អន្តរជាតិ

វិមានក្រឹមឡាំង និយាយថា កិច្ចប្រឹងប្រែងផ្នែក ចារកម្មអាមេរិក បង្ហាញថា ទីក្រុងវ៉ាស៊ីនតោន កំពុងជ្រៀតជ្រែក កិច្ចការរុស្ស៊ី

បរទេស ៖ វិមានក្រឹមឡាំង នាពេលថ្មីៗនេះ បាននិយាយថា សហរដ្ឋអាមេរិកកំពុងតែ ព្យាយាមជ្រើស រើសជួលជនជាតិរុស្ស៊ី ឲ្យធ្វើជាភ្នាក់ងាររបស់ខ្លួន ហើយនេះបង្ហាញឲ្យឃើញថា ទីក្រុងវ៉ាស៊ីនតោន កំពុង តែជ្រៀតជ្រែកក្នុងកិច្ចការរបស់ប្រទេសរុស្ស៊ី។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ បានឲ្យដឹងថា នៅក្នុងអំឡុងសន្និសីទកាសែតមួយ មន្ត្រីនាំ ពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ត្រូវគេសុំឲ្យផ្តល់សេចក្តីអត្ថាធិប្បាយ ស្តីពីសេចក្តីរាយ ការណ៍ក្នុងកាសែត New York Times ដែលនិយាយថា ទីភ្នាក់ងារ F.B.I និងក្រសួងយុត្តិធម៌អាមេរិក មិនទទួលបានជោគជ័យ ក្នុងការជ្រើសរើសជួលមហាសេដ្ឋជំនួញអាលុយមីញ៉ូនរុស្ស៊ី លោក Oleg Deripaska ឲ្យធ្វើការជាអ្នកផ្តល់ព័ត៌មាន នៅចន្លោះឆ្នាំ២០១៤និង២០១៦។

លោក Peskov បានមានប្រសាសន៍យ៉ាងដូច្នេះថា “ជាការពិតដែលថា សហរដ្ឋអាមេរិក នាពេលប៉ុន្មាន ឆ្នាំថ្មីៗនេះ កំពុងតែធ្វើការយ៉ាងគ្រោតគ្រាត ដោយប្រើប្រាស់ទីភ្នាក់ងារស៊ើបការណ៍របស់ខ្លួន ព្យាយាម ជ្រើសរើសពលរដ្ឋរុស្ស៊ី តាមរយៈការប្រើសីលធម៌និងដាក់សម្ពាធផ្សេងៗលើពួកគេ។ ខ្ញុំគិតថា ហេតុ ការណ៍ទាំងនេះ ជាគឺជារឿងដ៏ល្អបំផុត បង្ហាញពីការប៉ុនប៉ងជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ រុស្ស៊ី”៕

ប្រែសម្រួល ៖ ប៉ាង កុង

Facebook Comments

To Top