អន្តរជាតិ

លោក មូន និងលោក ត្រាំ នឹងពិភាក្សាគ្នាស្តីពី ប្រទេសកូរ៉េខាងជើង នៅអង្គការសហប្រជាជាតិ ក្នុងខែនេះ

បរទេស៖ ការិយាល័យប្រធានាធិបតី កូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយថា លោកប្រធានាធិបតី កូរ៉េខាងត្បូង មូន ជេអ៊ីន និងប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ សង្ឃឹមថានឹងពិភាក្សាគ្នា ស្តីពីប្រទេសកូរ៉េខាងជើង នៅក្រៅមហាសន្និបាត អង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក នាខែនេះ។

ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា លោក មូន និងលោក ត្រាំ បាននិយាយគ្នា តាមទូរស័ព្ទរយៈពេល៥០នាទី នៅថ្ងៃអង្គារ គឺមួយថ្ងៃមុនប្រេសិតពិសេស របស់លោក មូន នឹងត្រូវធ្វើទស្សនកិច្ច ទីក្រុងព្យុងយ៉ាង ដើម្បីពិភាក្សាពីជំនួបកំពូលទី៣ នៅចុងខែនេះ រវាងមេដឹកនាំកូរ៉េខាងត្បូង និងមេដឹកនាំកូរ៉េខាងជើង ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យរបស់ប្រធានាធិបតី កូរ៉េខាងត្បូង បាននិយាយថា នៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទនោះ លោក មូន និងលោក ត្រាំ បានយល់ស្របគ្នា បង្កើតជំនួបគ្នាផ្ទាល់មួយ នៅក្រៅមហាសន្និបាត អង្គការសហប្រជាជាតិ និងធ្វើកិច្ចពិភាក្សាឲ្យស៊ីជម្រៅ លើយុទ្ធសាស្ត្រនិងវិធីសាស្ត្រ ធ្វើសហប្រតិបត្តិការ លើបញ្ហាឧបទ្វីបកូរ៉េ ៕

ដោយ៖ប៉ាង កុង

Facebook Comments

To Top