ព័ត៌មានជាតិ

ឧកញ៉ាមួយរូប នឹងនាំចេញស្វាយ ៥០០តោន ទៅទីផ្សារអឺរ៉ុប ក្នុងទឹកប្រាក់ ជាង១លានដុល្លារ

ភ្នំពេញ៖ លោកឧកញ៉ា ហៃ លីអ៊ាង ប្រធានក្រុមហ៊ុន Confirel និងក្រុមហ៊ុនឱសថ PPM បានថ្លែងថា ក្រុមហ៊ុនរបស់លោក គ្រោងនឹងនាំចេញផ្លែស្វាយ ចំនួន៥០០តោន ក្នុងទំហំទឹកប្រាក់ ជាង១លានដុល្លារ ទៅកាន់ទីផ្សារអឺរ៉ុប នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់សន្និសីទ សារព័ត៌មានស្តីពី វគ្គបណ្តុះបណ្តាល អ្នកសារព័ត៌មានថ្មីៗ ផ្សព្វផ្សាយព័ត៌មានទាក់ទង ទៅនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូចនិងមធ្យម, បរិស្ថាន និងទេសចរណ៍ នៅតាមបណ្តាខេត្តនីមួយៗ នៃកម្ពុជា នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ លោកឧកញ៉ា ហៃ លីអ៊ាង បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោក បានចាប់ផ្ដើមចុះទៅទិញផ្លែស្វាយ ដើម្បីមើលថែ និងបេះដោយខ្លួនឯង ដើម្បីចេញទៅកាន់ ទីផ្សារអឺរ៉ុប ។

លោកឧកញ៉ាបញ្ជាក់ថា “គម្រោងរបស់យើង គឺនាំចេញនៅខែ១២ (ខែវិច្ឆិកា) ហ្នឹងតែម្ដង ។ នៅក្នុងហ្នឹងវាតាមតម្លៃ បើសិនជាទៅតាមគម្រោង របស់យើង គឺយើងត្រូវទិញពីប្រជាពលរដ្ឋ ជាង១លានដុល្លារ ប្រហែលពី១លាន៣សែន ទៅ១លាន៦សែនដុល្លារ” ។

ឧកញ៉ាសង្ឃឹមថា ការនាំចេញផ្លែស្វាយ ទៅកាន់ទីផ្សារអឺរ៉ុប ជាលើកដំបូង នឹងទទួលបានផ្លែផ្កាច្រើន ។ ចំពោះការប្រមូលទិញ ផ្លែស្វាយពីប្រជាពលរដ្ឋនេះ ក្រុមហ៊ុនទិញ ក្នុងតម្លៃ១គីឡូ ៣០០០រៀល ។

ទន្ទឹមគ្នានោះដែរ លោកឧកញ៉ា ក៏គ្រោងនឹងនាំចេញផ្លែ ផាសិន ទៅកាន់ទីផ្សារបរទេសផងដែរ ។

ជាពិសេសលោកឧកញ៉ា ក៏នឹងសាកល្បងនាំចេញម្រេច ដែលកែច្នៃជាតែម្រេចចំនួន ១០០គីឡូ ទៅកាន់សហរដ្ឋអាមេរិក ជាលើកដំបូងផងដែរ ៕

 

ដោយ ខា ដា

Facebook Comments

To Top