ព័ត៌មានជាតិ

រាជរដ្ឋាភិបាល គ្រោងដាក់​ចម្ការព្រៃ​ មេពូជឈើ​គ្រញូង​ ដ៏ធំក្នុងខេត្តសៀមរាប

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងរៀបចំ ដាក់ចម្ការព្រៃមេពូជ ឈើគ្រញូង ដ៏ធំនៅកម្ពុជា ដែលមានទីតាំង នៅខេត្តសៀមរាប ជាតំបន់ទេសចរណ៍ លំហែកាយធម្មជាតិ ខណៈដែល​តំបន់នេះ មាន​សក្កានុពល​ទេសចរណ៍ ​ដ៏សម្បូរបែប មាន​សត្វព្រៃ ដើមឈើគ្រញូងធំៗ និង​ផ្កាព្រៃជាច្រើនប្រភេទ ហើយគម្រោងនេះ និងរៀបចំឡើង ដោយក្រសួងកសិកម្ម សហការជាមួយ​ ក្រសួង​ទេសចរណ៍ ដែលមាន​ជំនួយ ឧបត្ថម្ភពីប្រទេសកូរ៉េ។ នេះបើយោងតាមAKP ។

លោក សេង លន នាយសង្កាត់រដ្ឋបាល ព្រៃឈើកន្ទួតខ្នារក្រៅ និងជាអ្នកទទួល​ខុស​ត្រូវ ការពារតំបន់ចម្ការព្រៃមេពូជ ឈើគ្រញូង បានឱ្យដឹងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នំា២០១៨ថា រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងដាក់ចម្ការព្រៃ មេពូជឈើគ្រញូង ដែលមានទំហំ ១.៨៨៨ហិកតា នៅភូមិខ្នាររង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជា​តំបន់ទេសចរណ៍ លំហែរកាយធម្មជាតិ។ ដោយសាររាជរដ្ឋាភិបាល មើលឃើញថាតំបន់នេះ មានសក្កានុពលទេសចរណ៍ ដ៏សម្បូរបែបមាន​សត្វព្រៃ ដើមឈើគ្រញូងធំៗ និង​ផ្កាព្រៃជាច្រើនប្រភេទ មានភាពបៃតងស្រស់ស្អាត ខ្យល់បរិសុទ្ធ ហើយគម្រោងនេះ នឹងរៀបចំឡើង ដោយក្រសួងកសិកម្ម និងក្រសួងទេសចរណ៍ ដែលមាន​ជំនួយឧបត្ថម្ភ​ពីប្រទេសកូរ៉េ ។

លោក សេង លន បានបញ្ជាក់ថា អ្វីដែល​ធ្វើ​ឱ្យភ្ញៀវទេសចរ មកដល់​តំបន់នេះកាន់តែ ​មា​ការពេញចិត្តនោះគឺភ្ញៀវទេសចរ អាចមើលឃើញសត្វព្រៃ ដោយផ្ទាល់ ឬអាច​មើ​តាមកាមេរ៉ា ដែលបានបំពាក់ នៅតាមគោលដៅ ដែលកន្លែងសត្វរស់នៅ។ ក្រៅពីនេះ​ភ្ញៀវទេសចរ​ បានដាំកូនឈើនៅក្នុង សួនអនុស្សាវរីយ៍ ដោយខាងមន្រ្តីរដ្ឋបាលព្រៃឈើ និងសរសេរឈ្មោះដាក់ នៅតាមដើមឈើដែលខ្លួនបានដាំ និងមានការថែរក្សា​យ៉ាង​ដិតដល់ ការជិះកង់ទស្សនាផ្កាព្រៃជាច្រើនប្រភេទ ដែលភ្ញៀវទេសចរបរទេស​មិនទាន់​ដែលធ្លាប់ឃើញ។ បច្ចុប្បន្ននេះ ក្រុមអ្នកជំនាញជនជាតិបារំាង និងកូរ៉េ​បាននិង​កំពុងចុះ​ធ្វើផែនទីការពារ និងផែនទីសម្រាប់វង្ស​ ទស្សនារបស់ភ្ញៀវទេសចរ​ផងដែរ។

លោកបានបន្តថា ក្រៅពីមេពូជឈើគ្រញូង និងឈើប្រណិត ដែលមានស្រាប់​នៅក្នុង ​ចម្ការព្រៃមេពូជឈើគ្រញូង មន្រ្តីរដ្ឋបាលព្រៃឈើ ក៏បានរៀបចំ​ផ្ទៃដី ក្នុងជំហាន​ដំបូង​ចំនួន៥ហិកតា សម្រាប់ឱ្យភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ ដែលចង់​ចូលរួមការពារ​ព្រៃឈើ ​មកដាំផងដែរ។ឥឡូវនេះកូនឈើគ្រញូង និងឈើប្រណិតមួយចំនួន​ ដែល​ភ្ញៀវទេសចរ ថ្នាក់ដឹកនំា និងប្រជាពលរដ្ឋ បានដាំនៅក្នុងចម្ការពូជចំនួន ៥ហិកតា និងចម្ការរុក្ខទិវាប្រមាណជា ៤០ហិកតា និងមានកូនឈើគ្រញូង ​រាប់ពាន់ដើម​ កន្ល ​មកនោះបានធំៗ ស្អាតហើយ ដែលអាចឱ្យភ្ញៀវទេសចរ​ មកទស្សនា​ប្រទេស ឈើ​ប្រណិតៗ​នេះបាន។ព្រោះថាប្រភេទឈើប្រណិតៗបែបនេះ នៅតំបន់ផ្សេងមិនសូវមាន​ច្រើនដូចនៅទីនេះទេ ។

លោក សេង លន សង្ឃឹមថា ការប្រែក្លាយតំបន់នេះ ជាកន្លែងទេសចរណ៍ ជាផ្នែកមួយនៃ​ការចូលរួម ការពារដើមឈើគ្រញូង ដែលជាប្រភេទឈើដ៏កម្រ នៅក្នុងប្រទេសកម្ពុជា និងទទួលប្រជាយោជន៍ ពីវាវិញតាមរយៈវិស័យទេសចរណ៍។ ជាមួយគ្នានេះ លោកក៏បាន​អំពាវនាវ​ ឱ្យភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​មក​ទស្សនា តំបន់នេះ​ឱ្យបាន​ច្រើន ព្រោះថា អ្នកមកកាន់តំបន់ទេសចរណ៍នេះ ក៏អាចបន្តទៅកាន់តំបន់ ទេសចរណ៍​​ផ្សេងៗ នៅជិត​គ្នាបានផងដែរ ដូចជា រមណីយដ្ឋានទេសចរណ៍ ក្បាលស្ពាន, បា្រសាទបន្ទាយស្រី, ភ្នំគូលែន, និងសហគមន៍ទេស ចរណ៍ជាច្រើនទៀតនៅក្នុងស្រុកបន្ទាយស្រី ៕

Facebook Comments

To Top