ព័ត៌មានជាតិ

លោកឧកញ៉ា អូស្មាន ហាស្សាន់ ចុះជួប និងចែកអំណោយ ដល់ជនរងគ្រោះ ដោយទឹកជំនន់ ៤០០គ្រួសារ នៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៨ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងសហការី បានចុះសាកសួរសុខទុក្ខ និងប្រគល់អំណោយរបស់សប្បុរសជន មកពីរដ្ឋគុយវ៉ែត តាមរយៈអង្គការពិភពលោក នៃក្តីមេត្តា ជូនដល់ជនរងគ្រោះ ដោយសារទឹកជំនន់ ៤០០គ្រួសារ នៅសង្កាត់ច្រាំងចំរេះ១ និងច្រាំងចំរេះ២ ដែលក្នុង១គ្រួសារ ទទួលបានអង្ករ ១៥គក ស្ករសរ ១គ.ក ប្រេងឆា ១លីត្រ ត្រីខ ៤កំប៉ុង និងមី ១០កញ្ចប់។

បន្ទាប់ពីមតិស្វាគមន៍ និងចំណាប់អារម្មណ៍ របស់លោក WAEIL EL MOURSI ប្រធានអង្គការពិភពលោក នៃក្តីមេត្តា ប្រចាំកម្ពុជា លោកឧកញ៉ា អូស្មាន ហាស្សាន់ បានលើកឡើងថា ជាការពិតដោយសារតែ យើងបានរួមរស់នៅ ក្រោមម្លប់សន្តិភាព នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបបានជារាល់ទុក្ខលំបាកនានា របស់ប្រជាពលរដ្ឋ តែងតែត្រូវបានទទួលការគាំពារ ការយកចិត្តទុកដាក់ ពីសំណាក់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាដៃគូរអង្គការ សមាគមជាតិ និងអន្តរជាតិ ស្រុះដៃគ្នា ក្នុងការចូលរួម ដោះស្រាយ រាល់ទុក្ខលំបាក ដោយការគៀងគរ មូលនិធិមនុស្សធម៌ ចុះជួយប្រជាពលរដ្ឋយើង បានទាន់ពេលវេលា។

ត្បិតកញ្ចប់អំណោយថ្ងៃនេះ ជាផ្នែកមួយនៃការចូលរួម ពីសប្បុរសជន ដើម្បីរួមចំណែកដោះស្រាយ បន្ទុករបស់បងប្អូន បានមួយចំនួន តែនេះក៏មិនមែន ជាលើកទី១ទេ ដែលបងប្អូនតែងតែ បានទទួលអំណោយនានា​ ពីអង្គការនេះក្តី​ និងអង្គការ សមាគមដទៃទៀត ក៏ដូចជាពីអាជ្ញាធរមូលដ្ឋាន ដែលទាំងនេះ គឺជាការបង្ហាញ ពីសមានចិត្ត និងក្តីស្រលាញ់ យ៉ាងពិតប្រាកដរបស់ រាជរដ្ឋាភិបាល របស់អង្គការសមាគម ដល់បងប្អូន គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ៕

ដោយៈ សុធីតា

Facebook Comments

To Top