នយោបាយ

លោក សុខ ឥសាន៖ សម័យប្រជុំដំបូងសភា ជាថ្ងៃប្រវត្តិសាស្ត្រ របស់កម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានអះអាងថា ការបើកសម័យប្រជុំដំបូង នីតិកាលទី៦ រដ្ឋសភា គឺជាថ្ងៃដ៏ ប្រវត្តិសាស្ត្រសំខាន់មួយទៀត សម្រាប់ប្រទេសកម្ពុជា ។

លោក សុខ ឥសាន បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម មុននេះបន្តិចថា ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ គឺជាថ្ងៃប្រវត្តិសាស្ត្រ ដ៏មានសារៈសំខាន់ កម្ពុជាដែលរដ្ឋសភាបើកសម័យប្រជុំ ដំបូងរបស់ខ្លួន តាមកម្មវិធីដែលបានគ្រោងទុក ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត នៃសម្តេចព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដោយមានវត្តមាន ជាកិត្តិយសដ៏ឧត្តុង្គ ឧត្តមរបស់បណ្តាឯកអគ្គរដ្ឋទូត ដែលមានចំណង ទាក់ទងការទូតជាមួយកម្ពុជា និងមាននិវេសនដ្ឋាន នៅកម្ពុជាផងដែរ ។

លោកថា ប្រជុំដំបូងនៃរដ្ឋសភា បានដំណើរការតាមកម្មវិធី លំដាប់លំដោយជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់សម្តេច ហេង សំរិន ព្រឹទ្ធសមាជិកនៃរដ្ឋសភា និងមានតំណាងរាស្ត្រ ជាប់ឆ្នោត៥រូប ដែលមានអាយុតិចជាងគេ ជាលេខាធិការកត់ត្រា ។

តំណាងរាស្ត្រជាប់ឆ្នោតទាំង១២៥រូប ត្រូវបានប្រកាសសុពលភាព ដោយប្រធានអង្គប្រជុំ តាមសេចក្តីសម្រេចផ្លូវការរបស់ គ.ជ.ប ។

លោកបន្តថា បន្ទាប់មកអង្គប្រជុំ បានអនុម័តលើខ្លឹមសារ នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដោយសំឡេងឯកច្ឆន្ទ ។ នៅរសៀលថ្ងៃដដែលតំណាងរាស្ត្រ ទាំ១២៥រូប បានទៅធ្វើសច្ចា ប្រណិធានស្បថ នៅព្រះបរមរាជវាំង ចំពោះព្រះភក្រ្តព្រះមហាក្សត្រ និងសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ព្រះសង្ឃរាជទាំងពីរគណៈ ប្រកបដោយកិត្តិយសដ៏ឧត្តុង្គឧត្តម ខ្ពង់ខ្ពស់ក្រៃលែង ។

លោកគូសបញ្ជាក់ថា “ដំណើរការប្រជុំដំបូងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែល បានប្រព្រឹត្តទៅដោយ រលូនតាមកម្មវិធីគ្រោងទុកនេះ គឺជាជោគជ័យដ៏ត្រចះត្រចង់ ជាប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងពង្រឹងនីតិរដ្ឋ ដែលជាសិទ្ធិសម្រេ​ច ដ៏ពេញលេញ របស់ប្រជាជនកម្ពុជា ជាម្ចាស់ជោគវាសនា របស់ប្រទេសជាតិខ្លួន” ៕

To Top