នយោបាយ

មន្ត្រីរាជរដ្ឋាភិបាល៖ ទូតមិនចូលរួមប្រជុំសភាដំបូង ជារឿងរបស់គេ ព្រោះគ្មានតួនាទីផ្លូវច្បាប់ក្នុងសភា

ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការ គណៈរដ្ឋមន្ត្រី និងជាមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល បានលើកឡើងថា បណ្ដាទូតមួយចំនួន ដែលមិនចូលរួមក្នុងការ បើកសម័យប្រជុំរដ្ឋសភា នីតិកាលទី៦ ជាលើកដំបូង ជារឿងរបស់ទូតទាំងនោះ ព្រោះពួកគាត់គ្រាន់តែភ្ញៀវកិត្តិយស ជាពិសេសគ្មានមុខនាទី ឬភារកិច្ចក្នុងសភាឡើយ ។

លោក ផៃ ស៊ីផាន លើកឡើងបែបនេះ បន្ទាប់ពីមានអង្គទូតចំនួន៩ អវត្តមានក្នុងពិធី បើកកិច្ចប្រជុំលើកដំបូង នៃរដ្ឋសភាអាណត្តិទី៦ ក្នុងចំណោមបណ្តាអង្គទូត ទាំង៣១ប្រចាំកម្ពុជា ខណៈអង្គទូតចំនួន២២ មានវត្តមាន ។ បណ្តាអង្គទូតដែលអវត្តមានទាំង ៩ នោះរួមមាន៖ អាមេរិក កាណាដា អូស្រ្តាលី បារាំង អាឡឺម៉ង់ អង់គ្លេស ស៊ុយអេត សហគមន៍អឺរុប និងប៊ុលហ្គារី ។

លោក ផៃ ស៊ីផាន បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ថា ជាគោលការណ៍ផ្នែករដ្ឋបាល នៃរដ្ឋសភាតែងតែធ្វើសំបុត្រអញ្ជើញ ដើម្បីចូលរួមក្នុងនាម ប្រទេសជាមិត្ត និងជាភ្ញៀវកិត្តិយស តាមរយៈមន្ត្រីស្ថានទូតដែលមក នៅកម្ពុជា ។

លោកបន្តថា មិនមានច្បាប់ណា ដែលបង្គាប់ភ្ញៀវជាបណ្ដាអង្គទូត ទាំងអស់នៅកម្ពុជា ត្រូវតែចូលរួមក្នុងសម័យប្រជុំសភាដំបូងទេ ។ ចំពោះទូតដែលចូលរួម គ្រាន់តែក្នុងនាមជា ភ្ញៀវកិត្តិយសប៉ុណ្ណោះទេ មិនមានទម្ងន់ទៅលើច្បាប់ទម្លាប់ ឬភាពស្របច្បាប់នៃការ បើកសម័យប្រជុំដំបូងនោះទេ ។

មន្ត្រីជាន់ខ្ពស់រូបនេះបញ្ជាក់ថា “ចឹងហើយគ្រាន់តែយើង សូមសម្ដែងការគួរសម ការអបអរនឹងភ្ញៀវអន្តរជាតិ ដែលលោកមកចូលរួម នៅក្នុងពិធីដ៏ឧត្ដុង្គឧត្ដម វិសេសវិសាល នៃការបើកដំណើរ ការសភាអាណត្តិទី៦ ហើយអ្នកដែលមិនបានមក អាហ្នឹងជារឿងរបស់អ្នកមិនបានមក ត្បិតអីគេទាំងអស់ហ្នឹង គ្រាន់តែជាភ្ញៀវកិត្តិយស មិនមាននិន្នាការ នៅក្នុងរឿងនយោបាយ ឬមិនមាននិន្នាការនៅ ក្នុងការងារច្បាប់ទេ” ។

លោកបន្ថែមថា ស្ថានទូតទាំងអស់នោះ ស្ថិតនៅស្រុកខ្មែរ គឺតំណាងឲ្យកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ដូច្នេះការងារចាប់ពីថ្ងៃ៦ កញ្ញា អគ្គរដ្ឋទូតទាំងអស់ ត្រូវតែមកសម្ដែងការគួរសម ជាមួយនាយករដ្ឋមន្ត្រី ដើម្បីធានាបានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ល្អរវាងប្រទេសជាមិត្ត ។

ពាក់ព័ន្ធនឹងទូតដែលមិនចូលរួម ប្រជុំសភាដំបូងនេះ លោកគូសបញ្ជាក់ថា លោកមិនឲ្យតម្លៃដល់ទូតទាំងនោះ ក្នុងការបង្ហាញពីភាពមិនស្របច្បាប់ មកលើរដ្ឋសភាកម្ពុជា ជាពិសេសប្រសិនបើ មើលទៅងាររបស់ទូតទាំងនោះ មិនស្មើនិងអនុរដ្ឋលេខាធិការ នៅកម្ពុជាផង ។

លោកបញ្ជាក់បន្ថែមថា អ្នកដែលខ្ពស់បំផុត នៅពេលផ្ដល់សុពលភាព គឺព្រះមហាក្សត្រកម្ពុជា ក្នុងន័យព្រះរាជអធិបតីភាព របស់កម្ពុជា ៕

ដោយ៖ ខា ដា

Facebook Comments

To Top