ព័ត៌មានជាតិ

ប្រើកាំបិតប៉័ងតោ ប្លន់យកទូរស័ព្ទដៃ បានសម្រេច យកទៅទិញគ្រឿងញៀន

ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍និរោធ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាព លួចមាន ស្ថានទម្ងន់ទោស (ប្រើកាំបិតប៉័ងតោ គម្រាមប្លន់យកទូរស័ព្ទដៃ) កាលពីវេលាម៉ោង ៦និង៣០ នាទី យប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចមុខវត្តនិរោធ តាមផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យឈ្មោះ ទឹម វឌ្ឃនៈ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ចំណែកជនរងគ្រោះឈ្មោះ អ៊ុក ចន្និ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៤ ផ្លូវលំ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចប៉ុស្តិ៍បានប្រាប់អោយដឹងថា កាលពីវេលាម៉ោង ២និង៣០នាទីយប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ បុរសជនរងគ្រោះបានដើរចេញពីផ្ទះមិត្តភក្តិនៅសង្កាត់ច្បារអំពៅទី២ ដោយត្រលប់ ទៅផ្ទះនៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ខណៈពេលមកដល់ចំណុច កើតហេតុខាងមុខវិទ្យាល័យច្បារអំពៅ ស្រាប់តែមានជនសង្ស័យម្នាក់បានយកកាំបិតប៉័ងតោ មកគម្រាមប្លន់យកទូរស័ព្ទមួយគ្រឿងម៉ាក I Phone 6 ពណ៌ទឹកមាស បានសម្រេចរួចគេច ខ្លួនបាត់។

ប្រភពដដែលបានបន្តថា ក្រោយពីជនសង្ស័យធ្វើ សកម្មភាពប្លន់បានសម្រេច បានយកទូរស័ព្ទ ទៅបញ្ចាំនៅម្តុំច្បារអំពៅ ក្នុងតម្លៃ២០ម៉ឺនរៀល និង យកទៅទិញគ្រឿងញៀនជក់ ស៊ីចាយផឹក ស៊ីជាមួយមិត្តភ័ក្រ្តអស់។ លុះដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៨និង៣០នាទី ជនរងគ្រោះឃើញជនសង្ស័យនៅមុខវត្តនិរោធ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏មករាយការណ៍ប្រាប់សមត្ថកិច្ចយើងចុះទៅ ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការ ដ្ឋាននគរបាល ខណ្ឌច្បារអំពៅតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវនគរបាលប៉ុស្តិ៍សួរនាំ និង កសាងសុំណុំរឿងបញ្ជូនខ្លួន ទៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមនិតិវិធីបន្ត៕

ដោយ៖ ប៉ិច នរៈ

Facebook Comments

To Top