ព័ត៌មានជាតិ

ឃាត់ខ្លួន ជនអន្តោប្រវេសន៍ ខុសច្បាប់វៀតណាម ១៥នាក់ នៅច្បារអំពៅ២

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការចម្រុះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តសេនីយ៍ឯក អ៊ុក ហៃសីឡា សហការជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលពីលោកសៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យផ្ទះជួល មានទីតាំង នៅតាមបណ្តោយផ្លូវលេខ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពីទី២ ខណ្ឌច្បារអំពៅ ។

ជាលទ្ធផលកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិវៀតណាម ១៥នាក់ ស្រី៦នាក់ ដែលចូលមកស្នាក់នៅរកស៊ី និងធ្វើការខុសច្បាប់ ពោលគឺគ្មានឯកសារត្រឹមត្រូវតាមនីតិវិធី ដែលមានចែងនៅក្នុងច្បាប់អន្តោប្រវេសន៍ ។

ជនជាតិវៀតណាមទាំង១៥នាក់ ចូលមកធ្វើការរកស៊ី និងស្នាក់នៅខុសច្បាប់នោះ បច្ចុប្បន្នត្រូវបានបញ្ជូន ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបំពេញបែបបទ បញ្ជូនទៅសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំការសម្រេចជាចុងក្រោយ បញ្ជូនខ្លួនទៅកាន់ប្រទេសដើមវិញ ៕ ដោយ ប៉ិច នរៈ

Facebook Comments

To Top