កីឡា

គ.ប.ម សាទរវីរកីឡាករ និងវីរកីឡាការិនី កម្ពុជា ពីររូបដែលនាំមេដាយមាស ២ និងសំរឹទ្ធ ១ជូនកម្ពុជា

ភ្នំពេញ៖ លោក សាម អ៊ីន អ្នកនាំពាក្យ គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន (គ.ប.ម) នៅថ្ងៃទី៤ខែកញ្ញានេះបានសម្ដែងការ អបអរសាទរ ចំពោះ វីរកីឡាករ វីរកីឡាការិនី កម្ពុជាពីររូប គឺកញ្ញា ខាន់ ចេសា និងលោក សាលី អ៊ូមើត ដែលបាននាំមេដាយ មាស ២ និងសំរឹទ្ធ ១ ដល់កម្ពុជា ពីការប្រកួតកីឡា Asian Games។

សូមរំលឹកថា ក្រោយពីវីរកីឡាករ វីរកីឡាការិនី កម្ពុជាពីររូប ទទួលបានជ័យលាភី មេដាយមាស២គ្រឿង ក្នុងការប្រកួតកី ឡាអាស៊ី (Asian Games) លើកទី១៨ នៅឥណ្ឌូនេស៊ី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញក្តី សង្ឃឹម យ៉ាងមុតមាំថា គណបក្សនយោបាយ នានានឹងសម្តែងការ អបអរសាទរចំពោះជ័យលាភី ដែលបានខិតខំ ប្រកួតដណ្ដើម បានមេដាយមាស លើកស្ទួយកិត្តិយស ប្រទេសជាតិ ខណៈអតីតបក្សប្រឆាំងមិនដែល អបអរសាទរសូម្បីតែម្ដង។

លោក សាម អ៊ីន បានសរសេរ ក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកថា” ចូលរួមសាទរដល់ កញ្ញា ខាន់ ចេសា និងលោក សាលី អ៊ូមើត ដែលបាន នាំមេដាយមាស ២ និងសំរឹទ្ធ ១ ដល់កម្ពុជា ពីការប្រកួតកីឡា Asian Games។នេះជាការផ្តល់មោទនភាពជាតិមួយ ដែលខ្មែរយើង ខ្វះខាតយ៉ាងខ្លាំង ក្រោយសម័យអង្គរ”។

ការដណ្តើមបានមេដាយមាស របស់កីឡាករ សាលី អ៊ូមើត និងកញ្ញា ខាន់ ចេសាពីការ ប្រកួតក្នុងព្រឹត្តិការណ៍ កីឡាអាស៊ីលើក ទី១៨នៅប្រទេស ឥណ្ឌូនេស៊ី នាពេលនេះ គឺជាការបំបែកកំណត់ត្រា ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជាក្នុងរយៈពេល ៦៤ឆ្នាំ​ ចាប់តាំងពីបានចូលរួមប្រកួតកីឡា ប្រចាំទ្វីបអាស៊ីមួយនេះ នាឆ្នាំ១៩៥៤។

គួរបញ្ជាក់ថា ការប្រកួតកីឡាអាស៊ី បានចាប់ផ្តើមធ្វើឡើងពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២ខែកញ្ញា ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ កម្ពុជាបានបញ្ជូនកីឡា ១៣ប្រភេទទៅចូលរួមប្រកួត។ ក្នុងចំណោមប្រភេទកីឡាទាំង ១៣ប្រភេទនេះ កម្ពុជាដណ្ដើមបានមេដាយមាស២ និងសំរឹទ្ធ១ លើប្រភេទកីឡាម៉ូតូទឹក ដោយកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស១និងសំរឹទ្ធ១ និង កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាស១ លើវិញ្ញាសាកីឡាជឺជិតស៊ូ៕

Facebook Comments

To Top