ព័ត៌មានជាតិ

យុវជនកម្ពុជាទទួលបាន មេដាយឆ្នើម លើជំនាញចុងភៅ ក្នុងការប្រកួតជំនាញ អាស៊ាននៅថៃ

ភ្នំពេញ៖ គួរឲ្យមោទនៈយុវជន ជំនាញចុងភៅ ឈ្មោះ ឡាំ រិទ្ធី ជាសិស្សមកពីសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាប ទទួលបានជ័យជំនះមេដាយឆ្នើម (Medallion for Excellence) ក្នុងចំនោមបេក្ខជន ២០រូបមកពី ១០ប្រទេស និងទទួលបានជាបេក្ខជន មានពិន្ទុខ្ពស់ជាងគេ របស់កម្ពុជា (Best of Nation) នាឱកាសកម្មវិធី ប្រកួតជំនាញ អាស៊ានលើកទី១២ (12th ASEAN Skills Competition) ។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថាក្រសួងទេសចរណ៍ បានចូលរួមដឹកនាំ យុវជនកម្ពុជាចំនួន ៤រូប ជំនាញសេវាកម្មភោជនីយដ្ឋាន ២រូប និងជំនាញចុងភៅ ២រូប ចូលរួមប្រកួតជំនាញ អាស៊ានលើកទី ១២ ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ។ ការប្រកួតជំនាញអាស៊ាននេះ ប្រព្រឹត្តទៅរៀងរាល់ ២ឆ្នាំម្តង ក្នុងគោលបំណងដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈ និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់អាស៊ាន សំដៅអភិវឌ្ឍធនធានមនុស្ស និងជំនាញវិជ្ជាជីវៈ ស្របតាមតម្រូវការ ទីផ្សារការងារ និងការប្រែប្រួលនូវបច្ចេកវិទ្យា ក្នុងយុគ្គសម័យបដិវត្ត ឧស្សាហកម្ម ៤.០ ។

សូមរំលឹកផងដែរថា កន្លងមកក្រសួងទេសចរណ៍កម្ពុជា បានបញ្ជូនយុវជនកម្ពុជា ចូលរួមប្រកួតជំនាញ អាស៊ានចំនួន ៣លើក ដោយទទួលបាន លទ្ធផលដូចខាងក្រោម៖
១. ឆ្នាំ២០១២៖ ប្រកួតជំនាញអាស៊ានលើកទី៩ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ទទួលបានមេដាយឆ្នើម (Medallion of Excellence) ១រូប លើជំនាញចុងភៅ សិស្សមកពីសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច ប៉េ អេស អឺ។

២. ឆ្នាំ២០១៤៖ ប្រកួតជំនាញអាស៊ានលើកទី១០ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ទទួលបានមេដាយឆ្នើម (Medallion of Excellence) ២រូប លើជំនាញចុងភៅ សិស្សមកពីសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច ប៉េ អេស អឺ និងសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយ ប្រ៊ូល ខេត្តសៀមរាប។

៣. ឆ្នាំ២០១៦៖ ប្រកួតជំនាញអាស៊ានលើកទី១១ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទទួលបានមេដាយឆ្នើម (Medallion of Excellence) ២រូប លើជំនាញសេវាកម្មភោជនីយដ្ឋាន សិស្សមកពីសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច ប៉េ អេស អឺ។

សមិទ្ធផលខាងលើនេះ ជាកិច្ចខិត្តខំប្រឹងប្រែង ក្នុងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ស្របតាមផែនការយុទ្ធសាស្ត្រ ដែលបានដាក់ចុះ សំដៅសម្រេច នូវចក្ខុវិស័យដូចខាងក្រោម៖

-ឆ្នាំ២០២០: ក្រសួងទេសចរណ៍និងភាគីពាក់ព័ន្ធ ត្រូវសហការចូលរួមបង្កើតការងារផ្ទាល់ ឲ្យបានប្រមាណ ១លាននាក់ ហើយត្រូវជំរុញឲ្យអ្នកជំនាញយ៉ាងតិច ៥០% ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ានតាមរយៈការបណ្តុះបណ្តាល ឬការវាយតម្លៃសមត្ថភាព។

-ឆ្នាំ២០២៥: ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធត្រូវសហការចូលរួមបង្កើតការងារផ្ទាល់ឲ្យបានប្រមាណ ១,២លាននាក់ និងត្រូវសម្រេចឲ្យបានយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ” ពោលគឺជំរុញឲ្យអ្នកជំនាញទេសចរណ៍ទាំងអស់ (១០០%) ឲ្យមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន។

-ឆ្នាំ២០៣០:ក្រសួងទេសចរណ៍និងភាគីពាក់ព័ន្ធត្រូវសហការចូលរួមសម្រេចឲ្យបានគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព SDG4: “ធានាឲ្យបាននូវការអប់រំបណ្តុះបណ្តាល ប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត (Long Life Learning) ដល់ជនគ្រប់រូប” និង SDG8: “ជំរុញកំណើនសេដ្ឋកិច្ច និងការងារសមរម្យដល់ជនគ្រប់រូប” ក្នុងវិស័យទេសចរណ៍កម្ពុជា តាមរយៈការអភិវឌ្ឍមូលធនមនុស្ស ក្រោមបរិបទជាតិ និងតំបន់ ៕

Facebook Comments

To Top