ព័ត៌មានជាតិ

វិចារណកថាៈ សេចក្ដីព្រួយបារម្ភ ច្រើនយ៉ាង របស់ប្រជាពលរដ្ឋ

រហូតមកដល់ពេលនេះ នៅមានបញ្ហាច្រើនយ៉ាង ដែលកំពុងធ្វើឲ្យ ប៉ះពាល់ដល់ ប្រជាពលរដ្ឋ ទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ទូទាំងប្រទេស ព្រោះការដោះស្រាយ របស់ មន្រ្តី អាជ្ញាធរនិងសមត្ថកិច្ចមិន ទាន់មានប្រសិទ្ធភាពនៅឡើយទេ។ ក្នុងនោះអំពើចោរកម្មលួចឆក់ប្លន់ នៅតែកើតឡើងយ៉ាង ពេញបន្ទុក ហើយសកម្មភាព ឆក់ប្លន់ ដែលប្រព្រឹត្ត ដោយជនជាតិចិននៅខេត្តព្រះសីហនុ នៅខេត្តសៀមរាប និងក្នុងរាជធានី ភ្នំពេញ គឺជាបញ្ហាដែលធ្វើឲ្យប្រជាពលរដ្ឋព្រួយ បារម្ភយ៉ាងខ្លាំងពីបញ្ហា អសន្តិសុខសង្គម ។ ដូច្នេះ ហើយទើបមានសេចក្ដី អំពាវនាវឲ្យក្រសួងនិង ស្ថាប័នពាក់ព័ន្ធ ចាត់វិធានការ បង្រ្កាបអំពើ ចោរកម្មប្រកបដោយប្រសិទ្ធ ភាពដើម្បីឲ្យប្រជាពលរដ្ឋ មានភាពកក់ក្ដៅក្នុងការរស់នៅ និងប្រកបរបរ ចិញ្ចឹមជីវិតដោយសុខសាន្ត។ ជាពិសេសការយក ចិត្តទុកដាក់ររបស់មន្រ្តី អាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមាន សុវត្ថិ ភាពទាំង៩ចំណុចគឺជាប្រការដ៏សំខាន់បំផុតដើម្បីពង្រឹង សន្តិសុខសង្គម។

នៅក្នុងរាជធានីភ្នំពេញ អំពើចោរកម្មលួចឆក់ប្លន់ ក៏ដូចជាចោរ គាស់ផ្ទះប្រជាពលរដ្ឋ យកទ្រព្យ សម្បត្តិ ចោរកាច់សោកម៉ូតូ នៅតែកើត ឡើងយ៉ាងរាលដាលរហូត ដល់មានករណី ចោរប្លន់ ធនាគារទៀតផង ដូចដែលបណ្ដាញព័ត៌មាននានាបានផ្សព្វផ្សាយ ជាសាធារណៈ រួចមក ហើយ។ បញ្ហានេះកំពុងធ្វើ ឲ្យប្រជាពលរដ្ឋទូទៅ សម្ដែងនូវសេចក្ដី ព្រួយបារម្ភពីសុវត្ថិភាព ក្នុងការរស់នៅ ព្រោះសមត្ថកិច្ចមិនទាន់អាច បង្រ្កាបអំពើចោរកម្ម តាមច្រើនរូបភាពប្រកប ដោយប្រសិទ្ធភាពនៅឡើយទេ។ ជាងនេះទៅ ទៀតពេលដែលមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ច ក្នុងរាជធានីភ្នំពេញប្ដេជ្ញា បង្រ្កាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងនិងអំពើចោរកម្មប្រកប ដោយប្រសិទ្ធភាពគឺបទល្មើសកើតឡើងកាន់តែច្រើនជាងមុនទៅទៀត។ ការរាលដាលនៃអំពើ ចោរកម្មកាន់តែច្រើនឡើងៗបានធ្វើឲ្យប្រជាពលរដ្ឋ អស់ជំនឿលើមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ច ក្នុងការពង្រឹងសន្តិសុខសង្គម ហើយនៅតែមានសេចក្ដី ព្រួយបារម្ភពីបញ្ហា សន្តិសុខផ្ទាល់ខ្លួន គ្រប់ពេល វេលាជាពិសេសនៅពេលយប់។

នៅតាមបណ្ដាខេត្តនានា មួយរយៈកន្លងទៅនេះ សមត្ថកិច្ចបង្រ្កាប បទល្មើសគ្រឿងញៀន ជាបន្តបន្ទាប់ក៏ប៉ុន្តែជាក់ស្ដែង បទល្មើសជួញដូរ ចែកចាយប្រើប្រាស់គ្រឿងញៀន ហាក់ដូច ជាមិនទាន់ មានការថយចុះនៅ  ឡើយទេ។ នៅខេត្តព្រះសីហនុនិងខេត្តសៀមរាប ក្នុង មួយសប្តាហ៍ៗគឺ សមត្ថកិច្ចបង្រ្កាបបទល្មើសជួញដូរ ចែកចាយគ្រឿងញៀន បានជាច្រើន ករណីឃាត់ខ្លួនជនសង្ស័យរាប់សិបនាក់និងរឹបអូសវត្ថុតាង គ្រឿងញៀន បានយ៉ាងច្រើន។ ទោះជាយ៉ាងណាបទល្មើសជួញដូរចែក ចាយគ្រឿង ញៀន ល្បែងស៊ីសងនិងបទល្មើសផ្សេងៗ ទៀតជាពិសេស អំពើចោរ កម្មនៅតែកើតឡើងគួរឲ្យភ័យខ្លាចដដែល។ ការរីករាលដាល នៃបទ ល្មើសច្រើនប្រភេទ ដូចជាអំពើចោរកម្ម អំពើឃាតកម្ម និងបទ ឧក្រិដ្ឋ ផ្សេងៗត្រូវបានគេ ដឹងថា កើតចេញពីឥទ្ធិពលនៃគ្រឿងញៀននិង គ្រឿងស្រវឹង។ ទន្ទឹមនឹងនេះគ្រឿងញៀន និងគ្រឿងស្រវឹងកំពុងធ្វើឲ្យ សីលធម៌រស់នៅក្នុងសង្គមកម្ពុជា មានការធ្លាក់ចុះយ៉ាងគំហុក ហើយបទ ល្មើសផ្សេងៗកើតឡើងកាន់តែខ្លាំងក្លាថែមទៀត។

