សន្តិសុខ និង សង្គម

លោក ម៉ឹង ពន្លក៖ មុខរបរអ្វីក៏ដោយ ឲ្យតែចេញពីកម្លាំង ញើសឈាមរបស់យើង នោះវាគឺជាសេចក្តីថ្លៃថ្នូរ របស់មនុស្សយើង

ភ្នំពេញ៖ លោក ម៉ឹង ពន្លក ប្រធានសមាគម ចលនាយុវជនកម្ពុជា ក្រុម១៥៧ ជាការជំរុញទឹកចិត្ត និងជាការកោតសរសើរ ដល់អ្នកដែលតស៊ូ ប្រកបរបរចិញ្ចឹមជីវិត ដោយសុច្ចរិត បានលើកឡើងថា មុខរបរអ្វីក៏ដោយ ឲ្យតែចេញពីកម្លាំងញើសឈាម នោះវាគឺជាសេចក្តីថ្លៃថ្នូររបស់មនុស្ស ហើយអ្វីដែលត្រូវចៀសឲ្យឆ្ងាយនោះ គឺការដើរឆបោក លួច ឆក់ ប្លន់។

ការលើកឡើងរបស់លោក ម៉ឹង ពន្លក បែបនេះ គឺធ្វើឡើងតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨។

លោក ម៉ឹង ពន្លក បានមានប្រសាសន៍ថា “ចេះដប់មិនប្រសប់មួយ ចេះអ្វីមួយចេះអោយប្រាកដប្រជា។ មុខរបរអ្វីក៏ដោយអោយតែចេញពីកំលាំងញើសឈាមរបស់យើង នោះវាគឺសេចក្តីថ្លៃថ្នូររបស់មនុស្សយើង ដូច្នេះសូមអ្នកទាំងឡាយកុំដើរឆបោក ឆក់ ប្លន់… នោះវាជាអំពើដ៏លាមកដែលសង្គមគេស្អប់ខ្ពើម”។

ជាមួយគ្នានោះដែរ លោក ម៉ឹង ពន្លក ក៏អំពាវនាវ សូមកុំប្រើអំណាចរបស់ខ្លួន ដែលបានមកពីប្រជារាស្ត្រទុកចិត្តយើង ហើយបែរជាយើងយកអំណាចនោះ បែរមកជាជិះជាន់ គំរាមកំហែងប្រជា រាស្ត្រស្លូតត្រង់ ត្រូវយកតួនាទី ភារៈកិច្ចរបស់យើង គ្រប់គ្នាជាមន្ត្រីរាជការ ទៅបំរើរាស្ត្រទើបជាមន្ត្រីល្អ ហើយរាស្ត្រនិងគោរព ស្រឡាញ់ នឹងគាំទ្រយើង៕

ដោយ៖ស៊ាន កុសល

Facebook Comments

To Top