សន្តិសុខ និង សង្គម

​បុក​ក្មេង​ស្លាប់​ ត្រូវ​ជាប់​ពន្ធនាគារ​ ទាំង​វ័យក្មេង​

កណ្ដាល​៖លោក​គឹម​ រ័ត្ន​ណារិន​ អនុប្រធាន​សាលាដំបូង​ ខេត្ត​កណ្ដាល​ និង​ ជា​ចៅក្រម​ស៊ើបសួរ​ កាលពី​ល្ងាច​ថ្ងៃ​ទី​៣​ ខែ​កញ្ញា​បានចេញ​ដីកា​ ឃុំ​ខ្លួន​យុវជន​ម្នាក់​ដាក់​ពន្ធនាគារ​បណ្ដោះ​អាសន្ន​ ពាក់ព័ន្ធ​ការ​បើក​ម៉ូតូ​ បុក​ក្មេង​ស្លាប់​ម្នាក់​និង​របួស​ម្នាក់​ ។

សមត្ថកិច្ច​ទើប​ប្រាប់​នៅ​ថ្ងៃទី​៤​ ខែ​កញ្ញា​ នេះ​ថា​ ជនបង្ក​ត្រូវ​បាន​ចោទប្រកាន់​ ពី​បទ​បើកបរ​ធ្វេសប្រហែស​បណ្ដាល​ឱ្យ​ស្លាប់​អ្នក​ដទៃ​ តាម​មាត្រា​៨៥ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ ។

បទល្មើស​នេះ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់ ​ពន្ធនាគារ​ពី​១ឆ្នាំ​ទៅ​៣ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ ពី​៤លាន​រៀល​ទៅ​១៥លាន​រៀល​ ។
ជនត្រូវចោទឈ្មោះ​ ផូ សុខមាន ភេទប្រុស អាយុ២២ឆ្នាំ ​ មានទីលំនៅភូមិដូនម៉ាន់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ជនរងគ្រោះ យុំ​ ប៊ុនណា ភេទប្រុស អាយុ៥ឆ្នាំ និងឈ្មោះ ហ៊ីង​ យាំងគីម ភេទស្រី អាយុ៤ឆ្នាំ មានទីលំនៅភូមិ ត្រពាំងឈូក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

មុន​កើត​ហេតុ​ មានម៉ូតូមួយ​គ្រឿង ​ម៉ាកហុងដា ឌ្រីម​សង់​សេ​១២៥​ ពណ៌​ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1AS.5273 បើកមកពីទិសខាងកើត ទៅទិសខាងលិច ។

លុះបើកដល់ចំណុចកើតហេតុ មានក្មេងប្រុសជិះកង់ឌុបគ្នាពីដីឡូតិ៍ក្នុងផ្ទះខាងជើងមកផ្លូវលំ ត្រូវ​ម៉ូតូកៀរ​បោកដួល​ខ្ទប់​ នឹងបង្គោលរបងផ្ទះ​ខាងត្បូង​ បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់​និង​របួស​ម្នាក់​ ៕ ដោយ៖ គិរី

Facebook Comments

To Top