សន្តិសុខ និង សង្គម

អភិបាលខេត្តកំពតចែកស្រូវពូជ ជូនពលរដ្ឋជាង ៦០០គ្រួសារ ដែលរងគ្រោះដោយសារ ជំនន់ទឹកភ្លៀង

កំពត៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះបានដឹកនាំមន្ត្រីរាជការ និងកងកម្លាំង ពាក់ព័ន្ធក្រោមឱវាទ ចុះចែកស្រូវពូជជូនពលរដ្ឋដែល រងផលប៉ះពាល់ដំណាំស្រូវក្នុងជំនន់ទឹកភ្លៀងកន្លងមក ប្រមាណជាង៦០០គ្រួសារ មកពីស្រុកទឹកឈូ ស្រុកកំពង់ត្រាច និងស្រុកដងទង់ដើម្បី​យកទៅ បង្កបង្កើនផល ឡើងវិញ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ជាវ តាយ បានថ្លែងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពី សំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកចូលរួម ទទួលស្រូវពូជក្រោយរងនូវផល ប៉ះពាល់ខូចខាតដំណាំស្រូវ និងដំណាំផ្សេងៗ ក្នុងស្ថានភាពគ្រោះ ជំនន់ទឹកភ្លៀង ថ្មីៗកន្លងមក។

លោកអភិបាលខេត្តថ្លែងបន្តថា ប្រមុខរាជរដ្ឋាភិបាល ​គឺ​ សម្តេច ​តេ​ជោ ​ហ៊ុន សែន ​តែងតែ ​មានការខ្វល់ខ្វាយ ​ពី​សុខទុក្ខ​ របស់​ បងប្អូន ​ពលរដ្ឋ​ជានិច្ច​ ជាពិសេស ​ក្នុង​គ្រោះ ទឹកជំនន់​ កន្លងទៅ ​សម្តេចបាន​បញ្ជា​អោយ ​អាជ្ញាធរ ​គ្រប់លំដាប់​ថ្នាក់​ រួម​នឹងកងកម្លាំង​ទាំង៣​ប្រភេទ ត្រូវ​ត្រៀម លក្ខណៈ ​គ្រប់ពេលវេលា ​ដើម្បី​ជួយ សង្គ្រោះ​ ដល់ ប្រជាជន។

លោកអភិបាលខេត្ត​ ក៏បា​ន​សំណូមពរ​ អោយ​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ ស្រូវពូជ ​នៅពេលនេះ ​ត្រូវ​ប្រញាប់ ប្រញាល់ យកទៅ​សាបព្រោះឡើងវិញ​ហើយ​ត្រូវតែ​ខិតខំ​ដាំ​ដំណាំ​ រួមផ្សំ​ផ្សេង​ៗ ដើម្បី​លើក ​កំពស់​ជីវភាព​គ្រួសារ ​អោយបាន​ប្រសើរឡើង​។

តាមរបាយការណ៍ លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានឲ្យដឹងថា ស្រូវពូជដែល នាំយក មកចែកជូនប្រជាពលរដ្ឋ ជាប្រភេទស្រូវសែនក្រអូប សរុប ១៦តោនសម្រាប់៦១៩គ្រួសារ។គ្រួសារនីមួយៗ ទទួលបាន ប្រមាណ២៥គីឡូក្រាម លើផ្ទៃដីដែលខូចខាតផ្នែកដំណាំស្រូវ ចំនួន ២២៥ហិកតា ក្នុង ៥ឃុំ មកពីស្រុកទឹកឈូ ស្រុកកំពង់ត្រាច និងស្រុកដងទង់៕ ដោយៈ វ៉ាន់ ឌឿន

To Top