នយោបាយ

រដ្ឋសភា បើកសម័យប្រជុំ លើកដំបូងក្រោម ព្រះរាជអធិបតីភាព ព្រះមហាក្សត្រ នៅថ្ងៃ៥ កញ្ញាស្អែកនេះ

ភ្នំពេញ៖ ក្រោយការបញ្ចប់ការ បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រមាណជា ៤០ថ្ងៃកន្លងមកនេះ រដ្ឋសភាកម្ពុជាបានបើកសម័យប្រជុំ ជាលើកដំបូងក្រោមព្រះរាជអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅម៉ោង ៨ព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ស្អែកនេះ ។

សម្រាប់អាណត្តិទី៦ ក្រោយការប្រកាសលទ្ធផលផ្លូវការ របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) គណបក្សប្រជាជនកម្ពុជា បានទទួលអាសនៈទាំង១២៥ ក្នុងរដ្ឋសភា គឺសភាឯកបក្ស ខណៈនីតិកាលទីមាន ១២៣អាសនៈ ។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋសភាកម្ពុជា បានឲ្យដឹងថា ក្នុងពិធីដ៏មហាឡោរឹក និងជាប្រវត្តិសាស្រ្តនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំកម្ពុជា និងតំណាងអង្គការ ក្រៅរដ្ឋាភិបាលមួយចំនួន ក៏ត្រូវអញ្ជើញចូលរួម ជាកិត្តិយសផងដែរ ។ បន្ទាប់ពីពិធីបើកសម័យប្រជុំ ដំបូងរដ្ឋសភាលើកទី១ នីតិកាលទី៦ នឹងចាប់ផ្តើមការងារក្រោម អធិបតីភាពសម្តេច ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភាដើម្បី សម្រេចអំពីសុពលភាពនៃ អាណត្តិរបស់សមាជិកនីមួយៗ , ការអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និតិកាលទី៦ ។

សេចក្តីជូនដំណឹងបន្តថា ថ្ងៃទី៦ កញ្ញា រដ្ឋសភាធ្វើការបោះឆ្នោត ដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការ ជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្ត ចំពោះរាជរដ្ឋាភិបាល ។

បើតាមការធ្លាប់ប្រកាស របស់សម្តេចតេជោ ហ៊ុន សែន រដ្ឋសភាប្រជុំនៅព្រឹកថ្ងៃ ៥ កញ្ញា ក្រោមព្រះរាជអធិបតីភាពព្រះមហាក្សត្រ ។ នៅល្ងាចថ្ងៃទី៥ កញ្ញា រដ្ឋសភា នឹងចូលស្បថកាន់ដំណែង។ នៅថ្ងៃ ៦ កញ្ញា ពេលព្រឹកនឹងបង្កើតឡើង ក្បាលម៉ាស៊ីនរបស់រដ្ឋសភា ក៏ដូចជាបង្កើតរាជរដ្ឋាភិបាលថ្មី ។ ដល់ល្ងាចថ្ងៃទី៦ ខែកញ្ញា គឺរាជរដ្ឋាភិ បាលថ្មី នឹងស្បថចូលកាន់ដំណែង ។ នៅព្រឹកថ្ងៃទី៧ កញ្ញា គណៈរដ្ឋមន្ដ្រី នឹងប្រជុំលើកដំបូងរបស់ខ្លួន ។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា រដ្ឋសភាបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីបើកសម័យប្រជុំ សភាដំបូងនីតិកាលទី៦ នៅថ្ងៃទី៥ កញ្ញា ដោយបានត្រៀមសម្រាប់ ទទួលវត្តមានដ៏ខ្ពង់ខ្ពស់ ព្រះមហាក្សត្រកម្ពុជា ដែលទ្រង់នឹងយាងមក ធ្វើជាព្រះរាជអធិបតីភាព ។

លោក ឡេង ប៉េងឡុង បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី៤ កញ្ញា ថា “យើងត្រៀមរួចរាល់ហើយ គឺយើងធ្វើការតុបតែង សភាឲ្យបានស្អាតបាទ ឲ្យបានមានសភាពល្អ ដើម្បីទទួលព្រះកុរណា ដែលជាព្រះមហាក្សត្រ ជាទីស្រឡាញ់របស់ ខ្មែរយើងទាំងអស់គ្នា” ។

អ្នកនាំពាក្យរដ្ឋសភា ក៏បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុត ដល់ព្រះមហាក្សត្រ ដែលទ្រង់បានសព្វ ព្រះរាជហឬទ័យ ក្នុងការយាងមកធ្វើជា ព្រះរាជអធិបតីភាព​​ នៅក្នុងកិច្ចប្រជុំដំបូង របស់រដ្ឋសភា នីតិកាលទី៦ថ្មីនេះ ។

ចំណែកអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា សមាជិករដ្ឋសភារបស់ គណបក្សប្រជាជនកម្ពុជា មួយចំនួនជាប់ឆ្នោត ដែលមានតួនាទីក្នុងជួររាជរដ្ឋាភិបាល នឹងប្រកាសលាលែងពីតំណែង ក្រោយប្រកាសសុពលភាពរួចរាល់ ។

