ព័ត៌មានជាតិ

លោក ឃួង ស្រេង ជំរុញមន្រ្តីជំនាពាក់ព័ន្ធ ផ្តល់សេវាសាធារណៈ ឱ្យបានល្អជូនពលរដ្ឋ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើដល់មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបំពេញការងារ ផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ។

លោក អភិបាលរាជធានីភ្នំពេញ បានជំរុញបែបនេះ នៅក្នុងកិច្ចប្រជុំ ស្តីពី ការផ្តល់សេវាកម្ម ជូនប្រជាពលរដ្ឋរស់នៅតាមបុរីក្នុងរាជធានីភ្នំពេញ ដែលបានធ្វើឡើង នៅរសៀលថ្ងៃទី៥ខែ កញ្ញានេះ នៅសាលា រាជធានីភ្នំពេញ ដោយមានការចូលរួមពី មន្រ្តីសូរិយោដី សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន គ្រប់ សង្កាត់។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា “ថ្ងៃនេះសាលារាជធានីភ្នំពេញ បានបើកយុទ្ធនាការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងរាជធានីទាំងមូល នូវ ឯកសារពាក់ព័ន្ធ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ពន្ធប្រថាប់ត្រា ការផ្ទេរផ្ទូរអចលនទ្រព្យ សម្រាប់ការគ្រប់គ្រង ការកាន់កាប់ លើអចលនទ្រព្យ ក៏ដូចជា ការគ្រប់គ្រង សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈជាដើម”។

លោក អភិបាល បញ្ជាក់ថា បន្ទាប់ពីប្រជាពលរដ្ឋ បានផ្តល់សេចក្តីទុកចិត្ត តាមរយៈការបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសបន្ត ក្នុងអាណត្តិទី៦ ហើយរដ្ឋសភា ក៏បានបើកកិច្ចប្រជុំ ជាលើកដំបូងរបស់ខ្លួន កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញានេះ ក្រោមព្រះរាជវត្តមាន របស់ព្រះមហាក្សត្រ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវបំពេញតួនាទីភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូន ពិសេសមន្រ្តីថ្នាក់ក្រោមជាតិ ឱ្យបានខ្ជាប់ខ្ជួន នឹងឆ្លើយតបឱ្យបានទាន់ពេល និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ទៅតាមសមត្ថកិច្ច និងភារកិច្ចរៀងៗខ្លួន។

លោកបញ្ជាក់ទៀតថា សម្រាប់និតិកាលទី៦ នៃរដ្ឋសភានេះ ត្រូវសំអាត នូវ អ្វីដែលជាភាពរាំងស្ទះ ឬ ចំណុចអវិជ្ជមាន ដែលបានកើតមានកាលពីកន្លងទៅ ដូចជាការធ្វើ អត្ថសញ្ញាណប័ណ្ណនិងប័ណ្ណផ្សេងៗ ដែលនៅសេសសល់ មិនទាន់បានបំពេញជូនពួកគាត់ ត្រូវតែរួមគ្នាបន្តយកចិត្តទុកដាក់ បំពេញឱ្យបានល្អ និងជាប្រចាំក្នុងមូលដ្ឋាន កុំឱ្យពលរដ្ឋមានការថ្នាំងថ្នាក់ ស្របតាមអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល បានដាក់ជូន គឺបំរើប្រជាជន ឱ្យអស់ពីសមត្ថភាព និងភាពស្មោះត្រង់ ។

លោក សារិន វណ្ណា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ បានលើកឡើងថា ក្រោពីទទួលបាននូវគោលការណ៍ច្បាស់លាស់ មន្រ្តីជំនាញបាន បំពេញនូវតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ទាំងសេវាសាធារណៈ និងការងារប្រមូលពន្ធ តាមរយៈគៀងគរ ប្រជាពលរដ្ឋឱ្យទៅបង់ពន្ធ ប្រថាប់ត្រានិងពន្ធនានា ដែលពាក់ព័ន្ធទៅនិងអចលនទ្រព្យ ។

លោក សារិន វណ្ណា បញ្ជាក់ថា មន្ទីរដែនដី បានធ្វើការគ្រប់វិស័យ ជាការងារអន្តរវិស័យ ក្នុងឋានៈជាអ្នកបំរើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់។ មកដល់ពេលនេះបានផ្តល់ ជូនប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ បានចំនួន១២៣៧ក្បាលដី ។

លោកបន្តទៀតថា ក្នុងចំណោមបុរី ទាំង១៨៩បុរី នៅក្នុងរាជធានីពេញ មន្ទីរបានជម្រុញ អោយធ្វើបណ្ណកម្មសិទ្ធិ បានមួយចំនួនហើយ នៅសល់មួយចំនួនទៀត មិនទាន់ធ្វើ ដូច្នេះត្រូវរួមគ្នាធ្វើ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងបង្កើតប្រាក់ចំណូល ពន្ធចូលរដ្ឋ ។

លោកស្នើឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ កំណត់ដែនដីរបស់ខ្លួន គ្រប់គ្រងអោយបានច្បាស់លាស់ រវាង ដីរបស់រដ្ឋ និងដីឯកជន ជៀសវាង ការធ្វើប្លង់រួចហើយនៅតែខុស ហើយធ្វើឱ្យប្រជាពលរដ្ឋ មានការខឹងសម្បារទៀតផង៕

ដោយ៖ ហង្ស ទេព

Facebook Comments

To Top