ព័ត៌មានជាតិ

Update៖តុលាការកោះហៅ លោក គឹម សុខ ខណៈលោក ពរកូនរត់ទៅក្រៅប្រទេស

ភ្នំពេញ ៖ លោក លាង សំណាត់ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នឹងបើកការស៊ើបសួរលើ លោក គឹម សុខ ពីបទបរិហាកេរ្ដិ៍សាធារណៈ ,ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ ខណៈលោក គេចខ្លួនទៅក្រៅប្រទេស ជាមួយកូនស្រី បន្ទាប់ចេញពីពន្ធនាគារ បានឃុំមួយរយៈពេលមក។

នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានព្រមានប្ដឹងលោក គឹម សុខ ដាក់ពន្ធនាគារវិញ ប្រសិនបើនៅតែព្រហើនហ៊ានរិះគន់កម្ពុជា ។ ការប្តឹងនោះ ធ្វើឡើងក្រោមហេតុផល លោក គឹម សុខ មិនទាន់ផ្តល់ប្រាក់ សំណង៨០០លានរៀលស្មើនឹងប្រមាណ២០ម៉ឺនដុល្លារ ឲ្យគណបក្សកាន់អំណាច ក្រោយចេញពីពន្ធនាគារ ដែលបាន ចោទប្រកាន់ មករាជរដ្ឋាភិបាល សម្លាប់មនុស្សជាប្រព័ន្ធ។

យោងតាមដីកាបង្គាប់ឲ្យលោក គឹម សុខ ចូលខ្លួនរបស់ សាលាដំបូងរាជធានីភ្នំពេញ នាពេលថ្មីៗនេះ ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨បានឲ្យដឹងថា “ដើម្បីសាកសួរយកចម្លើយពី ដំណើររឿង បរិហាកេរ្ដិ៍សាធារណៈ , ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ សាមីខ្លួនត្រូវយកលិខិតផ្សេងៗ ដែលទាក់ទងនិង រឿង ខាងលើនេះ មកជាមួយផងប្រសិនបើមាន” ។

កាលពីថ្ងៃទី១ កញ្ញា កន្លងមក លោក គឹម សុខ ដែលទើបតែចេញពីពន្ធនាគារ ហើយនិយាយរិះគន់មកលើរាជរដ្ឋាភិបាល ឥតសន្សំចៃមាត់នោះ បាននាំកូនស្រីអាយុ៦ឆ្នាំទៅដល់ប្រទេសថៃ ដើម្បីរងចាំទៅរស់នៅប្រទេសទី៣៕

Facebook Comments

To Top