ព័ត៌មានជាតិ

មិនធម្មតា តាមពិតម្ចាស់មេដាយមាស និងសំរិទ្ធ ម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ជាអតីតម្ចាស់ពាន មេដាយមាស​ ៣ឆ្នាំជាប់គ្នា ក្នុងព្រឹត្តិការណ៍ជើងឯក កីឡាម៉ូតូទឹក លំដាប់ពិភពលោក

ភ្នំពេញ៖ វីរកីឡាករជម្រើសជាតិកម្ពុជា ដែលជាម្ចាស់ជើងឯកផ្នែកម៉ូតូទឹក របស់សហព័ន្ធកិឡាម៉ូតូទឹកកម្ពុជា ក្នុងព្រឹត្តិការណ៍អាស៊ីហ្គេម លើកទី១៨ មុននឹងបានចូលខ្លួនបំបែកឯតទគ្គកម្ម ជាប្រវត្តិសាស្រ្ត ជូនមាតុភូមិកម្ពុជា ជាមួយនឹងមេដាយមាស និងសំរឹទ្ធ នាឆ្នាំ២០១៨​ នេះ សាលី អ៊ូមើត គឺជាម្ចាស់ពាន មេដាយមាស​ ដល់ទៅ​ ៣ឆ្នាំ​ ជាប់គ្នារបស់ក្លឹប​ Flamingo Jet Ski ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកជើងឯក លំដាប់ពិភពលោក នៅឆ្នាំ ២០១១,​ ២០១២ និង​ ២០១៣ ដែលមហាព្រឹត្តិការណ៍នេះ ធ្វើឡើង នៅសហរដ្ឋអាមេរិក ដែលមានកីឡាជម្រើសជាតិ នៃបណ្តាប្រទេសជាង ៦០នៅលើសកលលោក ចូលរួម។

នេះជាការលើកឡើង ដោយផ្ទាល់របស់ សាលី អូមើត ក្នុងឱកាសដែលលោក ជាមួយនឹងថ្នាក់ដឹកនាំ ស្ថាបនិក សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម ជាមួយលោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា​ នៅព្រឹកថ្ងៃទី០៤​ ខែកញ្ញា​ ឆ្នាំ​២០១៨។

អ៊ូមើត បន្តថា ខ្លួនកំពុងរៀបចំខ្លួន ត្រៀមចេញទៅប្រកួតដណ្តើម ពានមេដាយមាសរបស់ខ្លួនមកវិញ ក្នុងនាមកីឡាករម៉ូតូទឹក ជម្រើសជាតិកម្ពុជា បន្ទាប់ពីអាកខានមិនបានប្រកួត ដល់ទៅ៤ឆ្នាំជាប់ៗគ្នា ពីឆ្នាំ២០១៤ ដល់២០១៧ ក្នុងនាមក្លឹប​ Flamingo Jet Ski ដោយសារតែមានបញ្ហារបួសស្មា ហើយការត្រៀមខ្លួននេះ ដើម្បីបំបែកឯកត្តទកម្ម ជាប្រវត្តិសាស្រ្ត មួយទៀតរបស់កម្ពុជា អោយទទួលបានមេដាយមាស លើកីឡាម៉ូតូទឹក លំដាប់ពិភពលោក។

លោកឧកញ៉ា​ អូស្មាន ហាស្សាន់ បានលើកឡើងថា ក្នុងនាមជាស្ថាបនិក ក៏ដូចជាទីប្រឹក្សាជាន់ខ្ពស់ របស់សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ពិតជាមានមោទន ភាពយ៉ាងក្រៃលែង និងកោតសរសើរចំពោះ លទ្ធផលជោគជ័យ ជាប្រវត្តិសាស្រ្ត ដែលកើតឡើងក្រោម កិច្ចខិតខំប្រឹងប្រែង ប្រកបដោយភាពអត់ធ្មត់ខ្ពស់របស់វីរកីឡាករ ជម្រើសជាតិកម្ពុជាយើង​ ជាមួយនឹងក្របខណ្ឌ បច្ចេកទេសជំនាញ ពិតប្រាកដ​ និងយ៉ាងម៉ត់ចត់ ដែលមានសក្តានុពល ក្នុងកម្រិតពិភពលោក។

បន្ទាប់ពីថ្លែងអំណរគុណ ដល់ប្រធានសហព័ន្ធកីឡាម៉ូទឹកកម្ពុជា លោក ណុះ ស្លេះ ដែលជាអនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា​ លោកឧកញ៉ា​ ឧកញ៉ា អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់ លោក Karl Heinrich Knauf ជាម្ចាស់ឃ្លឹប Flamingo Jet Ski ដែលបានរ៉ាប់រង ស្ទើរតែទាំងស្រុងដល់សហព័ន្ធ សម្រាប់ព្រឹត្តិការណ៍ Asian Games លើកទី១៨ នេះ ទាំងថវិកា និងបច្ចេកទេស ជាពិសេសគឺការផ្តល់ ជូនគ្រូបង្វឹកប្រចាំក្លឹបរបស់ខ្លួន លំដាប់ពិភពលោក គឺលោក Talakuran Chris ជាអ្នកបណ្តុះបណ្តាល ដល់វីរកីឡាករជម្រើសជាតិ កម្ពុជាយើង រហូតបានទទួលជោគជ័យ ជាប្រវត្តិសាស្រ្ត។

មានប្រសាសន៍ទៅកាន់ម្ចាស់ មេដាយមាស និងសំរឹទ្ធព្រមទាំងស្ថាបនិក សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ពីភាពជោគជ័យ ដ៏ត្រចះត្រចង់ មកដល់ថ្ងៃនេះ គឺដោយសារតែការផ្តល់នូវកម្លាំងចិត្ត និងស្មារតីជ្រោមជ្រែង យ៉ាងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ដែលរងចាំទទួលស្វាគមន៍ដោយភាពកក់ក្តៅ ដល់ការអញ្ជើញនិវត្តរបស់វីរកីឡាករ កីឡាការនីយើង នៅឯវិមានសន្តិភាព កាលពីល្ងាចថ្ងៃទី ០៣ កញ្ញា ២០១៨ម្សិលមិញ ជាមួយនឹងអនុសាសន៍ ផ្តល់កម្លាំងចិត្ត និងផ្តល់រង្វាន់លើកទឹកចិត្ត យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ៕

Facebook Comments

To Top