ព័ត៌មានជាតិ

ចិនគ្រោងវិនិយោគជាង ១ពាន់លានដុល្លារ ដើម្បីសាងសង់ ក្រុងវិស្សមកាលទេសចរណ៍ នៅកោះកុង

ភ្នំពេញ៖ ក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេមបូឌា (UNION Development Group Co., Ltd. Cambodia) គ្រោងនឹងវិនិយោគទឹកប្រាក់ ១,២០០លានដុល្លារ ដើម្បីបើកការដ្ឋានសាងសង់ «ក្រុងវិស្សមកាលទេសចរណ៍» នៅខេត្តកោះកុង នៅដើមឆ្នាំ២០១៩ ដើម្បីរួមចំណែកលើកកម្ពស់វិស័យ ទេសចរណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម។

គម្រោងនេះ ត្រូវបានបង្ហើបក្នុង ជំនួបពិភាក្សារវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក លី តាវ (Li Tao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេមបូឌា ដែលបានកំពុងធ្វើការ អភិវឌ្ឍគម្រោងតារាសាគរ (តំបន់ពិសោធន៍អភិវឌ្ឍន៍ វិនិយោគចម្រុះកម្ពុជា-ចិន) នៅស្រុកគិរីសាគរ និងស្រុកបទុមសាគរ ខេត្តកោះកុង កាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។

ឱកាសនោះ លោក លី តាវ បានថ្លែងថា “ក្រុងវិស្សមកាលទេសចរណ៍ នឹងសាងសង់លើផ្ទៃដីសរុបចំនួន១,២០០ហិតា ដែលប្រមូលផ្តុំដោយហេដ្ឋារចនាសម្ព័ន្ធចម្រុះដូចជា សណ្ឋាគារលំដាប់ផ្កាយ ៥ , ខុនដូទំនើប , បឹងកាឡូ , ការិយាល័យធ្វើការ , មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសួនកម្សាន្តខ្នាតអន្តរជាតិ”។

លោកបន្ដថា គម្រោងនេះ នឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ហើយក្រុមហ៊ុននឹងខិតខំស្វែងរកដៃគូវិនិយោគ ចូលរួមជាមួយគម្រោងនេះ តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន (CAEXPO) លើកទី១៥ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១១ ដល់ទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។

ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនយូញៀន ដែលបានដាក់ទុនវិនិយោគ យ៉ាងច្រើននៅខេត្តកោះកុង ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ច ទេសចរណ៍កម្ពុជា និងបង្កើតការងារ ឲ្យប្រជាពលរដ្ឋ ។

លោកក៏បានប្រកាសគាំទ្រ និងបង្ហាញជំនឿថា គម្រោងក្រុងវិស្សមកាលទេសចរណ៍ នឹងជួយពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល ព្រមទាំងលើកស្ទួយកិត្តិនាមរបស់កម្ពុជា ក្នុងការទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនចូលមកបណ្តាក់ទុន កាន់តែច្រើនថែមទៀត នាពេលអនាគត ហើយក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជា នឹងរង់ចាំជួយសម្របសម្រួល គម្រោងវិនិយោគនេះជានិច្ច។

សូមជម្រាបថា ក្រុមហ៊ុន យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេមបូឌា បានចុះកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០០៨ ដើម្បីធ្វើការអភិវឌ្ឍគម្រោងតារាសាគរ លើផ្ទៃដីសរុបទំហំ ៣៦,០០០ហិចតា។ មកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានកំពុងសម្រុកអនុវត្តន៍ គម្រោងទៅតាមផែនការ ដោយបានបណ្តាក់ទុន វិនិយោគចំនួនជាង ១,៥០០លានដុល្លារហើយ លើការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់មួយចំនួនរួមមាន៖ ប្រព័ន្ធគមនាគមន៍, ក្លឹបវាយកូនហ្គោល, ព្រលានយន្តហោះ, កំពង់ផែទឹកជ្រៅអន្តរជាតិ, សួនលម្អ, បណ្តាញទឹកស្អាត និងប្រព័ន្ធអគ្គិសនី ជាដើម ៕

ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top