X

ចិនចង់ដំឡើង រោងចក្រផលិតផលិតផល បម្រើក្នុងការងារកសិកម្ម នៅកម្ពុជា

ក្រុមហ៊ុនកសិកម្មរបស់ចិន ចង់ដំឡើងរោងចក្រ ផលិតផលិតផល បម្រើក្នុងការងារកសិកម្មនៅ កម្ពុជា ដើម្បីបំពេញតម្រូវការ ប្រជាកសិករនៅក្នុងស្រុក។នេះបើយោងតាមAKP។

ក្នុងពិព័រណ៍កសិកម្ម បសុសត្វ និងនេសាទ នៅ៥ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ លោក Leo Liu អគ្គនាយកក្រុមហ៊ុន GreenKem បានលើកឡើងថា កម្ពុជាជាប្រទេសកសិកម្ម ដូច្នេះការដំឡើងរោងចក្រ នៅក្នុងទីផ្សារកម្ពុជា ដោយផ្ទាល់ នឹងកាន់តែអាចចូលរួម បំពេញបាននូវតម្រូវការ ប្រជាកសិករ បានឆាប់រហ័ស ក្នុងតម្លៃទាប ផងដែរ។

លោកបន្តថា បន្ទាប់ពីដំឡើងរោងចក្រ ផលិតផលិតការពារ រុក្ខជាតិកសិកម្ម ហើយ នោះ ក្រុមហ៊ុន ក៏យកកម្ពុជា ជាប្រទេសផលិត ដើម្បីចែកចាយទៅកាន់ទីផ្សារនៃ ប្រទេសជិត ខាង ដូចជាប្រទេសវៀតណាម ឡាវ និងប្រទេសមីយ៉ាន់ម៉ា ជាដើម ដោយសារកម្ពុជា មាន ទីតាំងអំណោយផលច្រើនក្នុងការវិនិយោគ ព្រោះរដ្ឋាភិបាលកម្ពុជា បានចេញនូវគោល ការណ៍លើកទឹកចិត្តច្រើន សម្រាប់វិនិយោគិនបរទេស។

លោកបានបន្ថែមថា ផលិតផល របស់ក្រុមហ៊ុន GreenKem ដែលកំពុងមានវត្តមាន ក្នុងទីផ្សារកម្ពុជា នាពេលនេះមាន៩ប្រភេទ ដែលកំពុងត្រូវបានចែកចាយ ទៅដល់ប្រជាកសិករ តាមបណ្ដាលខេត្តផ្សេងៗ រួមជា មួយនឹងវគ្គបណ្ដុះបណ្ដាល ក្នុងការប្រើប្រាស់ថ្នាំ ការពារដំណាំកសិកម្មនេះ ឱ្យចំគោលដៅ និងទទួលបានទិន្នផលខ្ពស់ផងដែរ ។

លោក គិត សេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា វិស័យកសិកម្មដើរតួនាទី យ៉ាងសំខាន់ ក្នុងសេដ្ឋកិច្ចកម្ពុជា ដែលបានចូលរួមចំណែក ប្រមាណ២៥ភាគរយ នៃផលិតផលក្នុងស្រុក សរុបរបស់ប្រទេសកម្ពុជា ហើយបើគិតពីការនាំចេញ ផលិតផលកសិកម្ម សរុបបានកើនឡើងដល់ ៥.១៣លាន តោននៅឆ្នាំ២០១៧ ។

លោក បានបន្ដថា នៅឆ្នាំ២០៣០ វិស័យកសិកម្មកម្ពុជា នឹងឆ្ពោះទៅ រកការធ្វើទំនើប កម្មកសិកម្ម មានលក្ខណៈប្រកួតប្រជែងទីផ្សារ និងមាននិរន្តរភាព ដើម្បីរួម ចំណែកក្នុងការ ធានាបាននូវសន្តិសុខស្បៀង សុវត្ថិភាពអាហារូបត្ថម្ភ សម្រាប់ សុខុមាលភាព នៃប្រជាជន កម្ពុជា។

គួរបញ្ជាក់ថា ការរៀបចំពិព័រណ៍ AGRI CAMBODIA 2018 គឺជាពិព័រណ៍ពាណិជ្ជកម្ម ធំជាងគេបង្អស់នៅកម្ពុជា ដែលបង្ហាញពីឧបករណ៍ គ្រឿងម៉ាស៊ីន និងផលិតផលបច្ចេកវិទ្យា ថ្មីៗ បំផុតក្នុងវិស័យ កសិកម្មដូចជាគ្រាប់ពូជ គ្រាប់ធញ្ញជាតិបន្លែ រុក្ខជាតិ សារធាតុគីមី និង ផលិតផលកាពាររុក្ខជាតិជាដើម ដែរមានស្ដង់ចូលរួមតាំង បង្ហាញប្រមាណ៦០ និងផលិតផល ប្រមាណ៥០០ម៉ាក ៕

Facebook Comments