អន្តរជាតិ

ប្រធានសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ជំរុញឲ្យមីយ៉ានម៉ា ដោះលែង អ្នកសារព័ត៌មានរ៉យទ័រ

បរទេស៖​ ឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ លោក Michelle Bachelet តាមសេចក្តីរាយការណ៍ បានស្នើប្រទេសមីយ៉ានម៉ា ឲ្យដោះលែងអ្នកកាសែតរ៉យទ័រពីររូប ដែលជាប់ពន្ធនាគារ ព្រោះតែសេចក្តីរាយការណ៍របស់ពួកគេ ស្តីពីវិបត្តិពួកមូស្លីមរ៉ូហ៊ីងយ៉ា ក៏ដូចជាអ្នកកាសែតផ្សេងទៀត ដែលត្រូវជាប់ឃុំ ព្រោះតែអនុវត្តសេរីភាព បញ្ចេញមតិរបស់ពួកគេ ។

ចៅក្រមមីយ៉ានម៉ា នៅព្រឹកថ្ងៃចន្ទ បានរកឃើញថា អ្នកកាសែតរ៉យទ័រពីររូប មានទោសពីបទបំពានច្បាប់ ស្តីពីការសម្ងាត់រដ្ឋ និងបានសម្រេចដាក់ ពន្ធនាគារពួកគេចំនួន៧ឆ្នាំ ហើយសំណុំរឿងក្តីដ៏កក្រើកនេះ ត្រូវបានគេមើលឃើញថា ជាការសាកល្បងពីភាពវិវត្ត ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Bachelet បានមានប្រសាសន៍យ៉ាងដូច្នេះថា “ការកាត់ទោសពួកគេនេះ គឺអនុវត្តតាមនីតិវិធីមួយ ដែលបំពានបទដ្ឋានអន្តរជាតិ យ៉ាងច្បាស់ក្រឡែត ហើយវាផ្ញើសារមួយឲ្យដល់ អ្នកកាសែតទាំងអស់ ក្នុងប្រទេសមីយ៉ានម៉ាថា ពួកគេមិនអាចធ្វើប្រតិបត្តិការ ដោយគ្មានភាពភ័យខ្លាចបានទេ ក្រៅពីការត្រូវតែធ្វើការជ្រើសរើស ធ្វើការតិទៀនខ្លួនឯង ឬក៏ប្រថុយនឹងការកាត់ទោស” ៕

ដោយ៖ ប៉ាង កុង

Facebook Comments

To Top