈ វប្បធម៌ កីឡា រួមគ្នាកែលម្អ ភាពអសកម្ម ភាពអវិជ្ជមាន ដើម្បីប្រជាជាតិទាំងមូល។

សូមបញ្ជាក់ថា ការប្រកួតកីឡាអាស៊ី បានចាប់ផ្តើមធ្វើឡើង ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២ខែកញ្ញា ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ ហើយកម្ពុជា បានបញ្ជូនកីឡា១៣ប្រភេទ ទៅចូលរួមប្រកួត។ ក្នុងចំណោម ប្រភេទកីឡាទាំង១៣ប្រភេទនេះ កម្ពុជាដណ្ដើមបានមេដាយមាស២ និងសំរឹទ្ធ១ លើប្រភេទកីឡាម៉ូតូទឹក ដោយកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស១និងសំរឹទ្ធ១ និង កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាស១ លើវិញ្ញាសាកីឡាជឺជិតស៊ូ៕
ដោយ៖ ធី លីថូ

Facebook Comments

To Top