អន្តរជាតិ

កូរ៉េខាងត្បូង ចង់ប្រារព្ធធ្វើ ជំនួបកំពូលអន្តរកូរ៉េ នៅពាក់កណ្ដាលខែកញ្ញា

បរទេស ៖ យោងតាមប្រភពព័ត៌មាន មួយពីកាសែត UPI បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍ថា ទីក្រុងសេអ៊ូល នឹងធ្វើការស្នើប្រទេសកូរ៉េខាងជើង ឲ្យប្រារព្ធធ្វើជំនួបកំពូលអន្តរកូរ៉េ លើកទី៣  នៅពាក់កណ្ដាលខែកញ្ញានេះ។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Hankook Ilbo បានរាយការណ៍ថា  ការិយាល័យប្រធានាធិបតី នៃទីក្រុងសេអ៊ូល នឹងស្នើឡើងថា ប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូង គួរតែប្រារព្ធធ្វើជំនួបកំពូលរយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែកញ្ញា ក្នុងទីក្រុងព្យុងយ៉ាង និងពិភាក្សាគ្នាពីវិធីធ្វើការដោះដូរ អន្តរកូរ៉េបន្ថែមទៀត។

មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា ការិយាល័យប្រធានាធិបតី ទើបបានធ្វើការកក់បណ្ដោះអាសន្ន នៅសណ្ឋាគារ និងសាលសន្និសីទ នៅកណ្ដាលទីក្រុងសេអ៊ូល ដើម្បីប្រើជាកន្លែងមណ្ឌលព័ត៌មាន សម្រាប់ជំនួបកំពូល ប៉ុន្តែរដ្ឋាភិបាលនៅមិនទាន់ធ្វើការបញ្ជាក់ អំពីកាលបរិច្ឆេទ សម្រាប់ជំនួបកំពូល រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឡើយទេ៕

ប្រែសម្រួល ៖ ប៉ាង កុង

Facebook Comments

To Top