ព័ត៌មានជាតិ

មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ ចុះអង្កេត រកទំនិញ ខូចគុណភាព នៅផ្សារក្រវ៉ា,តែរកមិន ឃើញ

កំពង់ធំ ៖ មន្រ្តីសាខាកាំកុងត្រូល ខេត្តកំពង់ធំ  នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានសហការជាមួយ​មន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះពិនិត្យ ផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅផ្សារក្រវ៉ា ស្ថិតក្នុងឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

មន្រ្តីសាខាកាំកុងត្រូល ខេត្តកំពង់ធំ បានថ្លែងថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំង លក់នៅក្នុងផ្សារក្រវ៉ារួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមី ហាមឃាត់នៅក្នុង ផលិតផល ម្ហូបអាហារ ទាំងនោះឡើយ។ ចំពោះការពិនិត្យមើលលើ ផលិតផលគ្រឿងកំប៉ុង ដប និងផលិតផលវិចខ្ចប់រួច ក្រុមការងារក៏រកមិនឃើញផលិតផលណាមួយខូចគុណភាព រឺ ហួសកាលបរិច្ឆេទដែរ  ។

មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងបន្តថា នេះជាការយកចិត្តទុកដាក់របស់​អាជីវករ ក៏ដូច ជាប្រ​ជា​ពលរដ្ឋ ដែលមា​នការយល់ដឹងខ្ពស់ ពីសុវត្ថិភាព​ម្ហូបអាហារ ។

ទន្ទឹមនឹងការចុះត្រួតពិនិត្យគុណភាពទំនិញ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងណែនាំដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីរបៀប នៃការដាក់ តាំងលក់ផលិតផល ចំណីអាហារ ឲ្យនៅដាច់ពីគ្នា ពីថ្នាំសម្លាប់សត្វល្អិត និងកសិកម្មនិងរបៀប នៃការជ្រើសរើសផលិតផលម្ហូប អាហារ មានសុវត្ថិភាព ដល់ការបរិភោគជាដើម ។

មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ ក៏បានធ្វើការណែនាំ ដល់អាជីវករលក់ដូរទាំងអស់ អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញឲ្យបានត្រឹមត្រូវ ស្របទៅតាមយថា ប្រភេទនៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់តេរីផ្សេងៗផងដែរ និងបានសំណូមពរដល់អាជីវករនៅក្នុងផ្សារ ក្រវ៉ា និងតាមបណ្តាផ្ទះលក់ទំនិញទាំងអស់ឲ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទនៃ ទំនិញ និងហាមដាក់តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទ ប្រើប្រាស់នេះផងដែរ។

គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា អាជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីករាយ នឹងគាំទ្រ ចំពោះសកម្មភាព​ របស់មន្ត្រីកាំកុងត្រូល ដែលតែង តែចុះពិនិត្យទំនិញផ្សេងៗ ដើម្បីការពារសុវត្ថិភាពម្ហូប​អាហារ ក៏ដូចជាការពារសុខភាព របស់ពួកគាត់ផងដែរ៕

ដោយ៖ ផូ ហុង

To Top