ព័ត៌មានជាតិ

ព្រះមហាក្សត្រ៖ រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងបន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពពលរដ្ឋ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានមានជំនឿយ៉ាងម៉ុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ថ្មី ដែលនឹងទទួលបានការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋ ។

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានថ្លែងព្រះរាជសារក្នុងសម័យ ប្រជុំជាលើកដំបូង នៅថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០១៨ថា “ខ្ញុំមានជំនឿយ៉ាងម៉ុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ថ្មី ដែលនឹងទទួលបានការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជម្រុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋ បន្តការអភិវឌ្ឍនិងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាព គ្របដណ្ដប់ប្រជាពលរដ្ឋគ្រប់រូប និងអភិរក្ស អភិវឌ្ឍន៍វប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាព ដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានិងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុម នៃសង្គមជាតិ “។

ទ្រង់មានព្រះរាជបន្ទូលបន្តថា ដើម្បីសម្រេចបានភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាពខ្ពស់ ដោយឈរលើស្មារតី បង្រួបបង្រួមជាតិ និងប្រកាន់ភ្ជាប់នូវព្រហ្មវិហារធម៌៤គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា ។

ក្នុងឱកាសនោះដែរ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក៏សូមប្រសិទ្ធពរជ័យ ដល់រដ្ឋសភានីតិកាលទី៦ មានដំណើរការល្អនិងអនុវត្តតួនាទី របស់ខ្លួនប្រកបដោយមនសិការ ទទួលខុសត្រូវ ដើម្បីទទួលបានជោគជ័យថ្មីៗ ថែមទៀត ជាឧត្តមប្រយោជន៍រួម ជូនជាតិមាតុភូមិ និងប្រជាជាតិទាំងមូលផងដែរ។

សូមរំលឹកថា ចាប់តាំងពីពេល ដែលរដ្ឋសភាបានចាប់បដិសន្ធិជាថ្មី ឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល២៥ឆ្នាំកន្លងមកហើយ កម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍគ្រប់វិស័យ ដែលធ្វើឲ្យប្រជាពលរដ្ឋបានរស់នៅ ប្រកបដោយក្ដីសង្ឃឹម និងសុខក្សេមក្សាន្ត៕ ដោយ ធី លីថូ

Facebook Comments

To Top