ព័ត៌មានជាតិ

Update ៖ ក្រសួងសុខាភិបាល ចាត់វិធានការ ទប់ស្កាត់ជំងឺផ្សេងៗ ក្រោយទឹក ជំនន់ស្រក

ភ្នំពេញ ៖ ក្រោយទឹកជំនន់ ស្រកទៅវិញ អាចនឹងមានជំងឺ រាតត្បាតមួយចំនួន ដែលមិនអាច មើលឃើញដូចជា រាគ គ្រុនឈាម រមាស់ និងជំងឺព្រូនជាដើម ដើម្បីចៀសផុត ពីបញ្ហាទាំងនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាននឹងកំពុងចាត់វិធានការ ដើម្បីទប់ស្កាត់ នូវជំងឺទាំងនេះ ឲ្យបានទាន់ពេលវេលា។

យោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល ដែលចុះហត្ថលេខាដោយ លោកម៉ម ប៊ុនហេង ស្ដីពី “ការបង្ការបញ្ហាសុខភាពក្រោយទឹកជំនន់ស្រក នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា “ខ្ញុំសូមអំពាវបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងនូវផលប៉ះពាល់ ដោយសារទឹក ជំនន់ចូលរួមអនុវត្តន៍វិធានការ ការពារសុខភាពរបស់បងប្អូន” ។

សេចក្ដីណែនាំបន្តថា វិធានការទប់ស្កាត់នោះរួមមាន ៖ ត្រូវបន្តបរិភោគចំណីអាហារ(ស្អាត ឆ្អិនល្អ) និងប្រើប្រាស់ទឹកឲ្យបានស្អាត ព្រមទាំងអនាម័យខ្លួនប្រាណ និងឧស្សាហ៍សម្អាតដៃ និងសាប៊ូរាល់ពេលចំអិនអាហារ មុនពេលបរិភោគនិងក្រោយ ពេលបន្ទោរបង់ ។ ត្រូវសំរាន្ត ក្នុងមុងដើម្បីការពារជមងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺផ្សេងដែលឆ្លងដោយសារមូស។ ត្រូវពិនិត្យមើលផ្ទះសម្បែង ក្រែងមានបាក់ស្រុត នាំឲ្យមានគ្រោះថ្នាក់ ប្រុងប្រយ័ត្នក្រែងមាន សត្វពស់ ឬសត្វអសិរពឹសផ្សេងៗ ។

ក្នុងនោះត្រូវសម្អាតបរិស្ថានជុំវិញផ្ទះ និងក្នុងផ្ទះ។ ត្រូវលុបថ្លុក ឬកន្លែងដែលមានទឹកដក់ ដែលជាហេតុនាំឲ្យកើតមាននូវដង្កូវទឹក បណ្ដាលឲ្យកើតចេញជាមូសបាន។ ចាំបាច់ត្រូវស្ដារ និងសម្អាតអណ្ដូងទឹកឡើងវិញ មុននឹងប្រើប្រាស់ ។ ត្រូវជួសជុលនឹងសាងបង្គន់ឡើងវិញ ។ ត្រូវហាលកម្រាល ឬសម្ភារៈប្រើប្រាស់ដែលសើម និងបើកទ្វារ បើកបង្អូចទាំងអស់ ឲ្យមាន លំហូរខ្យល់ចេញចូលគ្រប់គ្រាន់ក្នុងផ្ទះ ដើម្បីកុំឲ្យមានការដុះផ្សិត ដែលអាចបង្កឲ្យមាន ជំងឺរាគរូសបាននិងជំងឺផ្លូវដង្ហើមផងដែរ។ ត្រូវចៀសវាង ប៉ះពាល់ខ្សែភ្លើងដែលបានធ្លាក់ចុះ នឹងត្រូវប្រុងប្រយ័ត្នអាចមានបំណែកកញ្ចក់ ឬដែកស្រួច នៅក្នុងបរិវេណផ្ទះ ដែលអាចមាន ការមុតនិងរបួសបាន។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលបាន ជំរុញឲ្យក្រសួងពាក់ព័ន្ធទាំង អស់ ចូលរួមឆ្លើយតប នឹងភាពប្រឈមថ្មីៗដែលកើតឡើង ដោយសារជំងឺមិនឆ្លង ដើម្បីឆ្លើយ តប ទៅនឹងផែនការសកម្មភាព ពហុវិស័យជាតិ ស្ដីពី “ការការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ២០១៨-២០២៧ ដោយក្នុងនោះជំងឺមិនឆ្លងចំនួន៤ ជាមូលហេតុនៃការស្លាប់ជាងពាក់កណ្តាល ក្នុងចំណោមការស្លាប់ ទាំងអស់នៅកម្ពុជា ៕

ដោយ ៖ ធីលីថូ

Facebook Comments

To Top