ភ្នំពេញ៖ សេចក្តីរាយការណ៍ព័ត៌មាន បានឲ្យដឹងថា អគ្គរដ្ឋទូតមហាអំណាច២ គឺសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប នឹងមិនចូលរួម កិច្ចប្រជុំសភា នីតិកាលទី៦ លើកដំបូងក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់ របស់ព្រះកុរណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃពុធទី ៥ ខែកញ្ញា ឆ្នាំ២០១៨ នេះនោះទេ។
វិទ្យបារាំងអន្តរជាតិ ជាខេមរភាសា បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា ដែលជិតផុតអាណត្តិ លោកWilliam Heidt នឹងមិនបានចូលរួម សម័យប្រជុំដំបូងនៃសភាថ្ មីរបស់កម្ពុជានោះទេ។ នេះបើតាមការបញ្ជាក់របស់ស្ថានទូត អាមេរិកប្រចាំ នៅទីក្រុងភ្នំពេញ។ បើតាមស្ថានទូតអាមេរិក នេះគឺដោយសារតែលោកឯកអគ្គរដ្ឋទូត William Heidt បានចាកចេញពីប្រទេសកម្ពុជា តាំងពីចុងសប្តាហ៍មុន ដើម្បីទៅចូលរួមការពិគ្រោះយោបល់ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ប្រភពដដែលបន្តថា “ចំណែកលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅប្រទេសកម្ពុជាវិញ លោកបានបញ្ជាក់តាំងពីមិនទាន់ទទួលបានលិខិតអញ្ជើញ ពីរដ្ឋសភាកម្ពុជាមកម្ល៉េះ ថាលោកមិនបានចូលរួមការប្រជុំដំបូង នៃរដ្ឋសភាថ្មីរបស់កម្ពុជានោះទេ។ អវត្តមានរបស់លោកនេះ គឺដោយសារតែ លោកត្រូវចេញទៅចូលរូម ការប្រជុំផ្សេងៗ នៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក។ ដូច្នេះហើយទើបលោកមិនអាចនៅចូលរួមបាន។ យ៉ាងណាក៏ដោយ ទាំងស្ថានទូតសហភាពអឺរ៉ុប និងអាមេរិក សុទ្ធតែមិនព្រមបញ្ជាក់ទេថា តើពួកគេនឹងមានបញ្ជូនតំណាងទៅចូលរួមជំនួសឫយ៉ាងណានោះ”។
ទោះជាបែបនេះក្តី វិទ្យុបារាំង ក៏បានដកស្រង់សម្តី លោក ឡេង ប៉េងឡុង ជាអ្នកនាំពាក្យរដ្ឋសភា “បើទោះបីឯកអគ្គរដ្ឋទូតទាំងពីរនេះមិនចូលរួមនៅក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភាថ្មីក៏ដោយ ក៏វាមិនប៉ះពាល់ដល់ការប្រជុំឡើយ ដោយនៅពេលនេះ រដ្ឋសភាបានរៀបចំត្រៀមការប្រជុំរួចរាល់អស់ហើយ។ “។
តែយ៉ាងណា រដ្ឋធម្មនុញ្ញកម្ពុជា មិនបានតម្រូវឲ្យប្រទេសណាមួយ ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះទេ ហើយក៏មិនបានកំណត់ថា ទាល់តែមមានវត្តមានអង្គទូតណាមួយ ទើបដំណើរការប្រព្រឹត្តិទៅនៃការប្រជុំសភាលើកដំបូង នៃនីតិកាលរដ្ឋសភានីមួយៗ ក៏ទេដែរ ព្រោះកម្ពុជា ជាប្រទេសឯករាជ្យ និងអធិបតេយ្យពេញបរិបូរណ៍៕
Facebook Comments