លោក សុខ ឥសាន បានឲ្យដឹងថា “យើងមិនទាន់ដឹងទេពេលនេះ ។ សមាសភាពនឹងដឹង ប្រហែលជាល្ងាចថ្ងៃទី៥ ឬព្រឹកថ្ងៃទី៦ កញ្ញា។ យើងមិនអាចទម្លាយបាន ព្រោះយើងមិនទាន់ដឹងទេ” ។

លោកឲ្យដឹងថា សមាជិកសភាមួយចំនួន ដែលកំពុងបំរើការងារនៅក្នុង ជួររាជរដ្ឋាភិបាលបានលុបចេញ និងបានលាលែងពីតួនាទី ហើយអ្នកដែលឡើង តាមលំដាប់លេខរៀងត្រូវ ជំនួសជាបន្តបន្ទាប់ ។

អ្នកនាំពាក្យបញ្ជាក់ថា “លើកលែងតែមានឯកឧត្តមមួយចំនួន ដែលជាសមាជិករាជរដ្ឋា ភិបាល ហើយគាត់លាលែងពីតំណែង ទើបអ្នកដែលមានលេខរៀង បន្ទាប់ត្រូវទទួលតំណែងបន្ត” ។

ជាមួយគ្នានោះដែរ លោក សុខ ឥសាន ក៏បានឲ្យដឹងថា រដ្ឋមន្ត្រីដែលជាប់ ជាសមាជិករដ្ឋសភាអាចនឹង លាលែងពីតំណែងជាសមាជិកសភា ទៅធ្វើជាសមាជិក រាជរដ្ឋាភិបាលវិញក្រោយ ប្រកាសសុពលភាពរួច ។ រដ្ឋមន្ត្រីស្ទើរគ្រប់ក្រសួង បានជាប់ជាបេក្ខជនអ្នកតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំង អ្នកតំណាងរាស្ត្រអាណត្តិទី៦ រដ្ឋសភា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងមក ។

សូមបញ្ជាក់ថា រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺជាសភាជាន់ទាប នៃសភាតំណាងរាស្រ្ត ដែលមានសមាជិកចំនួន ១២៣ រូប ជ្រើសតាំងតាមប្រព័ន្ធសមាមាត្រ ដោយការបោះឆ្នោតជាសកល។ សមាជិករដ្ឋសភានីមួយៗ ត្រូវបានជ្រើសតាំង ក្នុងអាណត្តិ ៥ ឆ្នាំម្តង ដែលចែកជាតំណាង ខេត្ត-រាជធានីទាំង ២៥ ពី១ទៅ១៨ អាសនៈ ។ គណបក្សនយោបាយសំឡេង ភាគច្រើនដែលមានអាសនៈ យ៉ាងហោច ៦២ អាចមានសិទ្ធិក្នុងការ បង្កើតជារដ្ឋាភិបាលថ្មីមួយ ។

រដ្ឋសភានីតិកាលទី៥ បានបើកសម័យប្រជុំដំបូង ក្រោមព្រះរាជអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣។ តំណាងរាស្រ្តបានធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំង មុនចូលកាន់តំណែង នៅរសៀលថ្ងៃដដែល ។

រដ្ឋសភាបានប្រជុំក្រោម អធិបតីភាពសម្តេច ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញ និងផ្តល់សេចក្តីទុកចិត្តរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ។

សូមរំលឹកថា ព្រះរាជាណាចក្រម្ពុជាត្រូវបាន អាណានិគមនិយមបារាំងត្រួតត្រា ពីឆ្នាំ១៨៦៣ ដល់ ឆ្នាំ១៩៥៣ ។ ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មានព្រះរាជបញ្ញត្តិមួយ ចុះថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩១៣ សម្រេចបង្កើតសភាពិគ្រោះយោបល់ ដែលមានសមាជិក ៣៩រូបតំណាងឲ្យ១០ ខេត្ត-ក្រុង ។ នេះជាសញ្ញាដំបូង នៃការកកើតសភា ។
ថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៤០ សភាពិគ្រោះយោបល់បានកែប្រែ ទៅជាសភាតំណាងប្រជាជនកម្ពុជា ក្រោមរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ។ ថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៤៥ ការបង្កើតសភាពិគ្រោះយោបល់ ដែលមានសមាជិក ៣៣ រូប តំណាងឲ្យ ១៤ ខេត្ត-ក្រុង ។ ខែវិច្ឆិកា ឆ្នាំ ១៩៤៥ ការបង្កើតគណៈកម្មការបារាំង-ខ្មែរមួយ ដើម្បីរៀបរៀងសេចក្តី ព្រាងរដ្ឋធម្មនុញ្ញដំបូង ។
ឆ្នាំ១៩៤៦ មានព្រះរាជក្រម៤ សម្រេចផ្តល់សេរីភាពសារព័ត៌មាន សេរីភាពបង្កើតសមាគម សេរីភាពបង្កើត គណបក្សនយោបាយ និងឲ្យប្រើច្បាប់បោះឆ្នោតសាកល ជ្រើសតាំងរដ្ឋសភាបណ្តោះអាសន្ន (សភាធម្មនុញ្ញ) ។ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៤៦ ការបោះឆ្នោតសាកលលើកដំបូង នៅកម្ពុជាជ្រើសតាំង សមាជិកសភាធម្មនុញ្ញ៦៧ រូប មានបេសកកម្មតាក់តែង រដ្ឋធម្មនុញ្ញទី១ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៤៧ ។

