ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រៀបចំសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ ស្តីពី គណនេយ្យ និងសវនកម្ម

ភ្នំពេញ ៖  នាព្រឹកថ្ងៃទី ០៥   ខែកញ្ញា   ឆ្នាំ២០១៨  ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  និង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានសហការរៀបចំ សិក្ខាសាលា ផ្សព្វផ្សាយច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម ជូនគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ  និងនិស្សិតនៅ សាលសន្និសីទ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្រោមអធិបតីភាព លោក ប៊ូ ថារិន  អគ្គ លេខាធិការក្រុមប្រឹក្សាជាតិគណនេយ្យ ជាតំណាងដ៏ខ្ពង់ខ្ពស់លោក  ងី តាយី  រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិ គណនេយ្យ ។

លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី  អឺរ៉ុប  បានមាន ប្រសាសន៍ ថា ការរៀបចំសិក្ខាសាលានេះឡើង គឺក្នុងគោលបំណងចែករំលែក នូវចំណេះ ដឹងសំខាន់ៗ ពាក់ព័ន្ធទៅនឹង ច្បាប់គណនេយ្យ និងសវនកម្មជូនដល់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ  និងនិស្សិត ដើម្បីជាប្រយោជន៍ដល់ការផ្សារភ្ជាប់រវាង ទ្រឹស្តីទៅនឹងការអនុវត្ត ជាក់ស្តែងក្នុងសង្គមការងារ ។

ក្នុងនាមគ្រឹះស្ថានបណ្តុះបណ្តាល លោកបណ្ឌិត សាកលវិទ្យាធិការ  បានធ្វើការអំពាវនាវ  និងជំរុញលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្អូនៗនិស្សិត និងអ្នកសិក្សា ទាំងអស់ ឱ្យយកការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ឱ្យបានខ្លាំង ទៅលើការសិក្សាលើ ជំនាញវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម ឱ្យបានពូកែ និងស្ទាត់ជំនាញ ព្រមទាំងធ្វើការសិក្សា ជ្រាវ តាមដានជាប្រចាំនូវការវិវត្ត នៃប្រព័ន្ធស្តង់ដាគណនេយ្យជាតិ និងអន្តរជាតិ ព្រោះថា ពីមួយរយៈកាល ទៅមួយ     រយៈកាលប្រព័ន្ធគណនេយ្យមានការប្រែប្រួល និងការវិវឌ្ឍខ្លាំង ណាស់ជាក់ស្តែង យើងសង្កេតឃើញថា នៅក្នុងបរិបទនេះ ជំនាញគណនេយ្យ និងសវនកម្ម មានតួនាទីយ៉ាង សំខាន់នៅក្នុងជីវិតសេដ្ឋកិច្ច និងសង្គម ពិសេសធានាបានភាពត្រឹមត្រូវ​ ច្បាស់លាស់គណ នេយ្យ ភាព  តម្លាភាព និងអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រង កិច្ចប្រតិ បត្តិការហិរញ្ញវត្ថុ ទាំងក្នុង វិស័យ សាធារណៈ និងវិស័យឯកជន។

លោក ប៊ូ ថារិន អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិគណនេយ្យ បានមានប្រសាសន៍ថា ច្បាប់ ស្តីពី  “ គណនេយ្យ និងសវនកម្ម ”  មានចំណុចជាឧត្តមប្រយោជន៍  និងគុណសម្បត្តិ ជាច្រើនដូចជា ១)-បង្កើនតម្លាភាព និងសុក្រឹតភាពនៃឯកសារគណនេយ្យ  និងរបាយការណ៍ ហិរញ្ញវត្ថុ របស់ស្ថាប័នសាធារណៈ និងសហគ្រាស ដែលអាចបង្កើននូវជំនឿទុកចិត្ត របស់ សាធារណជនលើស្ថាប័នរដ្ឋ និងសហគ្រាស ក៏ដូចជាទំនុកចិត្តរបស់វិនិយោគិនក្នុងស្រុក និងបរទេស ២)-ជំរុញគណនេយ្យភាព និងអភិបាលកិច្ចល្អ នៃស្ថាប័នសាធារណៈ និងសហគ្រាស៣)-បង្កើនគុណភាព និងសមត្ថភាពធនធានមនុស្ស ជាគណនេយ្យករ និងសវនករ  និងលើកកម្ពស់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម  ៤)-ជំរុញបន្ថែម និងទ្រទ្រង់ និរន្តរភាពនៃទីផ្សារមូលធន ព្រមទាំងបង្កលក្ខណៈឱ្យសហគ្រាសធុនតូច និងមធ្យម មានលទ្ធភាព ចូលរួមក្នុងទីផ្សារមូលធន ៥)-ជួយទ្រទ្រង់នូវ លទ្ធភាព នៃការទទួលបាននូវ ឥណទាន  ៦)-លើកកម្ពស់ប្រសិទ្ធភាពនៃការប្រមូលពន្ធជូនរដ្ឋ និង ៧)-បង្កើតការងារជូន ប្រជាពលរដ្ឋ ។

លោកអគ្គលេខាធិការក្រុមប្រឹក្សាជាតិ គណនេយ្យ បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននៅកម្ពុជា កំពុងមានកង្វះខាតជាច្រើននូវអ្នកវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម សម្រាប់ធ្វើកិច្ចបញ្ជីការ គណនេយ្យ ឱ្យក្រុមហ៊ុន និងចុះធ្វើសវនកម្មតាមបណ្តាអង្គភាព ឬក្រុមហ៊ុនអាជីវកម្ម ដូច្នេះគឺតម្រូវឱ្យប្អូនៗនិស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រឱ្យបានពូកែ និងយកចំណេះជំនាញ វិជ្ជាជីវៈគណនេយ្យរបស់ខ្លួនទៅបំពេញតម្រូវការទីផ្សារការងាឱ្យចំគោលដៅ ។

ក្នុងបទបង្ហាញរបស់វាគ្មិនជំនាញ គឺបានប្រមូលផ្តោតលើ ការវិវឌ្ឍនៃវិស័យគណនេយ្យ នៅកម្ពុជាដូចជាការបង្កើតគណៈកម្មការ សិក្សាស្រាវជ្រាវស្តង់ដាគណនេយ្យអន្តរជាតិ  ច្បាប់ស្តីពី គណនេយ្យសហគ្រាស សវនកម្មគណនេយ្យ សហគ្រាស និងវិជ្ជាជីវៈគណនេយ្យ ដោយមានការដាក់ឱ្យអនុវត្តពេញលេញនូវស្តង់ដាគណនេយ្យអន្តរជាតិនៅកម្ពុជា ដើម្បីពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពស្ថាប័នសម្រាប់ ការគ្រប់គ្រងគណនេយ្យ និងសវនកម្មជាមួយនឹងការ ដាក់ចេញនូវយន្តការ ឬវិធាននានា ព្រមទាំងនីតិវិធីសម្រាប់ការ តាមដានលើការត្រួតពិនិត្យ និងការវាយតម្លៃចំពោះការអនុវត្តច្បាប់នេះ តាមរយៈការពង្រឹងនិងអភិវឌ្ឍន៍វិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

Facebook Comments

To Top