ព័ត៌មានជាតិ

IIC សហការណ៍ជាមួយ សាកលវិទ្យាល័យនៅតៃវ៉ាន់ នាំយកកម្មវិធីសិក្សា ស្តង់ដារអន្តរជាតិ មកកម្ពុជា

ភ្នំពេញ៖ សាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកវិទ្យា (IIC) និងសាកលវិទ្យាល័យជាតិ កាវស៊ុងនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (NKUST) បានចាប់ដៃគូសហការណ៍គ្នា ដើម្បីនាំយកកម្មវិធីសិក្សាថ្នាក់ BBA / BBA+MBA ដែលបង្រៀងជាភាសាអង់គ្លេសសុទ្ធ តាមស្តង់ដាររបស់ សាកលវិទ្យាល័យតៃវ៉ាន់ មកកាន់សាកលវិទ្យា IIC នៅកម្ពុជា ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កម្មវិធី ចាប់ដៃគូសហការណ៍គ្នា នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ឈួន ចាន់ថន សាកលវិទ្យាធិការ សាកលវិទ្យាល័យ IIC បានមានប្រសាសន៍ថា ក្រៅពីការសហការណ៍ជាមួយ សាកលវិទ្យាល័យនៅតៃវ៉ាន់នេះ IIC ក៏បានចាប់ដៃគូសហការណ៍ ជាមួយបណ្ដាសាកលវិទ្យាល័យបរទេស មួយចំនួនដូចជា នៅទ្វីបអឺរ៉ុប លីហ្ស៊ូវិនា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ស្រីលង្ការ ប៉ាហ្គីស្ថាន និងថៃ ។

លោកបន្តថា កិច្ចសហប្រតិបត្តិការ ដែលល្អប្រសើរ និងទទួលបានផ្លែផ្កាជាងគេនោះ គឺជាមួយសាកលវិទ្យាល័យនៅតៃវ៉ាន់ ពីព្រោះសាកលវិទ្យាល័យនៅទីនោះ មានវគ្គបណ្ដុះបណ្ដាលល្អៗ ហើយជាពិសេសនិស្សិតសិក្សានៅទីនោះ អាចធ្វើការងារបានក្នុងអំឡុង ពេលសិក្សាផងដែរ ។

លោកបន្ថែមថា ក្នុង១ឆ្នាំៗ សាកលវិទ្យាល័យ IIC ទទួលបានសិស្សនិស្សិតមកសិក្សា ពី៤០០ ទៅ៥០០នាក់ ។ ជាពិសេស IIC ក៏តែងតែផ្ដល់អាហារូបករណ៍ ដល់សិស្សនិស្សិតចំនួន ៣០នាក់ តាមរយៈក្រសួងអប់រំ និងផ្ដល់ជូនតាមរយៈ បណ្ដាថ្នាក់ដឹកនាំ មួយចំនួនទៀតផងដែរ ។

ក្នុងឱកាសនោះដែរលោក Rong Fong Fung សាកលវិទ្យាធិការរង សាកលវិទ្យាល័យ NKUST បានលើកឡើងថា NKUST គឺជាសាកលវិទ្យាល័យ បច្ចេកវិទ្យាធំជាងគេបំផុត នៅតៃវ៉ាន់ ដែលមាននិស្សិតសិក្សាសរុបចំនួន ២៨.០០០នាក់ សាស្ត្រាចារ្យជាង ៨០០នាក់ មាន ១៣មហាវិទ្យាល័យ និងអគាសិក្សាចំនួន ៥ទីតាំង ។

លោកបន្តថា នៅក្នុងឆ្នាំ២០១៨នេះ សាកលវិទ្យាល័យសម្រេចបើក កម្មវិធីសិក្សាជាភាក្សាអង់គ្លេសសុទ្ធ ដែលមានស្តង់ដារគុណភាពកម្រិតខ្ពស់គឺ កម្មវិធីសិក្សាអន្តរជាតិ (Global College) នៅសាកលវិទ្យាល័យ IIC ដែលមានទីតាំងនៅលើផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ផងដែរថា សាកលវិទ្យាល័យ NKUST ជាសមាជិកសាកលវិទ្យាល័យ ពាណិជ្ជកម្ម AACSB និងជាសាកលវិទ្យាល័យជាប់ ចំណាត់ថ្នាក់កំពូលរបស់ QS Asia Top តាំងពីឆ្នាំ២០១២ ៕

ដោយ៖ ខា ដា

Facebook Comments

To Top