X

សមាគមលក់ឱសថ ព្រមានចាត់ការ អ្នកចែកចាយឱសថ និងគ្រឿងសំអាង ការតាមបណ្តាញសង្គម

ភ្នំពេញ៖ សមាគមអ្នកលក់ឱសថកម្ពុជា បានព្រមាន និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកចែកចាយឱសថ និងគ្រឿងសំអាង ដែលគ្មានច្បាប់អនុញ្ញាត តាមបណ្តាញសង្គមហ្វេសប៊ុក ។

លោក ឡី សុភាព ប្រធានសមាគម អ្នកលក់ឱសថកម្ពុជា និងជាប្រធានសហព័ន្ធវិនិយោគិន ក្នុងពិធីផ្សព្វផ្សាយច្បាប់ និងការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងវិស័យសុខាភិបាល កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ បានអំពាវនាវដល់ម្ចាស់ ឱសថស្ថានទាំងអស់ ពិសេសអ្នកផ្សព្វផ្សាយ លក់នៅតាមបណ្តាញសង្គម ឬឡាយ ត្រូវមើលច្បាប់ ឲ្យបានដឹងជាមុនសិន កុំចេះតែហ៊ានឡាយ។

លោកបញ្ជាក់ថា “ខ្ញុំសូមអំពាវនាវដល់បងប្អូនយើង ធ្វើការផ្សព្វផ្សាយ ទំនិញតាមហ្វេសប៊ុក ឬឡាយ សូមពិនិត្យមើលបទស្ថានគតិយុត្តសិន កុំចេះតែទុកចិត្ត លើក្រុមហ៊ុនដែលធ្វើឲ្យលក់។ ជួលកាលវាមក បោកយើង វាចេញទៅវិញបាត់ (ទូកទៅកំពង់នៅ) ខាងក្រុមហ៊ុន វាប្រមូលលុយទៅបាត់ ចំណែកយើង ជាអ្នកចែកចាយ ជាអ្នកទទួលខុសត្រូវ ចំពោះមុខច្បាប់” ។

លោក ឡី សុភាព ក៏បានឲ្យដឹងទៀតថា សមាគមរបស់លោកនឹងបង្កើត ក្រុមការងារមួយ ដើម្បីតាមដានចំពោះ អ្នកធ្វើការចែកចាយ ផលិតផលតាមអនឡាញផងដែរ។ លោកថា នឹងធ្វើការតាមផ្លូវច្បាប់ ដោយមានសហការជាមួយ អគ្គស្នងការងារ នគបាលជាតិ ចាត់វិធានការចំពោះអ្នកដែលធ្វើការ ចែកចាយផលិតផល ដែលគ្មានច្បាប់អនុញ្ញាត របស់ក្លែងក្លាយ ឬខូចគុណភាព។

លោកក៏បានឲ្យដឹងទៀតថា ការផ្សព្វផ្សាយច្បាប់នេះ ដើម្បីឲ្យបានយល់ដឹងពីអង្គច្បាប់ ពាក់ព័ន្ធនឹងផ្នែកទណ្ឌសាស្ត្រ ដែលកិច្ចការទាំងអស់ ពាក់ព័ន្ធអាយុជីវិតរបស់ពលរដ្ឋ។ ការផ្សព្វផ្សាយនេះ បានផ្តល់សំខាន់លើឱសថ អាហារបំប៉ន់ បែបចំណីអាហារ និងគ្រឿងសំអាងការ។

លោក ង៉ែត វ៉ាន់ថូក ប្រធានសេវនាឯកជន នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងដែរថា ក្រសួងសុខាភិបាល និងអគ្គស្នងការនគបាលជាតិ ព្រមទាំងភាគីពាក់ព័ន្ធ នឹងចាត់វិធានការ ចំពោះអ្នកផ្សព្វផ្សាយ ចែកចាយឱសថគ្មានច្បាប់អនុញ្ញាត ពិសេសគ្រឿងសំអាង លើបណ្តាញសង្គម។

លោកថា បច្ចុប្បន្នមានឱសថស្ថានជាច្រើនបានបើកលក់ឱសថ ដោយសារតែសេដ្ឋកិច្ចនៅក្នុងប្រទេសមានភាពល្អប្រសើរ ទើបធ្វើឲ្យអ្នករកស៊ីទាំងក្នុងស្រុក និងក្រៅស្រុក មករកស៊ីច្រើន។

លោកបញ្ជាក់ថា “ចំនួនដ៏ច្រើន នៃអ្នកករស៊ីផ្នែកឱសថ ចាំបាច់ណាស់ ត្រូវមានការសុំច្បាប់អនុញ្ញាត ពីរាជរដ្ឋាភិបាលជាមុនសិន ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រង ពិសេស កន្លែងដែលផ្តល់ឲ្យ គឺនៅច្រកចេញចូលតែមួយតែម្តង”។

លោកក៏បានអះអាងថា សព្វថ្ងៃបញ្ហាប្រឈមបានកើតឡើង ចំពោះឱសថមួយចំនួន ប៉ុន្តែអ្វីដែលខ្លាំងនោះ គ្រឿងសំអាង ដែលបានកំពុងផ្សព្វផ្សាយ នៅបណ្តាញសង្គម គ្មានប្រភពច្បាស់លាស់ និងគ្មានច្បាប់អនុញ្ញាតនោះ ក្រសួងពាក់ព័ន្ធ នឹងរឹងបន្តឹងចាត់វិធានការ ដើម្បីកុំឲ្យខូចកិត្តិយសជាតិ។

ចំណែកលោកឧត្តមសេនីយ៍ទោ ជា ប៊ុកថុល អនុប្រធាននាយកដ្ឋាន កណ្តាលនគបាល យុត្តិធម៌ នៃអគ្គស្នងការ នគបាលជាតិ បានថ្លែងថា ក្រសួងមហាផ្ទៃ នឹងធ្វើវិធានរដ្ឋបាល ដោយទី១.ចេញលិខិត ទៅក្រសួងសុខាភិបាល ទី២. សុំការសហការជាមួយអាជ្ញាធរ ក្នុងការផ្សព្វផ្សាយ ពីបញ្ហាទប់ស្កាត់ការលក់ឱសថ និងគ្រឿងសំអាងការ និងទី៣.ត្រួតពិនិត្យ ទីតាំងទាំងឡាយ ដែលធ្វើការចែកចាយតែម្តង៕

 

 

 

ដោយ ស សំណាង

Facebook Comments