អន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខ យូអិន នឹងពិភាក្សាបញ្ហាខេត្ត Idlib របស់ស៊ីរី នៅថ្ងៃសុក្រ

បរទេស៖ ដោយព្រមានរដ្ឋាភិបាលស៊ីរី មិនឲ្យប្រើអាវុធគីមី នៅមុនប្រតិបត្តិការវាយលុកយោធា ដែលគេរំពឹង នៅខេត្ត Idlib លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការ សហប្រជាជាតិ បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នឹងបើកិច្ចប្រជុំមួយ នៅថ្ងៃសុក្រ ស្តីពីស្ថានភាពនៅខេត្ត Idlib។

យោងតាមអង្គការឃ្លាំមើល សិទ្ធិមនុស្សស៊ីរី និងប្រភពពីក្រុមឧទ្ទាម បានឲ្យដឹងថា យន្តហោះចម្បាំងរុស្ស៊ី និងស៊ីរី បានធ្វើការវាយប្រហារតំបន់ នៅជាយខាងលិចនៃទីក្រុង Idlib ដែលជាទីឈរជើង ដ៏ធំចុងក្រោយរបស់ពួកឧទ្ទាម កាលពីថ្ងៃអង្គារ ហើយរដ្ឋមន្ត្រីរបស់ រដ្ឋាភិបាលស៊ីរី ក៏បាននិយាយផងដែរថា ការឡោមព័ទ្ធទីក្រុង Idlib ប្រហែលជានឹងត្រូវ ដោះស្រាយដោយកម្លាំង ។

ដោយពោលសំដៅ ដល់រដ្ឋាភិបាល នៃប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ ក៏ដូចជាសម្ពន្ធមិត្តរបស់ស៊ីរី គឺរុស្ស៊ីនិងអ៊ីរ៉ង់នោះ លោកស្រី Haley បានថ្លែងនៅសន្និសីទ កាសែតមួយថា “នេះគឺជាស្ថានភាព ប្រកបដោយសោកនាដកម្មមួយ ហើយប្រសិនបើពួកគេ ចង់បន្តធ្វើដំណើរលើ ផ្លូវឆ្ពោះទៅកាន់កាប់ ប្រទេសស៊ីរី ពួកគេអាចនឹងធ្វើបែបនោះ” ៕

លោកស្រីបានបន្ថែមទៀតថា “ប៉ុន្តែពួកគេមិនអាចធ្វើវា ដោយអាវុធគីមីបានទេ គឺពួកគេមិនអាចធ្វើវា ដោយរំលោភបំពាន លើប្រជាជនរបស់ខ្លួន ហើយយើងនឹងមិនព្រមចុះចាញ់ សម្រាប់រឿងបែបនោះឡើយ”៕

ដោយ៖ប៉ាង កុង

Facebook Comments

To Top