កីឡា

ប្រធានបក្សយុវជនកម្ពុជា សាទរកីឡាការិនី ខាន់ ចេសា ទទួលមេដាយមាសជូនជាតិ

ភ្នំពេញ៖ ក្រោយពីវីរកីឡាករ-កីឡាការិនី កម្ពុជាពីររូប ទទួលបានជ័យលាភីមេដាយមាស ២គ្រឿង ក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅឥណ្ឌូនេស៊ី ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានចូលរួមអបអរសាទរ ដល់កីឡាការិនីដ៏ឆ្នើម របស់ប្រទេសកម្ពុជា ដែលបានទទួលបានជ័យលាភី មេដាយមាសជូនជាតិ កាលពីពេលថ្មីៗនេះ លើវិញ្ញាសាកីឡាជឺជិតស៊ូ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំនួបសំណេះសំណាល ជាមួយក្រុមកីឡាករ-កីឡាការិនី ទទួលមេដាយមាស កាលពីរាត្រីថ្ងៃ៣ ខែកញ្ញា ឆ្នាំ២០១៨ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា គណបក្សនយោបាយនានា នឹងសម្តែងការអបអរសាទរចំពោះជ័យលាភី ដែលបានខិតខំប្រកួត ដណ្ដើមបានមេដាយមាស លើកស្ទួយកិត្តិយសប្រទេសជាតិ ខណៈអតីតបក្សប្រឆាំង មិនដែលអបអរសាទរសូម្បីតែម្ដង ។

យោងតាមបណ្ដាញ ទំនាក់ទំនងហ្វេសប៊ុករបស់ ពេជ្រ ស្រស់ បានឲ្យដឹងថា “សូមអបអរសាទរចំពោះកីឡាការនី ខាន់ ចេសា ដែលធ្វើឲ្យប្រទេសកម្ពុជា មានភាពល្បីល្បាញលើឆាកអន្តរជាតិ ជាពិសេស លើកមុខមាត់កម្ពុជាយ៉ាងខ្លាំង លើឆាកអន្តរជាតិ ជយោ! ជយោ! ជយោ! ព្រះរាជាណាចក្រកម្ពុជា”។

គួរបញ្ជាក់ថា ការប្រកួតកីឡាអាស៊ី បានចាប់ផ្តើមធ្វើឡើង ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២ខែកញ្ញា ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ ហើយកម្ពុជា បានបញ្ជូនកីឡា១៣ប្រភេទ ទៅចូលរួមប្រកួត។ ក្នុងចំណោម ប្រភេទកីឡាទាំង១៣ប្រភេទនេះ កម្ពុជាដណ្ដើមបានមេដាយមាស២ និងសំរឹទ្ធ១ លើប្រភេទកីឡាម៉ូតូទឹក ដោយកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស១និងសំរឹទ្ធ១ និង កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាស១ លើវិញ្ញាសាកីឡាជឺជិតស៊ូ៕
ដោយ៖ ធី លីថូ

Facebook Comments

To Top