ព័ត៌មានជាតិ

មន្រ្តីកាំកុងត្រូល ខេត្តស្វាយរៀង រកឃើញចាហ៊ួយ នាំចូលពីប្រទេសវៀតណាម សង្ស័យដាក់ជាតិប្លាស្ទិក ៣៧.៥គីឡូ នៅផ្សាប្រសូត្រ ស្រុកស្វាយទាប

ស្វាយរៀង ៖ លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យទំនិញបន្លែផ្លែឈើ នៅទីតាំងផ្សារប្រសូត្រ ស្រុកស្វាយទាប និងផ្សារជីភូក្រុងបាវិត ក្នុងនោះបាន រកឃើញចាហ៊ួយសង្ស័យ ដាក់ជាតិប្លាស្ទិកចំនួន១៥កាឡ ស្មើនិង៣៧.៥គីឡូក្រាម និងទំនិញខូចគុណភាពជាច្រើនមុខទៀត ដែលដាក់តាំងលក់នៅផ្សារប្រសូត្រ ស្រុកស្វាយទាបនិងផ្សារជីភូ ក្រុងបាវិត ខេត្តស្វាយរៀង ហើយបានដកហូត យកទៅពិសោធន៍និងដុតកម្ទេចចោល។

លោក ផឹង និល បានថ្លែងថា ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកកាំកុងត្រូល ក្នុងនោះកាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញ បានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាព ម្ហូបអាហារ ជូនប្រជាពលរដ្ឋ និងលើកកម្ពស់សុខុមាភាពដល់ពួកគាត់ ព្រោះវាមានសារសំខាន់ណាស់ ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ហើយការទទួលខុសត្រូវ លើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបង នៃភាពរស់រាននៃជីវិត។

លោកបានបញ្ជាក់ទៀតថា មន្ត្រីជំនាញ​បានធ្វើការ ចុះពិនិត្យមុខទំនិញជាច្រើនមុខ ក្នុងទីតាំងផ្សាប្រសូត្រនិងផ្សារជីភូ នាពេលនេះ បានរកឃើញចាហ៊ួយចំនួន១៥កាឡ ស្មើនិង៣៧.៥គីឡូ ព្រោះប្រភេទចាហ៊ួយនេះ នាំចូលពីប្រទេសជិតខាង វាមានជាតិរឹងស្វិត ដែលបង្ករអោយប៉ះពាល់ដល់ក្រពះ ពោះវៀនយ៉ាងធ្ងន់ធ្ងរ ខណៈដែលយើងបានបរិភោគវា ជាពិសេសនោះក្មេងៗតូច ពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ ហើយក្នុងនោះ ក៏បានរកឃើញទំនិញ ហួសកាលបរិច្ឆេតមួយ ចំនួនទៀតផងដែរ មន្ត្រីជំនាញបានធ្វើតេស្ត ទៅលើមុខទំនិញជាច្រើនមុខ មានដូចជាបន្លែ ផ្លែឈើ ផ្អក ប្រហុក ជ្រក់ សណ្តែកបណ្តុះ ឈាមគោ។ល។ ប៉ុន្តែពុំមិនបានរកឃើញ ផ្ទុកសារធាតុគីមីនោះទេ ចំណែកអ្នកលក់​ក៏បានយល់ព្រម បញ្ឈប់ការដាក់លក់ទំ​និញ ដែលខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់នោះ​ បានយល់ដឹង នូវផលប៉ះ​ពាល់ដល់​សុខភាព នៅពេលដែលប្រើប្រាស់ ទំ​និញដែលខូចគុណភាព។

លោក ផឹង និល ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្ន ចំពោះការបរិភោគ ចំណីអាហារ ត្រូវពិនិត្យមើល​ស្លាកសញ្ញាកាលបរិច្ឆេទ​ ឲ្យបានច្បាស់លាស់ មុន​ទិញយកទៅបរិភោគ ដើម្បីចូលរួម លើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះ​ពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្ត ស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀត ជាពិសេសជិតរដូវបុណ្យភ្ជុំបិណ្យខាងមុខនេះ៕ ដោយ៖យាង ដានុត

Facebook Comments

To Top