X

អ្នកកាសែតអាស៊ាន ស្វែងយល់ពីវប្បធម៌ កូរ៉េខាងត្បូង (Video)

សេអ៊ូល៖ ដំណើរទស្សនកិច្ចមួយសប្តាហ៍ ទៅកាន់សាធារណៈរដ្ឋកូរ៉េ រឺហៅសាមញ្ញថា កូរ៉េខាងត្បូង ត្រូវបានវាយតម្លៃថា មានអត្ថប្រយោជន៍មួយ យ៉ាងសំខាន់ ក្នុងការលើក កម្ពស់ ការផ្លាស់ប្តូរទស្សនៈ និងការស្វែងយល់ពីវប្បធម៌ កូរ៉េនិងអាស៊ាន។

កម្មវិធីទស្សនកិច្ច ត្រូវបានរៀបចំឡើងដោយមូលនិធិកូរ៉េ (Korea Foundation-KF) ពីថ្ងៃទី ៥-១១ ខែសីហា ឆ្នាំ២០១៨ ក្នុងមានអ្នកកាសែតខ្មែរ៣រូប ២រូបមកពី មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និង១រូបទៀតមកពី ទូរទស្សន៍BTV។

តាមរយៈដំណើរទស្សនកិច្ចនេះ យើងអាចវាយតម្លៃបានថា កូរ៉េខាងត្បូង បាននិងកំពុង ពង្រីកឥទ្ធិពលវប្បធម៌របស់ខ្លួន មកកាន់តំបន់អាស៊ាន ដូចគ្នាទៅអ្វីដែលជា ការសន្យារបស់ រដ្ឋាភិបាលកូរ៉េ យ៉ាងដូច្នោះ ប្រយោជន៍ធ្វើឲ្យប្រជាជន និងប្រជាជន មានភាពស្នីទស្នាល និងលើកតម្លៃមនុស្សជាតិ ដោយមិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ ជំនឿ សាសនា រឺនយោបាយអ្វីឡើយ។

យើងអាចនិយាយបានថា ប្រទេសកូរ៉េខាងត្បូង ក្រោយបញ្ចប់សង្រ្គាមស៊ីវិល ដែលបានបែកចែកកូរ៉េជា២ គឺកូរ៉ខាងជើង និងកូរ៉េខាងត្បូង នៅឆ្នាំ១៩៥៥ មកទល់នឹងពេលនេះ មានការអភិវឌ្ឍយ៉ាងខ្លាំងក្លាមួយ ក្នុងចំណោមប្រទេសនានា នៅអាស៊ីខាងកើត (កូរ៉េ ជប៉ុន និងចិន) ពោលគឺប្រទេសនេះ ជាប់ចំណាត់ថ្នាក់ទី១១ លើពិភពលោក ខាងសេដ្ឋកិច្ច និងលេខ១២ ជាប្រទេសដែលមានគេ ប្រើប្រាស់ ភាសារបស់ខ្លួន មានចំនួន៨៣,២លាននាក់។

កូរ៉េខាងត្បូង មានផ.ស.ស (ផលិតផលក្នុងស្រុកសរុប) ១,៥៣៨ ទ្រីលានដុល្លារអាមេរិក មានប្រជាជន ៥១លាននាក់ មានផ្ទៃដីគ្របដណ្តប់ដោយ ភ្នំ រហូតដល់ ៧០ភាគរយ និងមានភ្នំ ៨.៧៥១ភ្នំ។ មិនតែប៉ុណ្ណោះ ប្រទេសនេះ ជាប់ចំណាត់ថ្នាក់ទី៦ ខាងផលិតរថយន្ត ក្នុងពិភពលោក និងចំណាត់ថ្នាក់ទី៥ ក្នុងវិស័យអប់រំ និងចំណាត់ថ្នាក់ទី១ ខាងអ៊ីនធឺណែត មានល្បឿនលឿនជាងគេ។

អ្នកកាសែតអាស៊ាន ត្រូវបានរៀបចំទស្សនកិច្ចស្វែងយល់ពី សារមន្ទីរជាតិកូរ៉េ នៃប្រវត្តិសាស្រ្តសហសម័យកូរ៉េ (Ntional Museum of Korea History)

តំបន់គ្មានកងទ័ព (DMZ) រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ នៅទីនោះ យើងបានឃើញនូវទិដ្ឋភាពដ៏បៃតងស្រស់ខ្ចី នៃធម្មជាតិដែលត្រូវបានរក្សាទុក សម្រាប់ទាក់ទាញភ្ញៀវទេសចរ។

សារមន្ទីរ ដែលត្រូវបានបើកដំណើរ នាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១២ បានដាក់តាំងបង្ហាញ នូវកម្រងរូបភាព រូបថត រូបភាពឯកសារ វីដេអព្រមទាំងរូបសំណាកផ្សេងទៀតៗ ដែលបន្សល់ពី សហសម័យ ពោលគឺចាប់ពី ១៨៦០ មកម្ល៉េះ។

តាមរយៈ សារមន្ទីរនេះ អ្នកកាសែតទាំង១០រូប បានមើលឃើញនូវរឿងរ៉ាវ ជាប្រវត្តិសាស្រ្ត ជាច្រើនដែលប្រជាពលរដ្ឋ កូរ៉េបានឆ្លងកាត់ នូវប្រវត្តិដ៏ជូចត់ និងហែកហួរ ដោយសារអាណានិគម និងសង្រ្គាមស៊ីវិល បំបែក កូរ៉េជាពីរ គឺកូរ៉េ ខាងត្បូង និងកូរ៉េខាងជើង។

ភ្ញៀវទេសចរដែលមក ទស្សនាសារមន្ទីរ បានបង្ហាញមោទនភាព ចំពោះប្រជាពលរដ្ឋ កូរ៉េខាងត្បូង ដែលបានខិតខំ ជម្នះរាល់ឧបសគ្គ ក្នុងការអភិវឌ្ឍប្រទេសរីកចម្រើន ដូចសព្វថ្ងៃ ហើយការរីកចម្រើននេះ មិនមែនកើតមក ដោយឯកឯងនោះទេ។

*អំពីKF
មូលនិធិKF ត្រូវបានបង្កើតឡើង នាឆ្នាំ១៩៩១ ដើម្បីរួមចំណែកក្នុងសកម្មភាពនានា ខាងវិស័យការទូតរបស់កូរ៉េ តាមរយៈការផ្លាស់វប្បធម៌ និងវិចិត្រសិល្បៈ ការគាំទ្រ ការសិក្សាកូរ៉េនៅបរទេស កម្មវិធីប្រព័ន្ធផ្សព្វផ្សាយនិ ងបណ្តាញសាកល ប្រយោជន៍លើកកម្ពស់ មនុស្សជាតិលើសាកលលោក យល់ដឹងពីកូរ៉េ និងក្លាយជាមិត្តភក្រ្ត របស់កូរ៉េផងដែរ។ មូលនិធិនេះ ទទួលបានថវិកាប្រមាណ ៤៩លានដុល្លារ ពីរដ្ឋាភិបាលកូរ៉េ មានបុគ្គលិក ១១០នាក់ ចែកចេញ១៣ក្រុម និងមានការិយាល័យតំណាង នៅបរទេសចំនួន៧៕

ដោយ៖ សយ សុភា