នៅក្នុងរាជធានីភ្នំពេញ សកម្មភាពក្រុមចោរឆក់បានកើតឡើងជា ច្រើនករណីក្នុងមួយថ្ងៃៗ ហើយការបង្រ្កាបរបស់សមត្ថកិច្ច មិនទាន់មានប្រសិទ្ធភាពនៅឡើយ ដែលជាហេតុធ្វើឲ្យប្រជា ពលរដ្ឋទូទៅកាន់តែព្រួយបារម្ភចំពោះបញ្ហាអសន្តិសុខសង្គម។ ទន្ទឹមនឹងនេះល្បែងស៊ីសង ច្រើនប្រភេទ នៅក្នុងរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចបង្រ្កាប ជាបន្តបន្ទាប់តាមបណ្ដា ខណ្ឌ នានា តែបច្ចុប្បន្នល្បែងកន្ទុយលេខ ភ្នាល់បាល់ទាត់និងល្បែងភ្នាល់ តាមប្រព័ន្ធអ៊ីនធឺណេត នៅតែកើតឡើងយ៉ាងពេញបន្ទុក។ សេចក្ដីរាយ ការណ៍ពីប្រជាពលរដ្ឋនៅក្នុងខណ្ឌសែនសុខ ខណ្ឌទួលគោក ខណ្ឌមាន ជ័យនិងខណ្ឌពោធិ៍សែនជ័យ ជាដើមបានឲ្យដឹងថា ល្បែងស៊ីសង ក្នុងមូល ដ្ឋានពួកគាត់សមត្ថកិច្ចបង្រ្កាបមិនចេះអស់ឡើយ។ អ្នកបើកល្បែងស៊ី សងខុសច្បាប់ មួយចំនួនត្រូវបានគេដឹងថាមានខ្នងបង្អែកជាមន្រ្តីអាជ្ញាធរឬ ជាសមត្ថកិច្ចផងដែរ ទើបអ្វីៗអាច ប្រព្រឹត្តទៅដោយរលូនបណ្ដាលឲ្យប៉ះ ពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម និងការរស់នៅ របស់ប្រជាពលរដ្ឋ។

បញ្ហាសំខាន់មួយទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋទូទៅមានការព្រួយ បារម្ភយ៉ាងខ្លាំងដែរនោះ គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលនៅតែបន្តកើតឡើងយ៉ាងពេញ បន្ទុកទាំនៅក្នុងរាជធានី ភ្នំពេញ ក៏ដូចជាតាមបណ្ដាខេត្ត នានាទូទាំងប្រទេសធ្វើឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់ ស្រាលច្រើននាក់ក្នុងមួយថ្ងៃ។ នៅក្នុងរាជធានីភ្នំពេញគ្រោះថ្នាក់ចរាចរណ៍នៅតែកើតឡើង ច្រើនជាងគេបើប្រៀបធៀប ទៅនឹងបណ្ដាខេត្តដទៃទៀត ហើយការធ្វេស ប្រហែសរបស់ អ្នកបើកបររថយន្ត បើកបរម៉ូតូឬយានជំនិះផ្សេងៗគឺកត្តា ដែលនាំឲ្យកើតមានគ្រោះថ្នាក់ ចរាចរណ៍។ នៅតាមផ្លូវសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញដូចជាផ្លូវលេខ២៧១ ផ្លូវម៉ៅសេទុង ផ្លូវវេងស្រេង ផ្លូវលេខ២០០៤ និងណ្ដាផ្លូវមួយចំនួន ទៀតនៅតែមានអ្នកបើកបរ រថយន្តនិងម៉ូតូបញ្ច្រាសទិសយ៉ាងពពាក់ពពូន ហើយមិនទាន់ឃើញ សមត្ថកិច្ចចាត់ វិធានការ ទប់ស្កាត់ឡើយ។ បញ្ហាដូចរៀបរាប់ត្រួសៗខាង លើនេះហើយដែលជាសេចក្ដី ព្រួយបារម្ភ របស់ប្រជាពលរដ្ឋព្រោះបញ្ហា ទាំងនេះកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ក្នុងការរស់នៅនិង ប្រកបរបរចិញ្ចឹមជីវិត ៕

ដោយ៖ វាសនាដ៉ារាវិជ័យ

Facebook Comments

To Top