ព័ត៌មានជាតិ

អង្គការវិទ្យាស្ថានសន្ទនាមេគង្គ រៀបចំកម្មវិធី “អាស៊ានឆ្ពោះទៅកាន់ស្ថេរភាព ក្នុងតំបន់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម”

ភ្នំពេញ៖អង្គការវិទ្យាស្ថានសន្ទនា មេគង្គ បានរៀបចំកម្មវិធី “អាស៊ានឆ្ពោះទៅកាន់ ស្ថេរភាពក្នុងតំបន់ តាមរយៈប្រព័ន្ធ ផ្សព្វផ្សាយ សង្គម” ឬ ASEAN Toward Regional Stability Through Social Media ដែលហៅកាត់ថា ASEANCon និងបានប្រព្រឹត្តទៅមជ្ឈមណ្ឌល សហប្រត្តិបត្តិការកម្ពុជា~កូរ៉េ នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ចាប់ពីម៉ោង ០៨:00 ព្រឹក ដល់ ០៤:00 ល្ងាច ដោយមានការអញ្ជើញ ចូលរួមពីសិស្សនិស្សិត មន្រ្តីរាជការ មន្រ្តីអង្គការ អ្នកកាសែតទាំង ក្នុងស្រុក និងក្រៅស្រុក សរុបប្រមាណ ជាង ៤៧០ នាក់ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨។

កម្មវិធីនេះមានគោលបំណងបង្កើត ជាវេទិកាសម្រាប់អ្នកជំនាញ ផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គមមកពី ប្រទេសជាសមាជិក អាស៊ានអាចពិភាក្សា និងចែករំលែកព័ត៌មាន ព្រមទាំង បង្កើនការយល់ដឹង និង ចំណេះដឹងអំពីតួនាទីនៃសារព័ត៌មាន និង ប្រព័ន្ធផ្សព្វផ្សាយសង្គម នៅក្នុងតំបន់អាស៊ាន។ មិនតែប៉ុណ្ណោះកម្មវិធីមានគោលបំណង ផ្ដល់ការយល់ដឹងដល់ អ្នកប្រើ ប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ ឲ្យមានទំនួលខុសត្រូវទៅលើ ឥទ្ធិពលដែលពួកគេមាន និង ដើម្បី លើកកម្ពស់ សន្ដិភាព សាមគ្គីភាព និង ភាពសុខដុមរមនា តាមរយៈ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គមផងដែរ។

ASEANCon មានវេទិកាពិភាក្សា ចំនួន ២ ដែលមានការចូលរួមពីសាស្រ្តាចារ្យ ផ្នែកតំបន់អាស៊ាន និង អ្នកជំនាញផ្នែក សារព័ត៌មាន ជាតិនិងអន្តរជាតិ។ ប្រធានបទ ពិភាក្សាទីមួយគឺ «ការកសាងសន្តិភាពនិងការទាក់ទង» ដែលបានចូលរួម ដោយ លោកបណ្ឌិត នាក់ ចិន្តារិទ្ធិប្រធានដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក អ៊ុង រដ្ឋសូរិន អនុប្រធាន នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នៃ ក្រសួងយុត្តិធម៌ កញ្ញា Kim So-Hyun អ្នកសារព័ត៌មាន អញ្ជើញមកពីប្រទេស កូរ៉េខាងត្បូង និងលោកបណ្ឌិត Vo Xuan Vinh អគ្គនាយករងវិទ្យាស្ថាន សិក្សាអាស៊ី អាគ្នេយ៍ នៃបណ្ឌិតសភាវិទ្យាសាស្ត្រ សង្គមនៃប្រទេសវៀតណាម។

ប្រធានបទពិភាក្សាទីពីរគឺ «ការប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយ សង្គមប្រកបដោយទំនួលខុសត្រូវ» ដែលចូលរួមដោយ កញ្ញា ខាធឺរីន វី ហារីអ្នកសរសេរ ប្លុក ស្ថាបនិកនៃ A Dose of Cath និង អ្នកសារព័ត៌មាន របស់ AsiaLIFE។ លោក ឆាយ សុផល សាស្រ្តាចារ្យ ផ្នែកសារព័ត៌មាននិង ទំនាក់ទំនង និង លោក Chavarong Limpattamapanee ប្រធានក្រុមប្រឹក្សាសារព័ត៌មាន ជាតិ នៃប្រទេសថៃ។

លើសពីនេះទៅទៀត ASEACon ក៏មានការធ្វើបទបង្ហាញ របស់លោក កៃ គឹមសុង ដែលជាប្រធាន នាយកប្រតិបត្តិនៃ កាសែត Khmer Times អំពីប្រធានបទ «បញ្ហាប្រឈមនៃការរាយការណ៍ ព័ត៌មាននៅក្នុង សតវត្សរ៍ទី ២១» ផងដែរ។

ចុងក្រោយកម្មវិធីមានការធ្វើ បទបង្ហាញអំពីសំណេរ របស់សិស្សនិស្សិតឆ្នើមចំនួន៣រូបដែលបានចូលរួមកម្មវិធី ប្រឡង សំណេរក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយចូលរួមចំណែក ចំពោះសន្ដិភាពនិងស្ថេរភាពនៅក្នុងតំបន់អាស៊ាន» និង មានការប្រគល់រង្វាន់ ជូនដល់ជ័យលាភីទាំង៣រូប។ ជ័យលាភីសំណេរឆ្នើមលេខ១ បានទៅលើលោក ស៊ិន ពីងហុង ជ័យលាភីលេខ២ គឺ លោក ម៉ម សិទ្ធិសំណាង និង ជ័យលាភី លេខ៣ បានទៅលើ លោក នាក់ ពិសិដ្ឋ។

អង្គការវិទ្សាស្ថានសន្ទនាមេគង្គ ជាអង្គការមិនរកប្រាក់ចំណេញដែលបាន បង្កើតឡើងក្នុងឆ្នាំ២០១៣ ដើម្បីលើកកម្ពស់ សន្តិភាព និង រួមចំណែកដល់ការរួមរស់ដោយ សន្តិភាពនៃអ្នកកាន់សាសនា វប្បធម៌ និង ជាតិសាសន៍ខុសគ្នា។ យើងលើក កម្ពស់ការអប់រំ ការពិភាក្សា ការផ្លាស់ប្តូរគំនិតនិងទស្សនៈផ្សេងៗគ្នា តាមដែលអាចធ្វើទៅបាន នៅក្នុងសកម្មភាព របស់ យើង ដូចជាកម្មវិធីសិក្សា កម្មវិធីចូលរួម ក្នុងសង្គម កម្មវិធីសិក្សា និងកម្មវិធីវប្បធម៌ផ្សេងៗ៕

Facebook Comments

To Top