ប្រវត្តិរបស់រដ្ឋសភាកម្ពុជា ពីការកកើតមកដល់បច្ចុប្បន្ន៖

ទី១- សភាធម្មនុញ្ញឆ្នាំ១៩៤៦-១៩៤៧ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ៦៧ កាលបរិច្ឆេទបោះឆ្នោតថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៤៦

ទី២- រដ្ឋសភា ឆ្នាំ១៩៤៧-១៩៥១ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ៧៥ កាលបរិច្ឆេទបោះឆ្នោត ថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៤៧

ទី៣- រដ្ឋសភា ឆ្នាំ១៩៥១-១៩៥៣ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ៧៨ កាលបរិច្ឆេទបោះឆ្នោត ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៥១

ទី៤- រដ្ឋសភា ឆ្នាំ១៩៥៥-១៩៥៨ ចំនួនគណបក្ស គឺបក្សតែមួយ ចំនួនអាសនៈ៩១ កាលបរិច្ឆេទបោះឆ្នោត ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥

ទី៥- រដ្ឋសភា ឆ្នាំ១៩៥៨-១៩៦២ ចំនួនគណបក្ស គឺបក្សតែមួយ ចំនួនអាសនៈ៦១ កាលបរិច្ឆេទបោះឆ្នោត ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៥៨

ទី៦- រដ្ឋសភា ឆ្នាំ១៩៦២-១៩៦៦ ចំនួនគណបក្ស គឺបក្សតែមួយ ចំនួនអាសនៈ៧៧ កាលបរិច្ឆេទបោះឆ្នោត ថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៦២

ទី៧- រដ្ឋសភា ឆ្នាំ១៩៦៦-១៩៧២ ចំនួនគណបក្ស គឺបក្សតែមួយ ចំនួនអាសនៈ៨២ កាលបរិច្ឆេទបោះឆ្នោត ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៦៦

ទី៨- សភាជាតិនៃសាធារណរដ្ឋខ្មែរ ឆ្នាំ១៩៧២-១៩៧៥ ចំនួនគណបក្ស គឺបក្សតែមួយ ចំនួនអាសនៈ១២៦ កាលបរិច្ឆេទបោះឆ្នោត ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៧២

ទី៩- សភាតំណាងប្រជាជន នៃរបបកម្ពុជាប្រជាធិបតេយ្យ ចំនួនគណបក្ស គឺបក្សតែមួយ ចំនួនអាសនៈ២៥០ កាលបរិច្ឆេទបោះឆ្នោតថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៦

ទី១០- រដ្ឋសភា សាធារណរដ្ឋប្រជាមានិតកម្ពុជា-រដ្ឋកម្ពុជា ឆ្នាំ១៩៨១-១៩៩៣ចំនួនគណបក្ស គឺបក្សតែមួយ ចំនួនអាសនៈ១១៧ កាលបរិច្ឆេទបោះឆ្នោតថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៨១

ទី១១- សភាធម្មនុញ្ញ ឆ្នាំ១៩៩៣ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ១២០ កាលបរិច្ឆេទបោះឆ្នោតថ្ងៃ២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣

ទី១២- រដ្ឋសភានីតិកាលទី១ ឆ្នាំ១៩៩៣-១៩៩៨ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ១២០ កាលបរិច្ឆេទបោះឆ្នោត២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣

ទី១៣- រដ្ឋសភានីតិកាលទី២ ឆ្នាំ១៩៩៨-២០០៣ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ១២២ កាលបរិច្ឆេទបោះឆ្នោតថ្ងៃ២៦ ខែកកក្កដា ឆ្នាំ១៩៩៨

ទី១៤- រដ្ឋសភានីតិកាលទី៣ ឆ្នាំ២០០៣-២០០៨ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ១២៣ កាលបរិច្ឆេទបោះឆ្នោតថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០០៣

ទី១៥- រដ្ឋសភានីតិកាលទី៤ ឆ្នាំ១៩៩៨-២០០៣ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ១២៣ កាលបរិច្ឆេទបោះឆ្នោតថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០០៨

និងទី១៦- រដ្ឋសភានីតិកាលទី៥ ឆ្នាំ២០១៣-២០១៨ ចំនួនគណបក្ស គឺពហុបក្ស ចំនួនអាសនៈ១២៣ កាលបរិច្ឆេទបោះឆ្នោតថ្ងៃ២៨ ខែក្កដា ឆ្នាំ២០១៣ ៕

Facebook Comments

To Top