អន្តរជាតិ

ផ្ទុះអំពើហិង្សានៅ ភាគខាងត្បូងរដ្ឋធានីទ្រីប៉ូលី ពលរដ្ឋលីប៊ីប្រមាណជាង ១.៨០០គ្រួសារ បង្ខំចិត្តជម្លៀសខ្លួនចេញ

ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះថា រដ្ឋាភិបាលលីប៊ី បានប្រកាសឲ្យដឹងកាលពីយប់ថ្ងៃចន្ទថា ពលរដ្ឋប្រមាណជាង ១.៨០០គ្រួសារ បានជម្លៀសខ្លួនចេញ ដោយសារមានផ្ទុះអំពើហិង្សា នៅភាគខាងត្បូងនៃរដ្ឋធានី ទ្រីប៉ូលី ។

ក្រសួងកិច្ចការជនភៀសខ្លួន ពលរដ្ឋបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សរុបទៅមានចំនួន១.៨២៥គ្រួសារ ត្រូវបានជម្លៀសខ្លួនចេញពីតំបន់ចំនួន៧កន្លែង នៅរដ្ឋធានីទ្រីប៉ូលី ដើម្បីទៅកាន់ទីកន្លែងសុវត្ថិភាព ជាលទ្ធផលបានបង្ហាញអំពីការប៉ះទង្គិចគ្នាដោយអាវុធរវាង ក្រុមកម្លាំងរដ្ឋាភិបាល និងក្រុមយោធាសកម្មប្រយុទ្ធ ។

នៅក្នុងសេចក្តីប្រកាសបានឲ្យដឹងថា ពលរដ្ឋប្រមាណជាង២.០០០នាក់រងទុក្ខ ដែលមានអ្នកខ្លះបានរងរបួស ដោយសារតែមានការ បាញ់គ្រាប់ផ្លោង ។

ក្រសួងក៏បានព្យាករណ៍ថា យ៉ាងហោចណាស់ក្រុមគ្រួសារចំនួន១.០០០គ្រួសារ បានមកពីតំបន់ភាគខាងត្បូងរដ្ឋធានីទ្រីប៉ូលី នឹងជម្លៀសខ្លួនចេញ នៅក្នុងករណីប៉ះទង្គិចគ្នា និងចំនួននៃអ្នកស្លាប់ជនស៊ីវិល អាចនឹងកើនឡើង ខណៈដែលលទ្ធផលនៃការបាញ់ប្រហារគ្នា កាន់តែខ្លាំងឡើងៗ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top