នយោបាយ

រដ្ឋសភា ត្រៀមលក្ខណៈ រួចរាល់ បើកសម័យប្រជុំដំបូង នីតិកាលទី៦ នៅថ្ងៃស្អែក

ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា រដ្ឋសភាបានត្រៀម លក្ខណៈរួចរាល់ហើយ ដើម្បីបើកសម័យ ប្រជុំសភាដំបូង នីតិកាលទី៦ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ស្អែកនេះ ដោយបានត្រៀម សម្រាប់ទទួលវត្តមានដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដែលទ្រង់នឹងយាង មកធ្វើជា ព្រះរាជអធិបតីភាព។

លោក ឡេង ប៉េងឡុង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៤ កញ្ញា ថា “យើងត្រៀមរួចរាល់ហើយ គឺយើងធ្វើការតុបតែងសភា ឲ្យបានស្អាតបាទ ឲ្យបានមាន សភាពល្អ ដើម្បីទទួលព្រះកុរណា ដែលជាព្រះមហាក្សត្រជាទីស្រឡាញ់របស់ ខ្មែរយើងទាំង អស់គ្នា” ។

អ្នកនាំពាក្យរដ្ឋសភា ក៏បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុត ដល់ព្រះមហាក្សត្រ ដែលទ្រង់បានសព្វព្រះរាជហឬទ័យ ក្នុងការយាងមកធ្វើជាព្រះរាជធិបតីភាព នៅក្នុងកិច្ច ប្រជុំដំបូង របស់រដ្ឋសភា នីតិកាលទី៦ថ្មីនេះ ។

សូមបញ្ជាក់ថា រដ្ឋសភានឹងប្រជុំនៅព្រឹកថ្ងៃ ៥ កញ្ញា ក្រោមព្រះរាជអធិបតីភាពព្រះមហាក្សត្រ ។ នៅល្ងាចថ្ងៃទី៥ កញ្ញា រដ្ឋសភា នឹងចូលស្បថកាន់ដំណែង។ នៅថ្ងៃ ៦ កញ្ញា ពេលព្រឹក នឹងបង្កើតឡើង ក្បាលម៉ាស៊ីនរបស់រដ្ឋសភា ក៏ដូចជាបង្កើតរាជរដ្ឋាភិបាលថ្មី ។ ល្ងាចថ្ងៃទី៦ ខែកញ្ញា គឺរាជរដ្ឋាភិបាលថ្មី នឹងស្បថចូលកាន់ដំណែង។ នៅព្រឹកថ្ងៃទី៧ កញ្ញា គណៈរដ្ឋមន្ដ្រី នឹងប្រជុំលើកដំបូងរបស់ខ្លួន ៕

ដោយ ធី លីថូ

Facebook Comments

To Top