នយោបាយ

អ្នកនាំពាក្យបក្សកាន់អំណាច ស្នើអ្នកវិភាគឈប់ស្រមើស្រម៉ៃ រឿងសម្ដេចតេជោជួប សម រង្ស៊ី

ភ្នំពេញ ៖ ក្រោយពីអ្នកវិភាគ និងជាអ្នកឃ្លាំមើល ផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី ចង់ឃើញមានការចរចាគ្នា រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ជាមួយលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិក ឬសហគមន៍អឺរ៉ុបនោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានស្នើឲ្យអ្នកវិភាគរូបនោះ គួរបញ្ឈប់ការស្រមើស្រម៉ៃ ដែលចង់គៀរគរឆ្ពោះ ទៅរកការជួបប្រជុំ ព្រោះយ៉ាងណាក៏ពុំ មានលទ្ធភាពជាដាច់ខាត ។

សម្តេចតេជោ ក្នុងខែកញ្ញានេះ នឹងចូលរួមកិច្ចប្រជុំ នៅអង្គការសហប្រជាជាតិ (UN) និងកិច្ចប្រជុំមួយចំនួនទៀត នៅសហគមន៍អឺរ៉ុប(EU) ដូច្នេះតាមរយៈកិច្ចប្រជុំនេះ សម្តេច នឹងបង្ហាញមុខមាត់ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីអភិវឌ្ឍន៍នៅកម្ពុជា នា អាណត្តិថ្មីក្រោមការដឹកនាំ របស់សម្តេច ។

លោក សុខ ឥសាន បានសរសេរសារតាមបណ្តាញ ទំនាក់ទំនងអេឡិចត្រូនិច តេឡេក្រាម នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា នៅពេលសម្តេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ដើម្បីចូលរួមប្រជុំ មហាសន្និបាតនៅUN នាចុងខែកញ្ញានេះ។ ក្នុងនោះ មានមតិមួយចំនួន ក៏បានលើកឡើង ពីសុទិដ្ឋិនិយមចង់ឲ្យមានជំនួប រវាងសម្តេចជាមួយ មេឧទ្ទាមក្រៅច្បាប់ (សម រង្ស៊ី) ដែលពួកគេហៅថា ជាជំនួបដើម្បីរកដំណោះស្រាយ នយោបាយសម្រាប់កម្ពុជា ។

លោកថា និន្នាការចង់ឲ្យមានជំនួបបែបនេះ រវាងមេដឹកនាំប្រទេស ជាមួយមេដឹកនាំពួកឧទ្ទាមក្រៅច្បាប់ មិនអាចកើតមានឡើងឡើយ ។

អ្នកនាំពាក្យបក្ស កាន់អំណាចបន្តថា “សូមស្នើអ្នកនយោបាយស្ទើរភ្លើង និងអ្នកវិភាគលំអៀង គួរឈប់ស្រមើស្រម៉ៃ ចង់គៀរគរឆ្ពោះទៅរកការជួបប្រជុំ ដើម្បីរបស់ដែលហៅថា ដំណោះស្រាយនយោបាយនោះ តទៅទៀតទៅមិនមានលទ្ធភាព ជាដាច់ខាត” ។

ជាមួយគ្នានេះដែរ លោក សុខ ឥសាន បន្ថែមថា គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចតេជោ មានបេសកកម្មច្បាស់លាស់ ក្នុងការចូលរួមជាផ្លូវការ ក្នុងមហាសន្និបាត UN ដែលជាតំណាងស្របច្បាប់ នៃប្រជាជាតិកម្ពុជា។ ក្រៅពីនេះ អាចនឹងមានកម្មវិធី ជួបសំណេះសំណាល សួរសុខទុក្ខពលរដ្ឋខ្មែរ នៅក្រៅប្រទេស តាមទម្លាប់នៃបេសកកម្ម របស់ថ្នាក់ដឹកនាំកម្ពុជាកន្លងទៅ ។

លោកអះអាងថា លោក សម រង្ស៊ី គ្មានឋានៈតួនាទីអ្វី ត្រូវអនុញ្ញាតឲ្យចូល ជួបសម្ដេចតេជោឡើយ ហើយក៏គ្មានភាពចាំបាច់ ណាត្រូវពិភាក្សាដែលហៅថា ដំណោះស្រាយ នយោបាយដែរ ពីព្រោះនៅកម្ពុជា គ្មានវិបត្តិនយោបាយនោះទេ៕

ដោយ អេង ប៊ូឆេង

Facebook Comments

To Top