អន្តរជាតិ

អាល្លឺម៉ង់ និងបារាំងនិយាយថា ការស្លាប់មេដឹកនាំ ពួកឧទ្ទាមនៅអ៊ុយក្រែន ត្រូវតែមិនប៉ះពាល់ ដល់កិច្ចពិភាក្សា ៤ភាគីនោះទេ

បរទេស ៖ ប្រទេសបារាំងនិងអាល្លឺម៉ង ដែលជាអ្នករួមគាំទ្រដំណើរការសន្តិភាព រួមជាមួយរុស្ស៊ី និងអ៊ុយក្រែន តាមសេចក្តីរាយការណ៍ បាននិយាយថា ការសម្លាប់មេដឹកនាំពួកបះបោរគាំទ្ររុស្ស៊ី ត្រូវតែមិនធ្វើឲ្យប៉ះពាល់ដល់កិច្ចពិភាក្សាគ្នា ដើម្បីដោះស្រាយជម្លោះនោះទេ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃសៅរ៍ថា  កិច្ចពិភាក្សាអ៊ុយក្រែន ៤ភាគីតទៅទៀត គឺមិនអាចទៅរួចនោះទេ បន្ទាប់ពីលោក Alexander Zakharchenko មេដឹកនាំនៃពួក បះបោរគាំទ្ររុស្ស៊ី ក្នុងតំបន់ Donetsk ប្រទេសអ៊ុយក្រែនភាគខាងកើត បានស្លាប់បាត់បង់ជីវិត ក្នុងការ ហេតុការណ៍បំផ្ទុះគ្រាប់នៅតៀមកាហ្វេមួយ កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ ចេញផ្សាយនៅរាត្រីថ្ងៃទី០៣ ខែកញ្ញា បានឲ្យដឹងថា ប្រទេសបារាំងនិងអាល្លឺម៉ង់ទាំងពីរបាននិយាយនៅថ្ងៃចន្ទថា ការសម្លាប់លោក Zakharchenko បានធ្វើឲ្យដំណើរការសន្តិភាព កាន់តែបន្ទាន់ខ្លាំងឡើង៕

ប្រែសម្រួល ៖ ប៉ាង កុង

To Top