ព័ត៌មានជាតិ

តូចចិត្តគ្មានលុយចិញ្ចឹមកូន រីឯប្តីចេញទៅធ្វើកម្មករ មិនព្រមមកផ្ទះ ពរកូនស្រី​អាយុ៣ខែ រត់ចូលរថយន្ត បំណងសម្លាប់ខ្លួន​

ស្វាយរៀង៖ តូចចិត្តគ្មានលុយចិញ្ចឹមកូន រីឯប្តីចេញទៅធ្វើកម្មករមិនព្រមមកផ្ទះ ពរកូនស្រី​អាយុ៣ខែ រត់ចូលរថយន្ត ​និងម៉ូតូ ​បំណងសម្លាប់​ ។ ហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ​ ​ ភូមិសម្ភ័រ ឃុំសំបួរ​ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមស្ត្រីគិតខ្លី ប៉ងសម្លាប់ខ្លួន បានអោយដឹងថា រូបគេមានឈ្មោះសូមុំ រស់នៅក្នុងគ្រួសារក្រីក្រ មួយ​ក្នុងភូមិកើតហេតុ ត្រូវបានម្តាយឪពុកបង្កើត បងប្អូនកាត់កាលចោល ព្រោះតែស្រឡាញ់ប្តី ដែលឪពុកម្តាយមិនពេញចិត្ត ហើយក៏សំរេចចិត្ត រត់ទៅរៀបការខាងប្តី បានជាង១ឆ្នាំមកហើយ ជាប់ជាចំណងដៃកូនស្រីមួយ ដែលទើបតែមានអាយុ៣ខែ។
ខណៈដែលប្តី ចេញទៅធ្វើជាកម្មករលីសែង នៅក្នុងដេប៉ូឈើមួយកន្លែង​ ក្នុងភូមិសម្ភ័រ ឃុំសំបួរ ដើម្បីរកថវិកាមកផ្គត់ផ្គង់ក្នុងគ្រួសារ តែក្តីសង្ឃឹម បានប្រែជារលាយសាបសូន្យ ដោយចាប់តាំងពីប្តីខ្លួន មកធ្វើការជាកម្មករ នៅកន្លែងដេប៉ូឈើនេះ មិនដែលទៅផ្ទះវិញទេ ហើយលុយកាក់ ក៏មិនឃើញផ្ញើអោយដែរ ធ្វើអោយជីវភាពក្នុងគ្រួសារ រស់នៅក្នុងខ្ទមកំសត់ សូម្បីតែភ្លើងក៏គ្មានប្រើផង ផ្ទះងងឹតសូន្យសុង លឺតែសំឡេងកង្កែបចង្រិត យំពេលរាត្រី សុខចិត្តយំអោបកូនខ្ចី ស្រណោះខ្លួនរត់តាមប្តី តែប្តីមិននៅជួបជុំ ជីវិតហាក់បីដូចអស់សង្ឃឹម ចង់តែស្លាប់ ដើម្បីផុតទុក្ខ ដ៏មហាសែនលំបាកមួយនេះ។

បើតាមស្ត្រីអភ័ព្ធខាងលើ បានបន្តទៀតថា ពេលដាំបាយគ្មានអង្ករច្រកឆ្នាំង រត់ទៅខ្ចីអង្ករអ្នកជិតខាង សង្ឃឹមលុយប្តី តែមិនឃើញប្តីមក ក៏សម្រេចចិត្តជួលម៉ូតូឌុប ជិះមកតាមប្តីដើម្បីបានលុយខ្លះ អ្វីៗមិនដូចបំណងប្រាថ្នាទាល់តែសោះ ខណៈមកជួបមុខប្តី បែរជាប្តីមិនព្រមទៅផ្ទះ ហើយចង់ចែកផ្លូវទៅទៀត តើអោយស្ត្រីណាមិនឈឺចិត្ត ទើបរូបនាងសំរេចចិត្ត រត់ចូលរថយន្តនិងម៉ូតូគេ ដើម្បីបញ្ចប់ជីវិតដ៏ស្មុគស្មាញមួយនេះ។

ស្រីមុំ បានរៀបរាប់ទាំងទ្រហោយំទៀតថា ប្តីខ្លួនមានឈ្មោះ យស់ កាន អាយុ២៦ឆ្នាំ ជាអ្នកភូមិជាមួយគ្នា ចាប់តាំងរៀបការជាមួយគ្នា បានជាងមួយឆ្នាំមកនេះ ពុំដែលវាយតប់នាងទេ ហើយកាលពីមិនទាន់ មកធ្វើការកន្លែងលក់ឈើនេះ គេមានមុខរបរដើរតាមឡានដឹកឥដ្ឋ ហើយបានមកផ្ទះ ជួបជុំប្រពន្ធកូនរាល់ថ្ងៃ និងបានលុយចូលផ្ទះខ្លះ តែចាប់តាំងប្តីខ្លួនមានមិត្តភក្កិ ធ្វើការនៅដេប៉ូឈើនេះ បានអូសទាញប្តី អោយមកធ្វើការ មិនទៅផ្ទះវិញទេ ធ្វើអោយនាងកំព្រារងារ រស់នៅតែពីរនាក់ម្តាយកូន យ៉ាងវេទនាជាពន់ពេក។

ពាក់ព័ន្ធនិងករណីនេះដែរ បើតាមឈ្មោះ យស់ កាន ត្រូវជាប្តីរបស់នារីគិតខ្លី បានបញ្ជាក់ថា ខ្លួនមិនបានរត់ចោលប្រពន្ធកូនទេ ដោយសារជីវភាពខ្វះខាត ចេញពីផ្ទះមកធ្វើកម្មករលីសែងអោយគេ នៅដេប៉ូឈើខាងលើនេះ គ្រាន់តែមិនបានទៅផ្ទះ ព្រោះរវល់ទៅតាមរថយន្តដឹកឥវ៉ាន់ មកវិញយប់ មិនបានទៅផ្ទះវិញតែប៉ុណ្ណោះ ហើយក៏មិនបានលែងលះគ្នាដែរ។

ក្រោយពីមានព្រឹត្តិការណ៍ភ្ញាក់ផ្អើលនេះ ប្រជាពលរដ្ឋក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន មកសាកសួរនិងធ្វើការអប់រំ កុំអោយស្ត្រីគិតខ្លីនេះ ធ្វើអំពើឆោតល្ងង់បែបនេះតទៅទៀត និងត្រូវចេះស្រឡាញ់គ្រួសារ ជាពិសេសកូនដែលនៅតូចមិនដឹងអី ហើយមករងគ្រោះដោយសារម្តាយគិតខ្លី។ ដោយមានក្តីអាណិតមេត្តា មានសប្បុរសជនម្នាក់ ឈ្មោះ សុន សុខជាតិ ក៏ជូនថវិកាទៅស្ត្រីគិតខ្លី ចំនួន២ម៉ឺនរៀលផងដែរ៕
ដោយ៖យាង ដានុត

Facebook Comments

To Top