ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់៖ ការរៀបចំនយោបាយសន្តិសុខ និងការពារជាតិ ត្រូវឈរលើគោលការណ៍ នៃការរក្សាផលប្រយោជន៍ ប្រជាជនជាអទិភាព

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ការរៀបចំនយោបាយសន្តិសុខ និងការពារជាតិ ត្រូវឈរលើគោលការណ៍ នៃការរក្សាផលប្រយោជន៍ ប្រជាជនជាអទិភាព ។

ការលើកឡើងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បែបនេះ បានធ្វើឡើងតាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ជាមួយគ្នានេះដែរសម្តេចពិជ័យសេនា បានមានប្រសាសន៍បន្ថែមថា “តួនាទីរបស់កងទ័ព ពិតជាមានសារៈសំខាន់បំផុតដល់ការថែរក្សាសន្តិភាព និងសណ្តាប់ធ្នាប់សង្គម ជាពិសេស ក្នុងគ្រាដែលប្រទេសជាតិប្រឈមជាមួយគ្រោះមហន្តរាយផ្សេងៗ”។

បើតាមសម្តេចឧបនាយករដ្ឋមន្ត្រី តាមរយៈសន្តិភាព កម្ពុជាមានលទ្ធភាពអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ កាន់តែមានភាពងាយស្រួល និងសំបូរសប្បាយខ្លាំងឡើង។ ពួកគាត់រស់នៅដោយ គ្មានការភ័យខ្លាច មានអាហារទទួលទានគ្រប់គ្រាន់ មានជម្រកស្នាក់នៅសមរម្យ មានឱកាសទទួលបានការអប់រំ មានសិទ្ធិប្រតិបត្តិជំនឿសាសនា មានលទ្ធភាពចូលរួមសកម្មភាព សង្គមផ្សេងៗ និងអាចធ្វើដំណើរកំសាន្ត ក្នុងឱកាសពិធីបុណ្យនានា ទាំងក្នុងនិងក្រៅប្រទេស ៕

ដោយ៖ស៊ាន កុសល

Facebook Comments

To Top