X

លោក សុខ ឥសាន ឆ្លេីយតបចំពោះ បាតុកម្មនៅប្រទេស បារាំងប្រឆាំង នឹងប្រទេសកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកហេតុផល៥ចំណុច ដើម្បីឆ្លើយតប ចំពោះក្រុមប្រឆាំង នឹងរាជរដ្ឋាភិបាល ដែលធ្វើបាតុកម្មនៅប្រទេសបារាំង​​ ប្រឆាំងនឹងប្រទេសកម្ពុជា ។

ការបកស្រាយឆ្លើយតប របស់លោក សុខ ឥសាន នេះបានធ្វើឡើង តាមរយៈបណ្តាញទំនាក់ទំនង Telegram នៅយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ។

លោក សុខ ឥសាន បានបកស្រាយថា ទី១- ការប្រឆាំងនឹងការបោះឆ្នោត នៅកម្ពុជា ថាក្លែងក្លាយនោះ ជាការមិនពិតទាល់តែសោះ ពីព្រោះការបោះឆ្នោតកាលពីថ្ងៃទី ២៩ ខែ កក្កដា ២៨ គឺជាការបោះឆ្នោតពិតៗ សម្តែងឆន្ទៈដោយប្រជាជន កម្ពុជាជាង៨៣ ភរ ។ ប្រជាជនកម្ពុជា នៅទូទាំងប្រទេស ជាអ្នកបោះឆ្នោតពិតប្រាកដ ជាអ្នកកំណត់ជោគវាសនា អនាគតរបស់កម្ពុជា ។ ទី២- លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បាននិងកំពុងតែរឹងមាំ និង និរន្តរភាពមាន រីកចម្រេីន មិនមែនដេីរថយក្រោយដូចក្រុបាតុករនិយាយនោះទេ ។

លោក សុខ ឥសាន បានឆ្លើយតបបន្ថែមថា ទី៣- ស្មារតី កិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅតែស្ថិតស្ថេរ និងមាននិរន្តរភាព តទៅអនាគតដ៏ភ្លឺស្វាង ។ ទី៤- ការទាមទារឲ្យមានការបោះឆ្នោតឡេីងវិញ មិនអាចមានឡេីយ ។ ការបោះឆ្នោតបានប្រព្រឺត្តទៅដោយប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធ៌ម រួចហេីយអាចជាគំរូបណ្តាប្រទេសទៀតផង ។ និងទី៥- ការទាមទារឲ្យសម្តេចតេជោ ចុះចេញពីតំណែង កាន់តែមិនអាចទៅរួចឡេីយ ពីព្រោះ សម្តេចតេជោ គឺជាបេក្ខភាពនាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី ដោយប្រជាជនកម្ពុជាជាង៨៣ ភរ នៅក្នុងប្រទេស ទៅបោះឆ្នោត មិនមែនដោយសារប្រជាជននៅក្រៅប្រទេសទេ ។

បើតាមអ្នកនាំពាក្យគណបក្សកាន់អំណាច ដូច្នេះ ការធ្វេីបាតុកម្មនៅប្រទេសបារាំង ដែលមិនផ្សារភ្ជាប់នឹងសភាពការណ៏ពិតនៅកម្ព្ជជា មិនអាចទទួលយកបានជាដាច់ខាត ៕ ស៊ាន កុសល

Facebook Comments