នយោបាយ

សម្តេចតេជោ សង្ឃឹមថាបក្សនយោបាយ នានានឹងសម្ដែងការ សាទរចំពោះកីឡាករ-កីឡាការិនីទទួល បានមេដាយ ទោះបីក្រុមប្រឆាំង មិនអបអរក្ដី

ភ្នំពេញ៖ ក្រោយពីវីរកីឡាករ វីរកីឡាការិនី កម្ពុជាពីររូប ទទួលបានជ័យលាភី មេដាយមាស២គ្រឿង ក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅឥណ្ឌូនេស៊ី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញក្តីសង្ឃឹម យ៉ាងមុតមាំថាគណបក្សនយោបាយ នានានឹងសម្តែងការ អបអរសាទរចំពោះជ័យលាភី ដែលបានខិតខំប្រកួតដណ្ដើម បានមេដាយមាស លើកស្ទួយកិត្តិយស ប្រទេសជាតិ ខណៈអតីតបក្សប្រឆាំងមិនដែល អបអរសាទរសូម្បីតែម្ដង។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកីឡាករ កីឡាការិនី ជ័យលាភីមេដាយមាស និងប្រតិភូកីឡា ដែលបានចូលរួមក្នុងការ ប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅឥណ្ឌូនេស៊ី នាល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំសង្ឃឹមថាបក្សនយោបាយ នានា មិនគួរនឹងធ្វើការរើសអើងគ្រានតែ ត្រឹមពាក្យអបអរសាទរ សម្រាប់ជ័យលាភីម្នាក់ ជ័យលាភីទទួលមេដាយមាសសម្រាប់ជាតិ​របស់ខ្លួននោះទេ ខ្ញុំសង្ឃឹមយ៉ាងដូច្នេះទៅចុះ”។

សម្ដេចបន្តថា “ប៉ុន្តែពីអតីតកាលមិនឮសូរ បក្សប្រឆាំងណា ដែលគេអបអរសាទរបែបនេះទេ ព្រោះការអបអរសាទរទៅ វាស្មើនឹងតម្លៃលើកចំពោះ ​​រដ្ឋាភិបាលហ៊ុន សែន ក៏ប៉ុន្តែបញ្ហានេះមិនមែនជាបញ្ហា ដាច់ដោយឡែក របស់ខ្ញុំទេតែជាបញ្ហារួម របស់ប្រទេសជាតិរបស់យើង។ សូម្បីតែព្រះមហាក្សត្រ ជាទីសក្ការៈរបស់យើង ព្រះអង្គទ្រង់ជ្រាបពី រឿងនេះ ព្រះអង្គក៏អបអរសាទរ ចំពោះរឿងនេះ សម្ដេចម៉ែ ព្រះវររាជបិតា​ជាតិខ្មែររបស់យើង នៅពេលដែលទ្រង់ជ្រាបពីរឿងនេះ ព្រះអង្គក៏សប្បាយ ព្រះទ័យទៅលើរឿងនេះដែរ”។

សម្ដេចបានសម្ដែងក្ដីសង្ឃឹមថា ជាតិខ្មែរទាំងមូល នឹងទទួលបានកិត្តិយស តាមរយៈការប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីរបស់យើង ហើយជាមួយមេដាយ ដែលកម្ពុជាទទួលបានគឺធ្វើឲ្យកិត្តិយសជាតិត្រូវបានលើកតម្កើននិង តាមរយៈការផ្ដែផ្ដាំរាល់ពេលមុនចេញប្រកួត ត្រូវគោរពតាមច្បាប់នៃការប្រកួតរបស់ ​គណៈកម្មការកីឡា ពិសេសគឺត្រូវតែចៀសវាង ការប្រើប្រាស់ សារធាតុលើកកម្លាំង ឬសារធាតុញៀនជាដើម ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងប៉ះពាល់ដល់កិត្តិយសជាតិ។

សម្តេចបន្ថែមថា ការដណ្តើមបានមេដាយមាស របស់កីឡាករ សាលី អ៊ូមើត និងកញ្ញា ខាន់ ចេសាពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើក ទី១៨នៅប្រទេស ឥណ្ឌូនេស៊ី នាពេលនេះ គឺជាការបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជាក្នុងរយៈពេល ៦៤ឆ្នាំ​ ចាប់តាំងពីបានចូលរួមប្រកួតកីឡា ប្រចាំទ្វីបអាស៊ីមួយនេះ នាឆ្នាំ១៩៥៤។

គួរបញ្ជាក់ថា ការប្រកួតកីឡាអាស៊ី បានចាប់ផ្តើមធ្វើឡើងពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២ខែកញ្ញា ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ កម្ពុជាបានបញ្ជូនកីឡា ១៣ប្រភេទទៅចូលរួមប្រកួត។ ក្នុងចំណោមប្រភេទកីឡាទាំង ១៣ប្រភេទនេះ កម្ពុជាដណ្ដើមបានមេដាយមាស២ និងសំរឹទ្ធ១ លើប្រភេទកីឡាម៉ូតូទឹក ដោយកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស១និងសំរឹទ្ធ១ និង កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាស១ លើវិញ្ញាសាកីឡាជឺជិតស៊ូ៕ដោយ ៖ ញ៉ិល សុខសាន

Facebook Comments

To Top