អន្តរជាតិ

យូអិននិយាយថាលោក ពូទីន និងលោក អ៊ីដូហ្គេន ត្រូវតែជៀសវាងការបង្ហូរឈាម ស៊ីរីក្នុងខេត្ត Idlib

បរទេស៖ ប្រេសិតប្រចាំស៊ីរីរបស់អង្គការសហប្រជាជាតិ លោក Staffan de Mistura បាននិយាយថាប្រទេសស៊ីរីអាចនឹងគ្មានសមរភូមិបង្ហូរឈាមខ្លាំងបំផុត ប្រសិនបើប្រធានាធិបតីរុស្ស៊ីនិងតួកគី ពិភាក្សាគ្នាជាបន្ទាន់ ស្តីពីការដោះស្រាយស្ថានភាពក្នុងតំបន់ Idlib ដែលពួកឧទ្ទាមកាន់កាប់។

លោក De Mistura បានប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សាគ្នាដែលកំពុងតែប្រព្រឹត្តទៅ រវាងរុស្ស៊ីនិងតួកគីប្រការសំខាន់ត្រូវជៀសវាង ការវាយប្រហារទៅលើតំបន់ ប៉ុន្តែការវាយប្រហារតាមអាកាសដែលគេរាយការណ៍ចំនួន៦ នៅថ្ងៃអង្គារសប្ដាហ៍នេះ បង្ហាញឲ្យឃើញថា កិច្ចពិភាក្សានៅទីក្រុងអង់ការ៉ា មិនកំពុងដំណើរការល្អនោះទេ។

សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា រដ្ឋាភិបាលស៊ីរី អាចនឹងរង់ចាំរហូតដល់ថ្ងៃទី១០ ខែកញ្ញា មុនពេលធ្វើការវាយប្រហារ ដោយធ្វើឲ្យជំនួបកំពូលក្នុងទីក្រុងតេអេរ៉ង នៅថ្ងៃសុក្រ មានសារៈសំខាន់។

ប៉ុន្តែលោក De Mistura បានអំពាវនាវឲ្យប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីតួកគី លោក តាយីប អ៊ីដូហ្គេនធ្វើកិច្ចពិភាក្សាគ្នា តាមទូរស័ព្ទ នៅមុនពេលនោះ ដោយលោកនិយាយថា ពេលវេលាមានសារៈសំខាន់៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top