អន្តរជាតិ

ប្រតិភូកូរ៉េខាងត្បូង​ ចាកចេញទៅកូរ៉េខាងជើង​ ដើម្បីពិភាក្សាពិស្ដារ កិច្ចប្រជុំកំពូលមេដឹកនាំទាំងពីរ​ លើកទី៣

សេអ៊ូល៖​ ក្រុមបេសកជន កូរ៉េខាងត្បូងមួយក្រុម​ បានចាកចេញទៅក្រុងព្យុងយ៉ាង​ ដោយយន្តហោះនៅថ្ងៃពុធនេះ​ ដើម្បីស្វែងរកព័ត៌មានលម្អិត នៃជំនួបកំពូលអន្តរកូរ៉េ​ បន្ទាប់ដែលគ្រោង នឹងធ្វើឡើងនៅខែនេះ​ នៅក្នុងរដ្ឋធានីកូរ៉េខាងជើង​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ក្យូដូជប៉ុ​ន នៅថ្ងៃទី៥ ខែកញ្ញា​ ឆ្នាំ២០១៨។

គណៈប្រតិភូ ៥រូបដឹកនាំដោយលោក Chung Eui Yong ទីប្រឹក្សាសន្តិសុខកំពូលរបស់ លោកប្រធានាធិបតី មូន​ ជេអ៊ីន​ បានចាកចេញពីព្រលានយន្តហោះ យោធាជិតទីក្រុងសេអ៊ូល​ ពួកគេនឹងហោះហើរដោយផ្ទាល់ ទៅកូរ៉េខាងជើងនៅ លើសមុទ្រលឿង ។

បេសកជនកូរ៉េខាងត្បូង​ នឹងពិភាក្សាគ្នាអំពីប្រធានបទដូចជា​ កាលវិភាគជាក់ស្តែង​ សម្រាប់កិច្ចប្រជុំ​បន្ទាប់​ វិធីដើម្បីធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងអន្តរកូរ៉េ​ ការរំសាយអាវុធនុយក្លេអ៊ែរ នៃឧបទ្វីបកូរ៉េ​ និងគោលដៅរបស់កូរ៉េទាំងពីរ​ ដើម្បីឈានដល់ ដំណោះស្រាយសន្តិភាព​ ៕

ដោយ៖​ ឈូក​ បូរ៉ា

Facebook Comments

To Top