ព័ត៌មានជាតិ

លោក ជាវ តាយ អញ្ជើញចុះពិនិត្យទីតាំង ដែលប៉ះពាល់ ក្នុងការពង្រីកផ្លូវមួយខ្សែ ក្នុងក្រុងកំពត

កំពត៖ នៅព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ លោក ជាវ តាយ អភិបាលខេត្ត រួមជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ ដល់ទីតាំងជាក់ស្ដែង ដើម្បីសម្របសម្រួលជំរុញដោះស្រាយ បញ្ហាការប៉ះពាក់នៃដំណើរការគម្រោង កសាងពង្រីកផ្លូវមួយខ្សែ នៅក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

គម្រោងការកសាងពង្រីកផ្លូវមួយខ្សែនេះ គឺជាគម្រោងផ្លូវបេតុង ដែលមានការប៉ះពាល់ ដីរបងលំនៅឋាន របស់ប្រជាពលរដ្ឋចំនួនបីគ្រួសារ ដែលបញ្ហានេះ ត្រូវបានធ្វើអោយមានការអនុវត្តគម្រោងខាងលើ ខកខានជាយូរឆ្នាំមកហើយ។

មានប្រសាសន៍ ជួបជាមួយប្រជាពលរដ្ឋម្ចាស់លំនៅឋាន ក៏ដូចមន្ត្រី និងអាជ្ញាធរមូលដ្ឋាន លោក ជាវ តាយ បានបញ្ជាក់ថា៖ ក្នុងនាម លោកជាអភិបាលខេត្ត ដែលជាអាជ្ញាធរសារណៈ ត្រូវតែខិតខំបម្រើអ្វីជាប្រយោជន៍សាធារណៈ ជាពិសេសប្រយោជន៍សង្គម និងប្រជាពលរដ្ឋទូទៅ ពោលគឺនៅទីណាពេលណា មានបញ្ហាការលំបាក និងរាំងស្ទះដល់ប្រយោជន៍ប្រជាជន និងសាធារណៈអាជ្ញាធរ ត្រូវតែសម្របសម្រួលដោះស្រាយ។

ជាក់ស្ដែងគម្រោងផ្លូវមួយខ្សែនេះ មានការរាំងស្ទះខកខានការអនុវត្ត ជាយូរឆ្នាំមកហើយ ដូចនេះក្នុងនាម លោក ជាអ្នកដឹកនាំខេត្ត មិនអាចមើលរំលងនូវបញ្ហានេះ អូសបន្លាយយូរទៀតបានទេ ព្រោះក្នុងសម័យកាល ដែលប្រទេសជាតិ កំពុងតែមានការវិវត្តរីកចម្រើនប្រជាពលរដ្ឋ យើងត្រូវការអ្វីដែលល្អជឿនលឿន។ ដូចនេះ ទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវចូលរួមទាំងអស់គ្នា ដើម្បីសោភណភាព អនាម័យបរិស្ថាន និងសុខមាលភាពក្នុងទីក្រុងប្រជុំជន ដើម្បីយើងទាំងអស់គ្នា។

ក្នុងឱកាសនេះ លោកអភិបាលខេត្ត ក៏បានសូមសំណូមពរដល់ម្ចាស់លំនៅឋាន មានការយោគយល់អធ្យាស្រ័យ ហើយក៏សូមថ្លែងអំណរគុណ កោតសរសើរចំពោះការចូលរួមរបស់បងប្អូន ដែលបានសហការចូលរួមបរិច្ចាគ ដើម្បីជាប្រយោជន៍សង្គម និងសាធារណៈ៕
ដោយៈ វ៉ាន់ ឌឿន

Facebook Comments

To Top