អន្តរជាតិ

យោធាជប៉ុន ស្វះស្វែងឲ្យមានការចំណាយខ្ពស់ ដើម្បីពង្រឹងកិច្ចការពារ​​ មីស៊ីលកូរ៉េខាងជើង

បរទេស៖ យោធាជប៉ុន តាមសេចក្តីរាយការណ៍ ចង់ឲ្យបង្កើនការចំណាយខ្ពស់នៅឆ្នាំក្រោយ ដើម្បីជួយបង់ថ្លៃសម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធការពារ ចម្បងៗ ដែលគេរចនាឡើងដើម្បីបាញ់ទម្លាក់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដែលទីក្រុងតូក្យូមើលឃើញថា ជាការគម្រាមកំហែងនៅតែបន្តមួយ បើទោះជាទីក្រុងព្យុងយ៉ាង បានសន្យាបោះបង់អាវុធនុយក្លេអ៊ែហើយក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ បានរាយការណ៍ថា សំណើកញ្ចប់ថវិការបស់ក្រសួងការពារជាតិ ដែលចេញនៅថ្ងៃសុក្រនេះ ស្នើសុំបង្កើនការចំណាយលើការពារជាតិ ឲ្យឡើងដល់២,១ភាគរយ ស្នើនឹងទឹកប្រាក់៥,៣សែនកោដិ (៤៨ពាន់លានដុល្លារ) សម្រាប់ឆ្នាំដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា។

ប្រសិនបើត្រូវបានអនុម័តយល់ព្រម វានឹងជាការបង្កើនការចំណាយការពារជាតិ៧ឆ្នាំតជាប់គ្នា ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ស៊ិនហ្ស៊ូ អាបេ ធ្វើការពង្រឹងយោធាជប៉ុន ដើម្បីឆ្លើយតបនឹងការវាយប្រហារមីស៊ីលកូរ៉េខាងជើងណាមួយនិងដើម្បីទប់ទល់កំណើនអំណាចដែនអាកាសនិង ដែនសមុទ្ររបស់ប្រទេសចិន ក្នុងដែនទឹកស្ថិតនៅជុំវិញប្រទេសជប៉ុន៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top