កីឡា

ផ្លូវការ! Honda ដឹកនាំក្រុមគោព្រៃកម្ពុជា ហ្វឹកហាត់ថ្ងៃដំបូង ល្ងាចនេះ

ភ្នំពេញ៖ តារាបាល់ទាត់អន្ដរជាតិ Keisuke Honda បានមកដល់ទឹកកម្ពុជា កាលពីល្ងាចមិញ ហើយលោកនឹងបើក យុទ្ធនាការដឹកនាំ ក្រុមជម្រើសជាតិកម្ពុជា ធ្វើការហ្វឹកហាត់ថ្ងៃដំបូង នាល្ងាចថ្ងៃទី០៤ ខែកញ្ញានេះ នៅលើទីលាន ពហុកីឡដ្ឋានជាតិ ។

ក្នុងឋានៈជាអ្នកចាត់ការទូទៅ និងជាគ្រូបង្វឹក របស់ក្រុមជម្រើសជាតិកម្ពុជា Honda បានធ្វើដំណើរ មកកម្ពុជាស្ងាត់ៗ មិនត្រូវបានជូនដំណឹងពីសហព័ន្ធនោះទេ ។ ប៉ុន្ដែកាលពីល្ងាចមិញ គាប់ជួនមានអ្នកសារព័ត៌មាន និងអ្នកគាំទ្រ កំពុងរង់ចាំអបអរដំណើរវិល ត្រឡប់របស់ម្ចាស់មេដាយមាស Asian Games លើកទី១៨ ក៏ទើបប្រទះលោកចេញពី អាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញតែម្ដង។

បន្ទាប់ពីធ្វើដំណើរទៅដល់ សណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ លោកមិនបង្អង់យូនោះទេ ដោយលោកបាន កោះប្រជុំកីឡាករ ក្រុមជម្រើសជាតិ ដែលមានសមាជិកសរុប ២៣នាក់ភ្លាមៗ ដើម្បីជជែកអំពីផែនការផ្សេងៗ មុនចាប់ផ្ដើមការហ្វឹកហាត់ផ្លូវការនា ល្ងាចនេះផងដែរ ដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិ ម៉ាឡេស៊ី នាល្ងាចថ្ងៃទី១០ ខែកញ្ញាខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕ ដោយ៖ លី សង្ហារ

Facebook Comments

To Top